(ភ្នំពេញ)៖ អង្គការអន្តរជាតិខាងការងារ ហៅកាត់ ILO តាមរយៈគម្រោងភាពជាដៃគូ ILO-China បានបន្តគាំទ្រសហការជាមួយក្រសួងទេសចរណ៍ លើការបណ្តុះបណ្តាលអ្នកជំនាញទេសចរណ៍ នៅខេត្តសៀមរាប ខេត្តបាត់ដំបង និងខេត្តបន្ទាយមានជ័យ បន្ទាប់ពីភាគីទាំងពីរទទួលបានជោគជ័យ ក្នុងការបណ្តុះបណ្តាលអ្នកជំនាញទេសចរណ៍ នៅខេត្តសៀមរាបលើកដំបូង។
ការគាំទ្រនេះត្រូវបានលើកឡើងក្នុងជំនួបរវាងលោក ប៉ាក់ សុខុម រដ្ឋលេខាធិការក្រសួងទេសចរណ៍ និងជាប្រធានគណៈកម្មការគ្រប់គ្រងគម្រោង ហូកា តំណាងលោករដ្ឋមន្ត្រី ថោង ខុន ជាមួយលោក លីវ យូថុង (Yutong Liu) នាយកគម្រោងនិងជាអ្នកសម្របសម្រួលគម្រោងភាពជាដៃគូរ ILO-China នារសៀលថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២២ នៅទីស្ដីការក្រសួងទេសចរណ៍ ដើម្បីពិភាក្សាលើកិច្ចសហប្រតិបត្តិការលើការជំរុញ កសាងធនធានមនុស្សក្នុងវិស័យទេសចរណ៍ សំដៅចូលរួមចំណែកលើកកម្ពស់ជំនាញ ស្តារជំនាញវិជ្ជាជីវៈឡើងវិញក្រោយវិបត្តិ និងលើកកម្ពស់គុណភាពសេវាកម្ម ក្នុងខេត្តគោលដៅខាងលើផងដែរ។
លោក លីវ យូថុង បានបញ្ជាក់ថា អង្គការ ILO នឹងបន្តគាំទ្រដល់ក្រសួងទេសចរណ៍ តាមរយៈគណៈកម្មការគ្រប់គ្រងគម្រោង ហូកា ដើម្បីជំរុញការបណ្តុះបណ្តាលបន្ថែមនៅខេត្តសៀមរាប ខេត្តបាត់ដំបង និងបន្ទាយមានជ័យ។ ការគាំទ្ររបស់អង្គការអន្តរជាតិខាងការងារ (ILO) នឹងផ្តល់ការបណ្តុះបណ្តាលគ្រូបង្គោលចំនួន១២៥រូប និងអ្នកជំនាញចំនួន១៥០រូប លើជំនាញសេវាកម្មម្ហូបអាហារ-ភេសជ្ជៈ ជំនាញការិយាល័យជួរមុខ និងជំនាញគេហកិច្ច។
លោករដ្ឋលេខាធិការ ប៉ាក់ សុខុម បានសម្ដែងនូវការរីករាយ ចំពោះការបន្តគាំទ្ររបស់អង្គការ ILO មកដល់ក្រសួងទេសចរណ៍ ក៏ដូចជាគណៈកម្មការគ្រប់គ្រងគម្រោង ហូកា លើការបណ្ដុះបណ្ដាលអ្នកជំនាញទេសចរណ៍កម្ពុជាបន្ថែម ដែលការបណ្តុះបណ្តាលនេះនឹងគាំទ្រដល់យុទ្ធសាស្ត្រ របស់ក្រសួងទេសចរណ៍ ក្នុងការពង្រឹងការអភិវឌ្ឍជំនាញវិជ្ជាជីវៈទេសចរណ៍ក្នុងបរិបទថ្មី ដោយផ្តោសំខាន់លើអភិក្រមចំនួន៣ គឺស្តារឡើងវិញ (Recover) បណ្តុះបណ្តាលបន្ថែម (Retrain) និងថែរក្សាបុគ្គលិក (Retain)។
លោករដ្ឋលេខាធិការបានថ្លែងអំណរគុណដល់អង្គការអន្តរជាតិខាងការងារ (ILO) ដែលបានគាំទ្រដល់ក្រសួងទេសចរណ៍តាមរយៈគណៈកម្មការគ្រប់គ្រងគម្រោង ហូកា ដើម្បីបណ្តុះបណ្តាលជំនាញទេសចរណ៍ជាពិសេសបុគ្គលិក កំពុងបម្រើការងារបច្ចុប្បន្ន ដែលកន្លងមកអង្គការ ILO បានគាំទ្រការបណ្តុះបណ្តាលគ្រូបង្គោលបានចំនួន២៤រូប និងអ្នកជំនាញចំនួន៣១រូប លើជំនាញសេវាកម្មម្ហូបអាហារ និងភេសជ្ជៈ និងការបណ្តុះបណ្តាលបន្តខាងក្នុង មូលដ្ឋានអាជីវកម្មទេសចរណ៍ ដល់អ្នកជំនាញច្រើនជាង២០០រូប។
