(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២២នេះ នៅទីស្តីការក្រសួង លោកបណ្ឌិត ហេង សុខគង់ រដ្ឋលេខាធិការ តំណាងលោកកិត្តិសេដ្ឋាបណ្ឌិត ចម ប្រសិទ្ធ ទេសរដ្ឋមន្រ្តី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ រួមជាមួយថ្នាក់ដឹកនាំជាអនុរដ្ឋលេខាធិការ អគ្គនាយក ព្រមទាំងថ្នាក់ដឹកនាំក្រសួងមួយចំនួនទៀត បានទទួលជួបសំណេះសំណាល និងផ្តល់អនុសាសន៍មួយចំនួនដល់មន្ត្រីរាជការមកពីតាមបណ្តាក្រសួង ស្ថាប័ននានាចំនួន២៤រូប ដែលទទួលបានអាហារូបករណ៍ JDS ទៅសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ (Master Decree) នៅតាមបណ្តាសាកលវិទ្យាល័យនានានៅប្រទេសជប៉ុន ។
ជាកិច្ចចាប់ផ្តើមអង្គពិធីទាំងមូល បានសម្រួមស្មឹងស្មាធរយ:ពេល៣០វិនាទី ដើម្បីគោរពវិញ្ញាណក្ខន្ធឯកឧត្តម Shinzo ABE អតីតនាយករដ្ឋមន្ត្រីជប៉ុនដែលបានទទួលមរណភាពដោយឃាតកម្មកាលពីថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០២២កន្លងទៅថ្មីៗនោះ។
ជាកិច្ចបន្ទាប់មកទៀត លោកបណ្ឌិត ហេង សុខគង់បានពាំនាំនូវបណ្តាំសួរសុខទុក្ខ ការជូនពរ និងកោតសរសើរពីសំណាក់ ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិតទេសរដ្ឋមន្រ្តី និងថ្នាក់ដឹកនាំក្រសួងទាំងអស់ ជូនដល់និស្សិតជ័យលាភី និងបានជម្រាបជូនពីតួនាទី ភារកិច្ចមួយចំនួនរបស់ក្រសួង និងកិច្ចសហប្រតិបត្តិការល្អរបស់ក្រសួងជាមួយភាគីជប៉ុន ក៏ដូចជាភាពជោគជ័យនៃវិនិយោគិនជប៉ុននៅកម្ពុជា យើងលើវិស័យឧស្សាហកម្ម វិទ្យាសាស្រ្ត និងបច្ចេកវិទ្យា។
ជាមួយគ្នានេះដែរ លោកបណ្ឌិត ក៏បានផ្តល់ជូននូវអនុសាសន៍៧ចំណុច ដើម្បីក្លាយជានិស្សិតល្អ និងជានិស្សិតជោគជ័យសម្រាប់សិក្សានៅក្រៅប្រទេសក្នុងនោះរួមមាន៖
១៖ ការត្រៀមរៀបចំគ្រឿងឧបទេសក៍ និងសម្ភារ: បរិក្ខារចាំបាច់នានា រួមទាំងថ្នាំពេទ្យ ម៉ាស់ អាល់កុល ជាដើមសម្រាប់សិក្សារៀនសូត្រ និងថែរក្សាសុខភាពផ្ទាល់ខ្លួន។
២៖ បង្កើតគ្រុបតេឡេក្រាម ឬ WhatsAPP ជាមួយនិស្សិតខ្មែរដូចគ្នា (ជាពិសេសជាមួយនិស្សិតរៀមច្បង) ទោះបីសិក្សានៅសាកលវិទ្យាល័យផ្សេងៗគ្នាក៏ដោយ ដើម្បីដឹងសុខទុក្ខ និងចែករំលែកបទពិសោធន៍ និងជួយគ្នាក្នុងករណីចាំបាច់ ស្របតាមពាក្យចាស់បុរាណខ្មែរយើង នៅផ្ទះម្តាយទីទៃ នៅព្រៃម្តាយតែមួយ។
៣៖ យល់ដឹងពីចំណេះដឹងទូទៅពីប្រវត្តិសាស្រ្តរបស់កម្ពុជាយើង ជាពិសេសសុខសន្តិភាព សុវត្ថិភាព និងការអភិវឌ្ឍយ៉ាងលឿនរបស់កម្ពុជា ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិត របស់សម្តេចតេជោនាយករដ្ឋមន្រ្តី ដើម្បីណែនាំមិត្តភក្តិបរទេសរបស់យើងឱ្យបានដឹង និងស្គាល់កម្ពុជាកាន់តែច្បាស់ថែមទៀត។
