(ភ្នំពេញ)៖ លោក កើត រិទ្ធ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ បានថ្លែងថា រាល់ការវិសោធនកម្មរដ្ឋធម្មនុញ្ញ គឺដើម្បីបំពេញចន្លោះខ្វះខាតរបស់រដ្ឋធម្មនុញ្ញ និងដើម្បីធានាការពារនូវឧត្តមប្រយោជន៍របស់ជាតិទាំងមូល។
ក្នុងសន្និសីទសារព័ត៌មាន បំភ្លឺលើសេចក្តីព្រាងច្បាប់ធម្មនុញ្ញ ស្តីពីវិសោធនកម្មមាត្រាចំនួន៨ នៃរដ្ឋធម្មនុញ្ញ និងច្បាប់ធម្មនុញ្ញ នារសៀលថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២២ លោក កើត រិទ្ធ បានបញ្ជាក់យ៉ាងដូច្នេះថា «វិសោធនកម្មទាំងឡាយ រាប់ទាំងវិសោធនកម្មលើកទី១ ដល់លើកទី៩ គ្មានអ្វីក្រៅពីការធ្វើឡើង ដើម្បី៖ ទី១ បំពេញចន្លោះខ្វះខាតរដ្ឋធម្មនុញ្ញ និងទី២ ដើម្បីធានាការពារនូវឧត្តមប្រយោជន៍របស់ជាតិ»។
លោកបន្តថា ការធានាឧត្តមប្រយោជន៍របស់ជាតិ គឺមានការងារ២ រួមមាន៖
* ទី១៖ ធានាឲ្យស្ថាប័នទាំងអស់ មានកិច្ចដំណើរការទៅបានល្អប្រសើរ ប្រកបដោយនិរន្តរភាព គ្មានការជាប់គាំង ដើម្បីអាចបំពេញបេសកកម្ម ក្នុងការងារជួយសង្គម តាមការកំណត់របស់ច្បាប់
* និងទី២៖ ដើម្បីធានាថាកិច្ចដំណើរការប្រព្រឹត្តទៅតាមរបបប្រជាធិបតេយ្យ សេរីពហុបក្ស តាមរបបសភានិយម ឬរបបរាជានិយម អាស្រ័យរដ្ឋធម្មនុញ្ញ គឺត្រូវធានាឲ្យបាននូវសន្តិភាព ស្ថិរភាព និរន្តរភាពរបស់ជាតិ និងសេចក្តីសុខសាន្តរបស់ប្រជាជនកម្ពុជា។
រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ ក៏បានចាត់អ្នកដែលរិះគន់ថា ការវិសោធនកម្មរដ្ឋធម្មនុញ្ញ ជារឿងមិនត្រឹមត្រូវនោះ គឺជាជនអគតិ។
សូមជម្រាបថា ក្រុមប្រឹក្សាធម្មនុញ្ញ កាលពីថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២២ បានបើកកិច្ចប្រជុំ ពិនិត្យទៅលើសេចក្តីព្រាងច្បាប់ធម្មនុញ្ញ ស្តីពីការស្នើសុំធ្វើវិសោធនកម្មមាត្រា១៩ ថ្មី(មួយ) មាត្រា៨៩ មាត្រា៩៨ថ្មី មាត្រា ១០២ថ្មី មាត្រា១១៩ថ្មី (មួយ) និងមាត្រា១២៥ ថ្មី នៃរដ្ឋធម្មនុញ្ញ និងមាត្រា ៣ថ្មី និងមាត្រា ៤ថ្មី នៃច្បាប់ធម្មនុញ្ញ ដើម្បីរៀបចំសេចក្តីក្រាបបង្គំទូលថ្វាយមតិថ្វាយ ព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត។
ក្រោយប្រជុំពិនិត្យពិច័យយ៉ាងល្អិតល្អន់រួចទៅ សមាជិកក្រុមប្រឹក្សាធម្មនុញ្ញទាំង៩សំឡេង បានសម្រេចជាឯកច្ឆ័ន្ទទូលថ្វាយមតិព្រះករុណាជាអម្ចាស់ជីវិតលើត្បូងថា សេចក្តីព្រាងច្បាប់ស្តីពីពីការធ្វើវិសោធនកម្មមាត្រាទាំង៨ខាងលើនេះ គឺអាចធ្វើទៅបាន ហើយពុំមានអ្វីប៉ះពាល់ដល់ប្រព័ន្ធប្រជាធិបតេយ្យ សេរីពហុបក្ស និងរបបរាជានិយមអាស្រ័យដោយរដ្ឋធម្មនុញ្ញឡើយ ព្រមទាំងធ្វើឡើងនៅពេលប្រទេសជាតិ មិនឋិតក្នុងភាពអាសន្ននោះឡើយ។
រដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា ដែលត្រូវបានប្រកាសឱ្យប្រើកាលពីថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ១៩៩៣ ត្រូវបានធ្វើវិសោធនកម្មជាបន្តបន្ទាប់ រាប់ទាំងពេលនេះផង គឺចំនួន ១០លើកហើយ៕