(ភ្នំពេញ)៖ ក្នុងសន្និសីទសារព័ត៌មាន នារសៀលថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២២នេះ លោក កើត រិទ្ធ រដ្ឋមន្រ្តីក្រសួងយុត្តិធម៌ បានប្រតិកម្មចំពោះអ្នករិះគន់លើវិសោធនកម្មរដ្ឋធម្មនុញ្ញ កាលពីឆ្នាំមុន ដែលកំណត់សញ្ជាតិសម្រាប់ថ្នាក់ដឹកនាំកំពូលនៃស្ថាប័នជាតិទាំង៤។

លោករដ្ឋមន្រ្តី បានចាត់ទុកថា អ្នកដែលរិះគន់ថា ការធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញនេះជាការកែប្រែដ៏អាក្រក់នោះ គឺជាអ្នកដែលនិយាយមិនគិតពីប្រយោជន៍ខ្មែរឡើយ។

លោក កើត រិទ្ធ បានលើកឡើងដូច្នេះថា៖ «ខ្ញុំមិនដឹងថា គាត់និយាយក្នុងនាមជាខ្មែរ? សំដៅដល់ការការពារប្រយោជន៍ខ្មែរ ឬគាត់និយាយក្នុងនាមគាត់ជាបរទេស ឬជាភ្នាក់ងារមួយរបស់បរទេស ព្រោះគាត់លែងគិតពីខ្មែរ»

លោកបន្តថា៖ «យើងលើកពីមោទនភាពជាតិខ្មែរ ឱ្យអ្នកនយោបាយគាត់បន្សុទ្ធខ្លួនតាមរយៈគោលការណ៍បែបនេះ ទាក់ទងជាមួយថ្នាក់ដឹកនាំ ដែលជាស្ថាប័នកំពូលដែលកាន់អំណាចរបស់ប្រទេស បែរជាចោទថា ជាវិសោធនកម្មមួយដែលអាក្រក់»

ច្បាប់ស្តីពីការកំណត់សញ្ជាតិខ្មែរតែមួយ សម្រាប់ប្រធានក្រុមប្រឹក្សាធម្មនុញ្ញ ប្រធានព្រឹទ្ធសភា ប្រធានរដ្ឋសភា និងនាយករដ្ឋមន្ត្រី ត្រូវបានព្រះមហាក្សត្រ ឡាយព្រះហស្ថលេខាដាក់ឱ្យប្រើប្រាស់ជាផ្លូវការកាលពីថ្ងៃទី០៣ ខែវិច្ឆិកា ឆ្នាំ២០២១។ ក្នុងច្បាប់នេះ រដ្ឋធម្មនុញ្ញ ត្រូវបានធ្វើវិសោធនកម្មមាត្រា ១៩ថ្មី មាត្រា ៨២ថ្មី មាត្រា១០៦ថ្មី(មួយ) មាត្រា១១៩ថ្មី និង មាត្រា១៣៧ថ្មី ខណៈដែលច្បាប់ធម្មនុញ្ញបន្ថែម ត្រូវបានកែប្រែនូវមាត្រា៣ និងមាត្រា៤ នៃច្បាប់ធម្មនុញ្ញបន្ថែម សំដៅធានានូវដំណើរការជាប្រក្រតីនៃស្ថាប័នជាតិ។

លោករដ្ឋមន្រ្តី កើត រិទ្ធ បានលើកឡើងបន្ថែមថា ក្រៅពីការកំណត់តំណែងនាយករដ្ឋមន្រ្តី ប្រធានរដ្ឋសភា ប្រធានព្រឹទ្ធសភា និងប្រធានក្រុមប្រឹក្សាធម្មនុញ្ញ មានសញ្ជាតិខ្មែរតែមួយ។ ច្បាប់កម្ពុជាក៏កំណត់ឱ្យប្រធានគ.ជ.ប និងសមាជិកគ.ជ.បសរុបទាំង៩រូប មានសញ្ជាតិខ្មែរតែមួយផងដែរ។

លោកលើកឡើងថា៖ «ការកំណត់ឱ្យគាត់មានសញ្ជាតិខ្មែរតែមួយតើមានអ្វីអាក្រក់សម្រាប់ឧត្តមប្រយោជន៍របស់ជាតិ សូមបញ្ជាក់ថា កាលណាយើងមានសញ្ជាតិពីរ យើងនៅក្រោមច្បាប់ទាំងពីរ ហើយច្បាប់ប្រទេសណាក៏ដោយ តែងដាក់កាតព្វកិច្ចថា ពលរដ្ឋនីមួយៗ ត្រូវមានកាតព្វកិច្ចស្នេហាជាតិរបស់គេ»

លោកបានចោទសួរថា បើតំណែងនាយករដ្ឋមន្រ្តី ដែលជាអ្នកកាន់អំណាចដឹកនាំរដ្ឋ បែរជាមានសញ្ជាតិពីរ តើគាត់នឹងបម្រើប្រយោជន៍ឱ្យប្រទេសណា។ លោកបានចោទសួរទៀតថា តើលើពិភពលោកនេះ មានប្រទេសណាដែលអនុញ្ញាតឱ្យថ្នាក់ដឹកនាំកំពូលមានសញ្ជាតិពីរបីនោះ?

