(ភ្នំពេញ)៖ រដ្ឋាភិបាលសហរដ្ឋអាមេរិក បានប្រកាសផ្តល់ថវិកាជាង ៣៦០,០០០ដុល្លារ ដើម្បីគាំទ្រគម្រោងជួសជុលប្រាសាទព្រះវិហារ។ នេះបើតាមសេចក្តីប្រកាសព័ត៌មាន របស់ស្ថានទូតអាមេរិកប្រចាំកម្ពុជា។

ការប្រកាសនេះ ត្រូវបានធ្វើឡើងនាថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២២ នៅពេលដែលលោក Daniel J. Kritenbrink ឧបការីរដ្ឋមន្រ្តីក្រសួងការបរទេសសហរដ្ឋអាមេរិក ទទួលបន្ទុកកិច្ចការអាស៉ីបូព៌ា និងប៉ាស៉ីហ្វិក, លោក W. Patrick Murphy ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំប្រទេសកម្ពុជា និងលោកស្រីបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្រ្តីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈកម្ពុជា ចូលរួមពិធីអបអរការបញ្ជូនវត្ថុបុរាណ ដែលត្រូវបានលួចចេញ ចំនួន ២៧ដុំ ត្រឡប់មកកម្ពុជាវិញ នៅសារមន្ទីរជាតិកម្ពុជា។

សេចក្តីប្រកាសព័ត៌មានបានបញ្ជាក់យ៉ាងដូច្នេះថា «នៅក្នុងពិធីនោះ លោកឯកអគ្គរដ្ឋទូត Murphy បានប្រកាសពីអំណោយថវិកាថ្មីមួយរបស់រដ្ឋាភិបាលសហរដ្ឋអាមេរិក តាមរយៈមូលនិធិឯកអគ្គរដ្ឋទូតសម្រាប់ការអភិរក្សវប្បធម៌ ដែលមានទឹកប្រាក់ចំនួន ៣៦០,៨០០ដុល្លារ សម្រាប់ជួសជុលប្រាសាទព្រះវិហារ។ នេះជាអំណោយបន្ថែមលើថវិកាចំនួន ៤០៦,០០០ដុល្លារ ដែលត្រូវបានផ្តល់រួចហើយ ដោយរដ្ឋាភិបាលសហរដ្ឋអាមេរិក សម្រាប់អភិរក្សប្រាសាទប្រវត្តិសាស្រ្តនេះ ដែលស្ថិតនៅភាគខាងជើងនៃប្រទេសកម្ពុជា»

លោក Murphy បានថ្លែងថា សហរដ្ឋអាមេរិកមានមោទនភាព ចំពោះការរួមចំណែករបស់ខ្លួន ចំពោះការខិតខំ ក្នុងការអភិរក្សបេតិកភណ្ឌវប្បធម៌របស់ប្រទេសកម្ពុជា និងចំពោះការខិតខំរួមគ្នារបស់យើង ក្នុងការបញ្ជូនត្រឡប់មកប្រទេសកម្ពុជាវិញ នូវវត្ថុបុរាណដែលមិនអាចកាត់ថ្លៃបាន ពីសហរដ្ឋអាមេរិក។

លោក ឡុង ប៉ុណ្ណាស៉ីរីវត្ថ រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងវប្បធម៌ បានប្រាប់បណ្តាញព័ត៌មាន Fresh News ឲ្យដឹងថា អាមេរិកមានមូលនិធិមួយ ដែលគេស្គាល់ថា មូលនិធិឯកអគ្គរដ្ឋទូតសម្រាប់ការអភិរក្សវប្បធម៌ សម្រាប់អង្គការ ឬដៃគូដាក់ពាក្យស្នើសុំថវិកា ដើម្បីធ្វើការងារដូចជា ការទប់ស្កាត់ចរាចរណ៍វត្ថុបុរាណ ការផ្សព្វផ្សាយពីការការពារ ឬថែរក្សាសម្បត្តិបេតិកភណ្ឌ និងការងារដទៃទៀត ទៅតាមបំណងរបស់អ្នកស្នើសុំ ឲ្យតែពាក់ព័ន្ធនឹងការអភិរក្សវប្បធម៌។

លោកបន្តថា កន្លងមកនេះ ផ្នែកនានាជាច្រើនរបស់ក្រសួងវប្បធម៌ ក៏ធ្លាប់ស្នើសុំថវិកាពីមូលនិធិនោះដែរ ដើម្បីមកជួយគម្រោងអភិរក្សវប្បធម៌។

