(ភ្នំពេញ)៖ នាយឧត្តមសេនីយ៍ ឥត សារ៉ាត់ អគ្គមេបញ្ជាការរង និងនាយសេនាធិការចម្រុះ នៃកងយោធពលខេមរភូមិន្ទ និងលោកជំទាវ ព្រមទាំងក្រុមគ្រួសារ បានផ្ញើសារលិខិតមួយជូន លោកស្រី អ៉ឹង កន្ថាផាវី រដ្ឋមន្ត្រីក្រសួងកិច្ចការនារី ព្រមទាំងក្រុមគ្រួសារ ចំពោះមរណភាពរបស់ ឯកឧត្តម អ៉ឹង គៀត ជាឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ ដែលត្រូវជាឪពុករបស់លោកស្រី។
នៅក្នុងសារលិខិតចូលរួមរំលែកទុក្ខ នាយឧត្តមសេនីយ៍ ឥត សារ៉ាត់ បានបញ្ជាក់ដូច្នេះថា៖ «យើងខ្ញុំមានសេចក្តីក្រៀមក្រំឥតឧបមាដោយទទួលដំណឹងថា ឯកឧត្តម អ៉ឹង គៀត ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា បានទទួលមរណភាពនៅថ្ងៃពុធ ១៥កើត ខែអាសាឍ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២២ វេលាម៉ោង១១:៥០នាទី ក្នុងជន្មាយុ៩៨ឆ្នាំ ដោយជរាពាធ»។
នាយឧត្តមសេនីយ៍បានបញ្ជាក់ទៀតថា ក្នុងវេលាប្រកបដោយទុក្ខក្រៀមក្រំនេះ យើងខ្ញុំទាំងអស់គ្នាសូមសម្តែងនូវការសោកស្តាយចំពោះការបាត់បង់ ឯកឧត្តម អ៉ឹង គៀត ដែលជាធនធានមនុស្សដ៏ឆ្នើម មួយរូបពោរពេញដោយចំណេះដឹង វិជ្ជាជីវៈ និងបទពិសោធន៍ដ៏ខ្ពង់ខ្ពស់។ ឯកឧត្តមបានលះបង់ កម្លាំងកាយ កម្លាំងចិត្ត និងបញ្ញាស្មារតីបម្រើប្រទេសជាតិជាច្រើនជំនាន់ ដើម្បីឧត្តមប្រយោជន៍ជាតិ សាសនា ព្រះមហាក្សត្រ។
យើងខ្ញុំសូមឧទ្ទិសបួងសួងដល់វត្ថុស័ក្តិសិទ្ធិក្នុងលោក និងតេជៈបារមីនៃព្រះពុទ្ធ ព្រះធម៌ ព្រះសង្ឃ តាមជួយបីបាច់ថែរក្សាដួងវិញ្ញាណក្ខន្ធឯកឧត្តម អ៉ឹង គៀត បានទៅកាន់សុគតិភពកុំបីឃ្លៀងឃ្លាតឡើយ៕