៤៖ ធ្វើជាឯកអគ្គរាជទូតនៃទំនាក់ទំនងមិត្តភាព សេដ្ឋកិច្ច សង្គម វប្បធម៌ និងទេសចរណ៍រវាងកម្ពុជា និងជប៉ុន ក្នុងនាមជាយុវជនទំពាំងស្នងឬស្សី ដោយម្នាក់ៗសុទ្ធតែជាមន្ត្រីរាជការមកពីតាមក្រសួង ស្ថាប័នដូច្នេះទំនាក់ទំនងមិត្តភាពមានសារសំខាន់ណាស់ក្នុងការចូលរួមចំណែកកសាងសង្គម និងសេដ្ឋកិច្ចយើងឲ្យកាន់តែល្អប្រសើរ ជាពិសេសណែនាំមិត្តភក្តិជប៉ុនឱ្យស្គាល់ពីតំបន់ទេសចរណ៍ល្បីៗនៅកម្ពុជា ដូចជាប្រាសាទអង្គរវត្ត ប្រាសាទព្រះវិហារ តំបន់ទេសចរណ៍ធម្មជាតិនានា និងអញ្ជើញពួកគាត់មកទស្សនានៅប្រទេសយើង។
៥៖ រៀនស្គាល់ពីវប្បធម៌ អរិយធម៌ និងទំនៀមទម្លាប់ខ្លះៗរបស់ប្រទេសជប៉ុនដើម្បីងាយស្រួលរស់នៅ និងសម្របខ្លួន ក៏ដូចជាត្រូវស្វែងយល់ពីយុទ្ធសាស្រ្ត នៃភាពជាអ្នកដឹកនាំជោគជ័យរបស់ប្រទេសជប៉ុនទាំងនៅក្នុងស្ថាប័នរដ្ឋ និងឯកជនដូចជា Toyota Way, ប្រព័ន្ធ 5S, Kaizen, Lean Process & SECI Model ជាដើម ។
៦៖ ត្រូវខិតខំរៀនសូត្រឲ្យបានពូកែ និងអភិវឌ្ឍជំនាញរបស់ខ្លួនឲ្យកាន់តែមានកម្រិតខ្ពស់ក្នុងនាមតំណាងជាតិខ្មែរមួយរូបៗ ដើម្បីឲ្យនិស្សិតបរទេសបានស្គាល់ទង់ជាតិយើង តាមរយៈភាពតំណាងជានិស្សិតរបស់យើងនៅតាមសាកលវិទ្យាល័យនីមួយៗ។
៧៖ យកចំណេះដឹង និងបទពិសោធន៍ល្អៗទាំងអស់ដែលបានពីការរៀនសូត្រទាំងក្នុងសាកលវិទ្យាល័យ និងនៅក្នុងសង្គមជប៉ុនជាក់ស្តែងយកមកអនុវត្ត ឲ្យចំគោលដៅក្នុងការចូលរួមចំណែកអភិវឌ្ឍ បង្កើនសមត្ថភាពរបស់ខ្លួនពេលត្រឡប់មកវិញដើម្បីបម្រើជាតិ មាតុភូមិរបស់យើងឱ្យក្លាយជាធនធានមនុស្សដ៏មានតម្លៃរបស់ក្រសួង ស្ថាប័នរៀងៗខ្លួន ស្របតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់ របស់សម្តេចតេជោនាយករដ្ឋមន្រ្តី ដែលថាបច្ចុប្បន្ននេះ ធនធានមនុស្ស គឺជាកត្តាចលករសំខាន់ទី១ ក្នុងកត្តាចលករទាំង៤ (មនុស្ស ទឹក ផ្លូវ ភ្លើង) ដើម្បីចូលរួមអភិវឌ្ឍប្រទេសជាតិ និងមាតុភូមិជាទីស្នេហានៃយើង។
ជាមួយគ្នានេះ លោកបណ្ឌិត ហេង សុខគង់ និងថ្នាក់ដឹកនាំក្រសួងបានជូនពរ ដល់និស្សិតជ័យលាភីទាំងអស់ ឲ្យមានសុខភាពល្អ និងទទួលបានជោគជ័យក្នុងការសិក្សារបស់ខ្លួន និងបានប្រគល់ថវិកាលើកទឹកចិត្តរបស់លោកកិត្តិសេដ្ឋាបណ្ឌិតទេសរដ្ឋមន្រ្តី និងថវិការបស់លោកបណ្ឌិតផ្ទាល់ ព្រមទាំងក្រម៉ាខ្មែរមួយចំនួន ជូនដល់និស្សិតទាំងអស់ផងដែរ៕