សូមបញ្ជាក់ថា រដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា ដែលត្រូវបានប្រកាសឱ្យប្រើកាលពីថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ១៩៩៣ ត្រូវបានធ្វើវិសោធនកម្មជាបន្តបន្ទាប់ ចំនួន៩លើកហើយ។ ការធ្វើវិសោធនកម្មនេះ មានគោលបំណងធានាឱ្យបាននូវនិរន្តរភាពជាតិ ក៏ដូចជាធានានូវឧត្តមប្រយោជន៍ជាតិ និងប្រជាជនកម្ពុជា ក្នុងនោះមានដូចជា៖

* វិសោធនកម្មលើកទី១ ប្រកាសឱ្យប្រើដោយព្រះរាជក្រមចុះថ្ងៃទី១៤ ខែកក្កដា ឆ្នាំ១៩៩៤ ដើម្បីធ្វើប្រតិភូកម្មព្រះហស្តលេខាព្រះមហាក្សត្រជូនទៅប្រមុខរដ្ឋស្ដីទី

* វិសោធនកម្មលើកទី២ ប្រកាសឱ្យប្រើដោយព្រះរាជក្រមលេខ នស/រកម/០៣៩៩/០១ ចុះថ្ងៃទី៨ ខែមីនា ឆ្នាំ១៩៩៩ ដើម្បីបង្កើតស្ថាប័នព្រឹទ្ធសភា

* វិសោធនកម្មលើកទី៣ ប្រកាសឱ្យប្រើដោយព្រះរាជក្រមលេខ នស/រកម/០៧០១/១១ ចុះថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០០១ ដើម្បីថ្វាយព្រះរាជសិទ្ធិដល់ព្រះមហាក្សត្រក្នុងការបង្កើត និងប្រទានគ្រឿងឥស្សរិយយស ឬមេដាយជាតិ

* វិសោធនកម្មលើកទី៤ ប្រកាសឱ្យប្រើដោយព្រះរាជក្រមលេខ នស/រកម/០៦០៥/០១៨ ចុះថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០០៥ ដើម្បីកែសម្រួលកូរ៉ុមប្រជុំរបស់រដ្ឋសភា និងព្រឹទ្ធសភាដើម្បីសម្រួលដល់ដំណើរការរដ្ឋបាលរបស់ស្ថាប័នទាំងពីរ

* វិសោធនកម្មលើកទី៥ ប្រកាសឱ្យប្រើដោយព្រះរាជក្រមលេខ នស/រកម/០៣០៦/០០៦ ចុះថ្ងៃទី០៩ ខែមីនា ឆ្នាំ២០០៦ ដើម្បីកែសម្រួលនីតិវិធីបង្កើតក្បាលម៉ាស៊ីនដឹកនាំរដ្ឋសភា និងបង្កើតរាជរដ្ឋាភិបាល

* វិសោធនកម្មលើកទី៦ ប្រកាសឱ្យប្រើដោយព្រះរាជក្រមលេខ នស/រកម/០២០៨/០០៨ ចុះថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០០៨ ដើម្បីកែសម្រួលការគ្រប់គ្រងរដ្ឋបាលដែនដីនៃព្រះរាជាណាចក្រកម្ពុជា

* វិសោធនកម្មលើកទី៧ ប្រកាសឱ្យប្រើដោយព្រះរាជក្រមលេខ នស/រកម/១០១៤/០២២ ចុះថ្ងៃទី២៣ ខែតុលា ឆ្នាំ២០១៤ ដើម្បីផ្ដល់ឋានៈជាស្ថាប័នដែលមានចែងក្នុងរដ្ឋធម្មនុញ្ញដល់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត

* វិសោធនកម្មលើកទី៨ ប្រកាសឱ្យប្រើដោយព្រះរាជក្រមលេខ នស/រកម/០២១៨/០០២ ចុះថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០១៨ ដើម្បីលើកស្ទួយនូវតម្លៃជាតិខ្មែរក្នុងបុព្វហេតុការពារឯករាជ្យជាតិ អធិបតេយ្យជាតិ និងឯកភាពជាតិប្រឆាំងនឹងការជ្រៀតជ្រែកពីខាងក្រៅ

* វិសោធនកម្មលើកទី៩ ប្រកាសឱ្យប្រើប្រាស់កាលពីថ្ងៃទី០៣ ខែវិច្ឆិកា ឆ្នាំ២០២១ ដើម្បីធានាក្នុងគ្រប់កាលៈទេសៈនូវដំណើរការល្អប្រសើរនៃស្ថាប័នជាតិ ដោយគោរពទៅតាមគោលការណ៍ជាមូលដ្ឋាននៃលទ្ធិប្រជាធិបតេយ្យសេរីពហុបក្ស សមស្របតាមតំរូវការនៃភាពចាំបាច់៕