(ភ្នំពេញ)៖ លោក លី សុផាណា អ្នកនាំពាក្យសាលាដំបូងរាជធានីភ្នំពេញ បានឱ្យដឹងថា ចៅក្រមស៊ើបសួរ នៃសាលាដំបូងរាជធានីភ្នំពេញ នឹងចាប់ផ្តើមសាកសួរលើ លោក អ៊ុំ សំអាន សមាជិក​គណបក្សសង្រ្គោះជាតិ នៅព្រឹកថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០១៦ស្អែកនេះ។

លោក អ៊ុំ សំអាន ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន នៅខេត្តសៀមរាប កាលពីយប់ថ្ងៃទី១០ ខែមេសា ឆ្នាំ២០១៦ បន្ទាប់ពីលោកត្រឡប់ពីអាមេរិក មកដល់ប្រទេសកម្ពុជា។ សមត្ថកិច្ចបានបញ្ជាក់ថា លោក អ៊ុំ សំអាន ត្រូវបានចាប់ខ្លួនដោយ​សារតែប្រព្រឹត្តិបទល្មើស​ជាក់ស្តែង នៅលើបណ្តាញសង្គម Facebook។

លោក អ៊ុំ សំអាន ត្រូវបានសាលាដំបូងរាជធានីភ្នំពេញ សម្រេចឃុំខ្លួននៅពន្ធនាគារព្រៃស កាលពីថ្ងៃទី១២ ខែមេសា ឆ្នាំ២០១៦ ដោយចោទប្រកាន់ក្រោមបទចោទញុះញង់ នាំឲ្យមានការរើសអើង និងប្រព្រឹត្តិបទឧក្រិដ្ឋជាអាទិ៍ នៃក្រមព្រហ្មទណ្ឌ ស្របពេលដែលរដ្ឋសភាបានបោះឆ្នោត គាំទ្រឱ្យតុលាការ និងសមត្ថកិច្ចអនុវត្តនីតិវិធីបន្ត ចំពោះតំណាងរាស្រ្ត គណបក្សប្រឆាំងរូបនេះ។


លោក លី សុផាណា បានបញ្ជាក់ថា សម្រាប់ដំណឹងអំពីការនាំខ្លួនពីពន្ធនាគារព្រៃសមកសាកសួរនេះ សាលាដំបូងរាជធានីភ្នំពេញ បានផ្តល់ព័ត៌មានទៅដល់ មេធាវី និងជនត្រូវចោទរួចរាល់ហើយ។

សូមបញ្ជាក់ថា កាលពីព្រឹកថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០១៦ សាលាឧទ្ធរណ៍ បានសម្រេចបដិសេធលើសំណើសុំនៅក្រៅឃុំរបស់ លោក អ៊ុំ សំអាន សមាជិកគណបក្សសង្រ្គោះជាតិ បន្ទាប់ពីបាន​បើកសវនាការ​ជំនុំជម្រះមួយព្រឹក។ សាលាឧទ្ធរណ៍បានសម្រេចតម្កល់តាមសាលក្រម​របស់សាលាដំបូងរាជធានីភ្នំពេញ ចំពោះសំណុំរឿងនៅក្រៅឃុំនេះ៕