(ភ្នំពេញ)៖ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងជាប្រធានគណៈបញ្ជាការឯកភាពរាជធានីភ្នំពេញ បានជំរុញឱ្យគណៈបញ្ជាការឯកភាពខណ្ឌទាំង១៤ និងកម្លាំងមានសមត្ថកិច្ចទាំងអស់ ត្រូវរួមគ្នាធ្វើយ៉ាងណា រក្សាឱ្យបាននូវសន្តិសុខជូនប្រជាពលរដ្ឋ ព្រោះថា កិច្ចការងារ ការពារសន្តិសុខ សុវត្ថិភាពវាជាកិច្ចការងាររបស់អាជ្ញាធរ និងកងកម្លាំងចំណុះឱ្យគណៈបញ្ជាការឯកភាពត្រូវអនុវត្តឱ្យបានល្អ។
ការជំរុញបែបនេះរបស់លោក ឃួង ស្រេង បានធ្វើឡើងនារសៀលថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២២នេះ ក្នុងកិច្ចប្រជុំគណៈបញ្ជាការឯកភាពរាជធានីភ្នំពេញ នៅសាលារាជធានីភ្នំពេញ។
លោក ឃួង ស្រេង បានលើកឡើងថា៖ «ប្រធានគណៈបញ្ជាការឯកភាពខណ្ឌទាំង១៤ និងកម្លាំងមានសមត្ថកិច្ចទាំងអស់ ត្រូវដាក់ផែនការអោយបានច្បាស់លាស់ ក្នុងជួរគណៈបញ្ជាការឯកភាពខណ្ឌ ក្នុងការរក្សាសន្តិសុខ សុវត្ថិភាព ជូនប្រជាពលរដ្ឋ ពិសេសការដាក់កម្លាំងត្រួតពិនិត្យអាវុធជាតិផ្ទុះ នៅក្នុងមូលដ្ឋាន និងការដាក់កម្លាំងល្បាតនៅក្នុងតំបន់ ដែលយើងគិតថាស្មុគស្មាញ និងងាយរងគ្រោះ»។
បន្ថែមពីនេះ លោក ឃួង ស្រេង បានបញ្ជាក់ថា ក្នុងនាមអាជ្ញាធរ និងកងកម្លាំងសមត្ថកិច្ច ត្រូវគិតថា សេចក្តីសុខ សុវត្ថិភាពរបស់ប្រជាពលរដ្ឋ គឺជារឿងសំខាន់ដោយហេតុថា ទាំងអ្នកមាន អ្នកក្រ ពួកគាត់សុទ្ធតែត្រូវការសន្តិសុខដូចគ្នា។
លោក ឃួង ស្រេង ក៏បានជំរុញឱ្យអាជ្ញាធរខណ្ឌទាំង១៤ត្រូវការពារឱ្យបាននូវទ្រព្យសម្បត្តិសាធារណៈរបស់រដ្ឋ។ ប៉ុន្តែទោះបីជាយ៉ាងណាក្តីលោកក៏បានថ្លែងនូវការកោតសរសើរផងដែរ ចំពោះកងកម្លាំងទាំង២ភេទ ដែលបានបង្ក្រាបក្មេងទំនើងបានជាច្រើនករណីនាប៉ុន្មានថ្ងៃកន្លងមកនេះ។ ក្មេងទំនើងទាំងនេះ ភាគច្រើនជាសិស្សសាលា ដូច្នេះ លោកស្នើអោយអភិបាលខណ្ឌ និងមន្ទីរអប់រំយុវជន និងកីឡារាជធានីភ្នំពេញ ត្រូវសហការគ្នា មើលសិស្សដែលគេចសាលារៀនឱ្យបានម៉ឺងម៉ាត់ និងរកវិធីដើម្បីបង្ការទប់ស្កាត់ក្មេងទំនើងទាំងនេះឱ្យបាន។
ក្នុងកិច្ចប្រជុំនោះដែរ លោក ឃួង ស្រេង ក៏បានស្នើឱ្យអាជ្ញាធរខណ្ឌទាំងអស់ ត្រូវជំរុញប្រជាពលរដ្ឋឱ្យទៅទទួលវ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ដូសជំរុញឱ្យបានគ្រប់គ្នា ព្រោះថាជំងឺកូវីដ១៩ បានកំរើកឡើងវិញហើយ ដែលយើងត្រូវប្រុងប្រយ័ត្នទាំងអស់គ្នា។
លោក ឃួង ស្រេង ក៏បានកោតសរសើរចំពោះអាជ្ញាធរ និងកងកម្លាំងសមត្ថកិច្ចទាំងអស់ ដែលបានយកអស់កម្លាំងកាយចិត្ត ក្នុងកិច្ចការពារសន្តិសុខ សុវត្ថិភាព នៅពេលបោះឆ្នោតក្រុមប្រឹក្សាឃុំ សង្កាត់ នាពេលកន្លងមកនេះ ដែលបានធ្វើឱ្យដំណើរការនៃការបោះឆ្នោតនេះដំណើរការទៅដោយរលូន ជោគជ័យ និងគ្មានអំពើហិង្សា៕