(ពោធិ៍សាត់)៖ ស្ថានភាពទឹកស្ទឹងពោធិ៍សាត់ គិតត្រឹមម៉ោង០៥ និង០០ល្ងាចនេះ មានកម្ពស់៥.២៥ម៉ែត្រ (កម្ពស់ប្រកាសអាសន្ន០៥ម៉ែត្រ), ស្ទឹងក្រវាញ មានកម្ពស់៤.១៩ម៉ែត្រ (កម្ពស់ប្រកាសអាសន្ន០៦ម) និងស្ទឹងវាលវែង មានកម្ពស់១.៨០ម៉ែត្រ (កម្ពស់ប្រកាសអាសន្ន០៩ម៉ែត្រ) អាជ្ញាធរបានប្រកាសអំពាវនាវដល់ប្រជាពលរដ្ឋដែលរស់នៅតាមមាត់ស្ទឹង សូមបង្កើនការប្រុងប្រយ័ត្ន។
បើតាមសេចក្តីរាយការណ៍ពីខេត្តពោធិ៍សាត់ បានបញ្ជាក់ថា សម្រាប់ទីក្រុងពោធិ៍សាត់ រហូតមកពេលនេះ គឺដល់ពេលប្រកាសអាសន្នហើយ ដោយសារតែស្ថានទឹកស្ទឹងឡើងដល់កម្ពស់ជាង៥ម៉ែត្រ ដូច្នេះ សូមអាជ្ញាធរទាំងអស់ផ្សព្វផ្សាយពីស្ថានភាពទឹកជំនន់ទឹកភ្លៀងជូនដល់ប្រជាពលរដ្ឋរស់នៅតាមបណ្តោយមាត់ស្ទឹង ក៏ដូចជាប្រជាពលរដ្ឋរស់នៅក្នុងក្រុងពោធិ៍សាត់ មេត្តាប្រុងប្រយ័ត្ន ដើម្បីបង្ការការពារពីគ្រោះទឹកជំនន់នេះ។
បន្ថែមពីនេះ សម្រាប់ស្ថានភាពទឹកនៅស្រុកភ្នំក្រវាញ គឺស្រកតែ១តឹកនោះទេ ដូច្នេះ យប់ទឹកអាចធ្លាក់មកច្រើន អញ្ចឹងសូមចូលរួមក្នុងការត្រៀមបង្ការខ្លួនពីគ្រោះទឹកជំនន់នេះ។
ការតាមដានអាកាសធាតុរបស់ក្រសួងធនធានទឹក និងឧតុនិយមកន្លងមក ឃើញថាកម្ពុជា បាននឹងកំពុងទទួលឥទ្ធិពលជាបន្តបន្ទាប់ចាប់ពីថ្ងៃទី១៥ ដល់១៩ ខែ កក្កដា ឆ្នាំ២០២២ ឥទ្ធិពលពីជ្រលងសម្ពាធទាបឥណ្ឌា និងខ្យល់មូសុងក្នុងកម្រិតពីខ្សោយទៅមធ្យម។ តាមស្ថានភាពអាកាសធាតុនេះ បណ្តាលឱ្យមានភ្លៀងធ្លាក់ពីតំបន់ជួរភ្នំក្រវាញ ស្ទឹងអារ៉ៃ ស្ទឹងព្រៃខ្លុង និងស្ទឹងធំ មានកំរិតខ្ពស់មកលើដងស្ទឹងពោធិ៍សាត់។
យោងតាមស្ថានភាពអាកាសធាតុខាងលើ មន្ទីរធនធានទឹក និងឧតុនិយមខេត្ត សូមជម្រាបជូនដំណឹង ដល់អាជ្ញាធរក្រុង ស្រុក ឃុំ សង្កាត់ គ្រប់លំដាប់ថ្នាក់ និងប្រជាពលរដ្ឋទូទាំងខេត្តពោធិ៍សាត់ ពិសេសប្រជាពលរដ្ឋ រស់នៅតាមដងស្ទឹងពោធិ៍សាត់ និងស្ទឹងពាក់ព័ន្ធ សូមបង្កើនការយកចិត្តទុកដាក់ប្រុងប្រយ័ត្នខ្ពស់ ដើម្បីជៀសវាង នូវគ្រោះថ្នាក់ផ្សេងៗ ដែលអាចកើតមានឡើងដោយយថាហេតុ និងត្រៀមរកទីទួលសុវត្ថិភាព សម្រាប់ជន្លៀសប្រជាពលរដ្ឋដែលងាយរងគ្រោះ៕