លោក ឡុង ប៉ុណ្ណាស៉ីរីវត្ថ បានបញ្ជាក់យ៉ាងដូច្នេះថា «ថ្មីៗនេះ អាជ្ញាធរព្រះវិហារ Apply (ដាក់ពាក្យស្នើសុំ) បានគម្រោងមួយទៀតពីស្ថានទូត។ កន្លងមក អាមេរិកមាន Fund (មូលនិធិ) ដើម្បីអង្គការ ឬដៃគូនានា ដាក់ពាក្យស្នើសុំថវិកាហ្នឹង យកទៅប្រើប្រាស់តាមមុខសញ្ញាណា ដែលគេចង់ធ្វើ ដូចជាការថែរក្សាសម្បត្តិវប្បធម៌ ឬការងារផ្សេងៗ»

នៅឯពិធីក្នុងសារមន្ទីរជាតិកម្ពុជា លោកឧបការីរដ្ឋមន្រ្តី Kritenbrink បានថ្លែងសង្កត់ធ្ងន់ពីអនុស្សារណយោគយល់គ្នា រវាងរាជរដ្ឋាភិបាលកម្ពុជា និងសហរដ្ឋអាមេរិក ដែលបានពង្រឹងកិច្ចសហប្រតិបត្តិការផ្នែកវប្បធម៌ រវាងសហរដ្ឋអាមេរិក និងកម្ពុជា ដោយសម្របសម្រួលការបញ្ជូនត្រឡប់មកវិញ នូវវត្ថុបុរាណមិនអាចកាត់ថ្លៃបានចំនួនជាង ១០០ដុំ កសាងសមត្ថភាព របស់ប្រជាជនកម្ពុជាដែលធ្វើការងារអភិរក្សបេតិកភណ្ឌវប្បធម៌។ លោក Kritenbrink ថែមទាំងបានសរសើរដល់ការខិតខំរួមគ្នារបស់ក្រសួងយុត្តិធម៌ សហរដ្ឋអាមេរិក ផ្នែកអនុវត្តច្បាប់ មេធាវីប្រចាំតំបន់ Manhattan ក្រសួងវប្បធម៌កម្ពុជា និងស្ថានទូតអាមេរិក ដែលបាននាំដល់ការធ្វើមាតុភូមិនិវត្តន៍ នៃ វត្ថុបុរាណចំនួន ២៧ ដុំនេះ។

លោក Kritenbrink បានថ្លែងថា «ពិធីនៅថ្ងៃនេះ គឺជាការបង្ហាញឲ្យឃើញពីទំនាក់ទំនងរឹងមាំ រវាងសហរដ្ឋអាមេរិក និងក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ។ គម្រោងគំនិតផ្តួចផ្តើមរបស់សហរដ្ឋអាមេរិក ដូចជាមូលនិធិឯកអគ្គរដ្ឋទូតសម្រាប់ការអភិរក្សវប្បធម៌ ស្តែងឲ្យឃើញនូវការគាំទ្រយូរអង្វែងរបស់យើង ចំពោះការជួសជុលទីតាំងប្រវត្តិសាស្រ្ត ដែលមានសារសំខាន់ផ្នែកវប្បធម៌សម្រាប់ប្រទេសកម្ពុជា»

ចំណែកឯលោកស្រីបណ្ឌិតសភាចារ្យ ភឿង សកុណា បានថ្លែងបិទពិធីនោះ ដោយថ្លែងអំណរគុណដោយស្មោះ ចំពោះការរួមចំណែក របស់រដ្ឋាភិបាលសហរដ្ឋអាមេរិក ទាំងពេលវេលា ទាំងធនធាន នៅក្នុងការប្រយុទ្ធប្រឆាំងនឹងការជួញដូរដោយខុសច្បាប់ នូវសម្បត្តិវប្បធម៌។

លោកស្រីបន្តថា «យើងរីករាយនឹងបន្តកិច្ចសហប្រតិបត្តិការ នៅក្នុងការស៉ើបអង្កេត និងការខិតខំរបស់យើង ការបណ្តុះបណ្តាល និងការផ្លាស់ប្តូរព័ត៌មានគ្នា និងជំនាញ ក្នុងពេលដែលយើងរកឃើញវិញនូវទ្រព្យសម្បត្តិដ៏មានតម្លៃរបស់ជាតិយើង»

សហរដ្ឋអាមេរិកបានផ្តល់ថវិកាចំនួនជាង ៥លានដុល្លារ ដល់រាជរដ្ឋាភិបាលកម្ពុជា គិតចាប់តាំងពីឆ្នាំ ២០០១មក សម្រាប់ការងារអភិរក្សវប្បធម៌ ដែលក្នុងនោះ រួមមានជាង ៣,៥លានដុល្លារ សម្រាប់អភិរក្សនិងជួសជុលប្រាសាទភ្នំបាក់ខែង នៅខេត្តសៀមរាប និងសម្រាប់ជួយដល់សារមន្ទីរទួលស្លែង។ នេះបើតាមសេចក្តីប្រកាសព័ត៌មាន របស់ស្ថានទូតអាមេរិក៕