(ភ្នំពេញ)៖ លោកបណ្ឌិត សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា បានអះអាងថា លោកកំពុងតែអង្វរករ លោកឧកញ៉ាមួយរូប ដើម្បីវិនិយោគផលិត «ស្រា.ស» របស់ខ្មែរ ដូចសម័យព្រះករុណា ព្រះបាទសម្តេចព្រះ នរោត្តម សីហនុ ព្រះមហាវីរក្សត្រ ព្រះបរមរតនកោដ្ឋ (សម័យសង្គមរាស្ត្រនិយម)។
ការស្នើសុំវិនិយោគផលិតស្រា.សនេះ ស្របពេលបច្ចុប្បន្នកម្ពុជា ក៏មានកន្លែងផលិតស្រា.សខ្មែរ ជាយូរមកហើយ។ ប៉ុន្តែសម្រាប់ការផលិត មិនទាន់ស្របតាមបទដ្ឋានបច្ចេកទេស និងស្ដង់ដារត្រឹមត្រូវ ហើយគ្មាននិមិត្តសញ្ញានោះទេ។ ការផលិតស្រា.ស របស់ប្រជាជនកម្ពុជា គឺជាការផលិតខុសស្តង់ដារ ដែលពេលខ្លះ បង្កឱ្យមានករណីពុលស្លាប់ជាញឹកញាប់ផងដែរ។
ជុំវិញករណីនេះ លោកបណ្ឌិត សុខ ទូច បានអះអាងថា កម្ពុជាមានវត្ថុធាតុដើមយ៉ាងសំបូរបែប ដែលអាចយកមកកែច្នៃជាផលិតផលច្រើនមុខ ដើម្បីផ្គត់ផ្គង់នៅក្នុងស្រុក និងអាចឈានទៅផលិតជាផលិតផលតំណាងឱ្យប្រទេសកម្ពុជា សម្រាប់ការនាំចេញទៅកាន់ទីផ្សារអន្តរជាតិ។
នៅក្នុងកិច្ចពិភាក្សាតុមូល ស្ដីពី «អាស៊ាននៅចម្លោះចិន និងអាមេរិកក្នុងបរិបទថ្មី» នៅព្រឹកថ្ងៃទី ១៤ ខែកក្កដា ឆ្នាំ២០២២នេះ លោកបណ្ឌិត សុខ ទូច បានបញ្ជាក់យ៉ាងដូច្នេះថា៖ «យើងចង់ជួយឱ្យមានផលិតផលរបស់ខ្លួនឯង ខ្មែរអាចចិញ្ចឹមឃ្មុំបាន ខ្មែរធ្វើស្រាបាន...! យើងរួមគ្នាឡើង ខ្ញុំកំពុងតែថ្វាយបង្គំ លោកឧកញ៉ាមួយ ដើម្បីឱ្យកម្ពុជាមា នស្រា-ស របស់ខ្លួនមួយ ដូចសម័យព្រះករុណា ព្រះបាទសម្តេចព្រះ នរោត្តម សីហនុ ព្រះមហាវីរក្សត្រ ព្រះបរមរតនកោដ្ឋ»។
ជាមួយគ្នានេះដែរ លោកបណ្ឌិត សុខ ទូច ក៏បានបង្ហាញពីការសោកស្តាយ បន្ទាប់រាជបណ្ឌិត្យសភាកម្ពុជា បង្កើតវិទ្យាស្ថានបណ្តុះបណ្តាលវិជ្ជាជីវៈ ប៉ុន្តែអត់មានយុវជនខ្មែរ ចាប់អារម្មណ៍មករៀននោះទេ។ ប៉ុន្តែ បើកកន្លែងផឹកស៊ីវិញ គឺយុវជនខ្មែរជាច្រើនសម្រុកទៅទទួលទានយ៉ាងកុះករ ចំណុចនេះជាបញ្ហាមួយនៅក្នុងសង្គម។
បន្ថែមពីនេះ លោកបណ្ឌិត សុខ ទូច បានលើកឡើងថា ប្រសិនប្រជាពលរដ្ឋ និងយុវជនខ្មែរ ចង់ឱ្យបរទេសមានមោទនភាព ដល់ប្រទេសកម្ពុជា សូមប្រជាពលរដ្ឋប្រើប្រាស់ ទទួលទានផលិតផល ដែលផលិតក្នុងស្រុក ដូចជាទឹកដោះគោស្រស់ ទឹកត្នោត ទឹកអំពៅ រួមនឹងផលិតផលផ្សេងៗទៀត ដើម្បីបង្ហាញបរទេសថា កម្ពុជាមានផលិតផលរបស់ខ្លួនមិនចាញ់ខ្លួននោះទេ។
ប្រធានរាជបណ្ឌិត្យសភាកម្ពុជារូបនេះ បានគូសបញ្ជាក់ថា ការជំរុញផលិតកម្មនៅក្នុងស្រុក គឺពិតជាមានសារៈសំខាន់ សម្រាប់ការបង្កើនកម្លាំងផលិត និងទ្រទ្រង់កម្លាំងពលកម្ម។
លោកសង្កត់ធ្ងន់ថា «បើត្រឹមជាប្រទេសលក់វត្ថុធាតដើម គឺគ្មានប្រយោជន៍ និងគ្មានប្រសិទ្ធភាពនោះទេ។ ប៉ុន្តែប្រសិនបើកម្ពុជា ក្លាយជាប្រទេស មានផលិតផលកែច្នៃសម្រាប់ផ្គត់ផ្គង់នៅទីផ្សារក្នុង និងក្រៅស្រុក ទើបជាការប្រសើរ និងមានមោទនភាពជាតិ»៕