(ព្រះសីហនុ)៖ ព្រះសាសនសោភ័ណ ហឿម សុវណ្ណារ៉ា ព្រះរាជាគណៈ ថ្នាក់កិត្តយស ទីប្រឹក្សាផ្ទាល់សម្តេចព្រះអគ្គមហាសង្ឃរាជាធិបតីកិត្តិឧទ្ទេសបណ្ឌិត ទេព វង្ស សម្តេចព្រះមហាសង្ឃរាជ នៃព្រះរាជាណាចក្រកម្ពុជា ទទួលបន្ទុកផ្សព្វផ្សាយព្រះពុទ្ធសាសនា និងសង្គម រួមទាំង ព្រះសង្ឃ អាចារ្យ គណៈកម្មការវត្តព្រះពុទ្ធសំរិទ្ធីគិរីថ្មដា ហៅវត្តថ្មដាក្រោម បាននាំយកអំណោយជាសម្ភារមួយចំនួនប្រគល់ជូនក្រុមប្រឹក្សាឃុំសំរុង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ដើម្បីទុកជួយប្រជាពលរដ្ឋដែលងាយរងគ្រោះ ជាពិសេសពលរដ្ឋដែលងាយរងគ្រោះដោយសារទឹកជំនន់។
ព្រះសាសនសោភ័ណ ហឿម សុវណ្ណារ៉ា មានសង្ឃដីកាថា ការប្រគល់អំណោយនាពេលនេះ ដើម្បីរួមចំណែកតិចតួច ជាមួយរាជរដ្ឋាភិបាល ក្នុងការលើកស្ទួយជីវភាព ប្រជាពលរដ្ឋ ដែលងាយរងគ្រោះ និងរងគ្រោះដោយយថាហេតុផ្សេងៗ ក៏ដូចជាបងប្អូនប្រជាពលរដ្ឋ ដែលអាចរងផលប៉ះពាល់ដោយសារទឹកជំនន់នេះផងដែរ។
សូមបញ្ជាក់ថា អំណោយដែលព្រះសាសនសោភ័ណ ហឿម សុវណ្ណារ៉ា បានប្រគល់ជូនក្រុមប្រឹក្សាឃុំសំរុង រួមមាន៖ អង្កចំនួន៦បេ=៣០០គីឡូក្រាម មី ៣០កេស ទឹកស៊ីអ៊ីវចំនួន៣០យួ និងទឹកសុទ្ធចំនួន ១០០យួរ។ នាឱកាសនោះព្រះអង្គក៏បានប្រគល់នូវអំណោយជូនលោកតា លោកយាយ រួមមាន៖ អង្ករ មី ទឹកត្រី ទឹកស៊ីអ៊ីវ និងថវិកាមួយចំនួនទៀតផងដែរ៕