ថ្លែងប្រាប់អ្នកសារព័ត៌មានបន្ថែម លោក ជួប រតនា ប្រធាននាយកដ្ឋានផែនការអភិវឌ្ឍន៍ទេសចរណ៍ និងជាប្រធានលេខាធិការដ្ឋាននៃគណៈកម្មការគ្រប់គ្រងគម្រោង ហូកា បានឱ្យដឹងថា ការបន្តគាំទ្រលើការបណ្ដុះបណ្ដាលអ្នកជំនាញទេសចរណ៍កម្ពុជានេះ គឺមានការពង្រីកបន្ថែមលើ២ចំណុច៖ ទី១.ពង្រីកគោលដៅបណ្ដុះបណ្ដាល បានន័យថា នៅក្នុងការអនុវត្តសាកល្បងដំបូង គម្រោងបានផ្ដល់ការបណ្ដុះបណ្ដាលតែនៅក្នុងខេត្តសៀមរាបទេ ប៉ុន្តែនៅដំណាក់កាលបន្ទាប់នេះ គម្រោងនឹងផ្ដល់ការបណ្ដុះបណ្ដាលនៅខេត្តសៀមរាប ខេត្តបាត់ដំបង និងខេត្តបន្ទាយមានជ័យ។ ទី២. ពង្រីកជំនាញបណ្ដុះបណ្ដាល ដោយកាលពីគម្រោងសាកល្បងដំបូងនោះ គម្រោងបានបណ្ដុះបណ្ដាលតែជំនាញម្ហូបអាហារ-ភេសជ្ជៈទេ តែនៅក្នុងការអនុវត្តគម្រោងបន្ទាប់នឹងបន្ថែមលើជំនាញការិយាល័យជួរមុខ និងជំនាញគេហកិច្ច។
លោក ជួប រតនា បានបន្តថា នៅក្នុងជំនួបជាមួយភាគីក្រសួងទេសចរណ៍កម្ពុជានោះ ភាគីអង្គការ ILO ក៏បានលើកឡើងអំពីផែនការជំរុញកិច្ចសហប្រតិបត្តិការភ្ជាប់ទំនាក់ទំនងរវាងសាលាបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈទេសចរណ៍នៅកម្ពុជា ជាមួយសាលាបណ្តុះបណ្តាលបណ្តាលវិជ្ជាជីវៈទេសចរណ៍នៅប្រទេសចិនផងដែរ ខណៈបច្ចុប្បន្នអង្គការ ILO មានសាលាបណ្ដុះបណ្ដាលវិជ្ជាជីវៈជាដៃគូប្រមាណ២៦ស្ថាប័នរួចមកហើយ។
មិនតែប៉ុណ្ណោះ ភាគីអង្គការ ILO ក៏បានស្នើឱ្យគណៈកម្មការគ្រប់គ្រងគម្រោង ហូកា ពិនិត្យលើលទ្ធភាពរៀបចំវគ្គបណ្តុះបណ្តាលជំនាញធ្វើម្ហូបបែបចិនដល់ចុងភៅវ័យក្មេងកម្ពុជា ដោយអង្គការ ILO នឹងបញ្ជូនអ្នកជំនាញចុងភៅម្ហូបចិនមកធ្វើការបណ្តុះបណ្តាលនៅកម្ពុជា ឬបញ្ជូនចុងភៅវ័យក្មេងកម្ពុជាទៅហ្វឹកហាត់ការងារនៅប្រទេសចិន។
ពាក់ព័ន្ធនឹងការបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈទេសចរណ៍នេះដែរ លោក ជួប រតនា បានបន្ថែមថា រាល់ពេលមានវគ្គបណ្ដុះបណ្ដាលម្ដងៗ មានការចាប់អារម្មណ៍យ៉ាងផុសផុលពីសំណាក់សិក្ខាកាមដែលជាអ្នកបម្រើការ ឬធ្លាប់បម្រើការក្នុងវិស័យទេសចរណ៍ មន្ត្រីមន្ទីរទេសចរណ៍នៅតាមបណ្ដាខេត្ត ពិសេសខេត្តនៅតំបន់ភូមិភាគឦសាន ខេត្តព្រះវិហារ ខេត្តសៀមរាម ក៏ដូចជាខេត្តនៅតំបន់ជុំវិញបឹងទន្លេសាបជាដើម៕