(ភ្នំពេញ)៖ អង្គការទេសចរណ៍ពិភពលោក (UNWTO) បានផ្សព្វផ្សាយនៅលើគេហទំព័ររបស់ខ្លួន អំពីសេចក្តីជូនដំណឹងលេខ 071MOT ចុះថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២២ របស់ក្រសួងទេសចរណ៍ ស្តីពីការកែសម្រួលលក្ខខណ្ឌតម្រូវចត្តាឡីស័ក ចំពោះទេសចរជាតិ-អន្តរជាតិ ដែលពុំទាន់ចាក់វ៉ាក់សាំង ឬបានចាក់វ៉ាក់សាំងកូវីដ-១៩ ដូសមូលដ្ឋានពុំទាន់បានពេញលេញ។
ការចេញផ្សាយនេះ ធ្វើឡើងនៅថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២២។
អង្គការទេសចរណ៍ពិភពលោក បានកោតសរសើរយ៉ាងខ្ពស់ ជូនសម្តេចតេជោនាយករដ្ឋមន្ត្រីនៃកម្ពុជា ចំពោះការដឹកនាំប្រកបដោយភាពឈ្លាសវៃ និងការសម្រេចចិត្តដ៏ត្រឹមត្រូវ និងមានប្រសិទ្ធភាពក្នុងការគ្រប់គ្រងដោះស្រាយវិបត្តិកូវីដ-១៩ នៅប្រទេសកម្ពុជា។ ជាលទ្ធផល កម្ពុជាសម្រេចបាន នូវអត្រាចាក់វ៉ាក់សាំងទូទាំងផ្ទៃប្រទេសយ៉ាងខ្ពស់ និងអត្រាឆ្លងដ៏ទាប ដែលកត្តាទាំងនេះ នាំឲ្យម៉ាក្រូសេដ្ឋកិច្ចមានលំនឹង និងទទួលបានការគាំទ្រ ក៏ដូចជាការចូលរួមពីសំណាក់ប្រជាពលរដ្ឋទូទាំងប្រទេស។
អង្គការទេសចរណ៍ពិភពលោក បានរំលឹកអំពីការរៀបចំវេទិកាទេសចរណ៍អាស៊ាន ឆ្នាំ២០២២ នៅខេត្តព្រះសីហនុ ក្នុងទម្រង់ផ្ទាល់ប្រកបដោយភាពជោគជ័យ ហើយបានជំរុញឲ្យប្រទេសសមាជិកចែករំលែក បទពិសោធនិងការអនុវត្តល្អៗ ក្នុងន័យស្តារទេសចរណ៍ពិភពលោកឡើងវិញ ឲ្យបានឆាប់រហ័ស។
គួរបញ្ជាក់ថា រដ្ឋមន្ត្រីទេសចរណ៍អាស៊ានបានព្រមព្រៀងគ្នា ប្រកាសបើកទេសចរណ៍អាស៊ានឡើងវិញជាដំណាក់ៗ នៅក្នុងកិច្ចប្រជុំរដ្ឋមន្ត្រីទេសចរណ៍អាស៊ានលើកទី២៥ នាឱកាសវេទិកាទេសចរណ៍អាស៊ានឆ្នាំ២០២២៕
ខាងក្រោមនេះ ជាការផ្សព្វផ្សាយនៅលើគេហទំព័រ របស់អង្គការទេសចរណ៍ពិភពលោក https://www.unwto.org/node/12588