(ភ្នំពេញ)៖ អ្នកជំនាញផ្នែកសុខភាពសាធារណៈ និងអ្នកពាក់ព័ន្ធជាច្រើនបានចាត់ទុកថា ការដំឡើងពន្ធលើផលិតផលថ្នាំជក់ កាន់តែខ្ពស់ នឹងជួយកាត់បន្ថយអ្នកជក់បារី ហើយបង្កើនប្រាក់ចំណូលរបស់រដ្ឋ ខណៈដែលការដំឡើងនេះ ជាកាតព្វកិច្ចរបស់រដ្ឋភាគី នៃអនុសញ្ញាស្តីការត្រួតពិនិត្យថ្នាំជក់។

លោកវេជ្ជបណ្ឌិត មុំ គង់ នាយកប្រតិបត្តិអង្គការចលនាដើម្បីសុខភាពកម្ពុជា បានមានប្រសាសន៍ប្រាប់ វិទ្យុមិត្តភាពកម្ពុជា-ចិនថា ប្រទេសកម្ពុជា ជារដ្ឋភាគី នៃអនុសញ្ញា ស្តីការត្រួតពិនិត្យថ្នាំជក់ ដូច្នេះកម្ពុជាគួរតែដំឡើងពន្ធលើផលិតផលថ្នាំជក់ កាន់តែខ្ពស់ឱ្យស្របតាមការណែនាំ របស់អង្គការសហប្រជាជាតិ ខណៈប្រទេសជាច្រើននៅលើពិភពលោកគេ បានដំឡើងពន្ធថ្នាំជក់នេះរួចហើយ។

លោកវេជ្ជបណ្ឌិត មុំ គង់បានបញ្ជាក់ថា ការដំឡើងតម្លៃពន្ធលើថ្នាំជក់ជាមធ្យោបាយ ដ៏មានប្រសិទ្ធភាពមួយបន្ថែមលើវិធីអប់រំ ការដាក់សាព្រមានសុខភាពលើកញ្ចប់បារី ការហាមផ្សព្វផ្សាយពាណិជ្ជកម្មបារី និងការឈប់ទទួលយកការឧបត្ថម្ភផ្សេងៗ ក្រោមការបង្កប់នូវខ្លឹមសារផ្សាយពាណិជ្ជកម្ម របស់ឧស្សាហកម្មថ្នាំជក់។

លោកវេជ្ជបណ្ឌិតលើកឡើងថា៖ «ការដំឡើងពន្ធលើផលិតផលថ្នាំជក់ មានសារសំខាន់ណាស់ ព្រោះវាជាយុទ្ធសាស្ត្រឈ្នះឈ្នះ ដែលកំណត់ដោយអង្គការសហប្រជាជាតិ អង្គការសុខភាពពិភពលោក និងប្រទេសជាច្រើននៅលើពិភពលោក។ ឈ្នះទីមួយ គឺបានចំណូលពន្ធចូលរដ្ឋបន្ថែម ទីពីរកាលណាដំឡើងពន្ធបារី គឺបានបន្ថយចំនួនប្រជាពលរដ្ឋ ដែលឈឺ ស្លាប់ ពិការ កាត់បន្ថយការចំណាយរបស់ប្រជាពលរដ្ឋ និងរាជរដ្ឋាភិបាលទៅលើការព្យាបាលជំងឺ បង្កមកពីការប្រើប្រាស់ថ្នាំជក់ជាដើម»។

លោកវេជ្ជបណ្ឌិតបន្តថា បើប្រទេសកម្ពុជា ដំឡើងពន្ធលើផលិតផលថ្នាំជក់រហូតដល់ ៧៥% នៃតម្លៃបារីលក់រាយ កម្ពុជានឹងទទួលចំណូលពន្ធបន្ថែមប្រមាណ ២៣៥លានដុល្លារសហរដ្ឋអាម៉េរិក ក្នុងរយៈពេល៥ ឆ្នាំខាងមុខ និង៩៣៣លានដុល្លារសហរដ្ឋអាម៉េរិក ក្នុងរយៈពេល១៥ឆ្នាំខាងមុខ។

អត្រាពន្ធថ្នាំជក់នៅកម្ពុជាមានអត្រាប្រមាណ ២៥% ទៅ៣១% នៃតម្លៃលក់រាយប៉ុណ្ណោះដែលអត្រានេះ នៅមានកម្រិតទាបខ្លាំងធៀបនឹង អត្រាដែលណែនាំ ដោយអង្គការសុខភាពពិភពលោក និងធនាគារពិភពលោក ហើយក៏ជាអត្រាមួយទាបជាងបណ្ដា ប្រទេសក្នុងតំបន់អាស៊ានទៀតផង។ ប្រទេសអាស៊ានដូចជា ប្រទេសប្រ៊ុយណេ ឥណ្ឌូណេស៊ី ម៉ាឡេស៊ី ភូមា សិង្ហបុរី ហ្វីលីពីន និងប្រទេសថៃ សុទ្ធតែមានអត្រាពន្ធលើផលិតផលថ្នាំជក់ លើសពី៥០%ធៀបតម្លៃលក់រាយ។

តាមការស្រាវជ្រាវរបស់សាកលវិទ្យាល័យជាតិ មានជ័យកាលពីឆ្នាំ២០២១ បានបង្ហាញថា ប្រជាជនកម្ពុជាប្រមាណ៩៤ភាគរយ ស្នើឱ្យរដ្ឋដំឡើងពន្ធលើផលិតផលថ្នាំជក់ព្រោះថា ការដំឡើងពន្ធនេះមិនមានផលប៉ះពាល់អ្វីនោះឡើយ។ លោក លី រតនាជានិស្សិត នៃសាកលវិទ្យាល័យសុខាភិបាល ទទួលស្គាល់ថា បារីពិតជាបានបង្កឱ្យមានគ្រោះថ្នាក់ដល់ សុខភាពអ្នកប្រើប្រាស់បារី និងអ្នកស្រូបផ្សែងបារី និងបានបង់សេដ្ឋកិច្ចយ៉ាងច្រើន ដូច្នេះការដំឡើងពន្ធបារីជាមធ្យមបាយថ្មីមួយ ក្នុងការលុបបំបាត់ការប្រើប្រាស់បារីនៅប្រទេសកម្ពុជា។

យោងតាមការស្រាវជ្រាវរបស់ស្ថាប័នអង្គការសហប្រជាជាតិ ដែលបានបោះពុម្ពផ្សាយកាលពីឆ្នាំ២០១៩ បានបង្ហាញថា ប្រជាជនកម្ពុជាប្រមាណ១៥,០០០នាក់ បានស្លាប់ជារៀងរាល់ឆ្នាំ នាំមុខដោយជំងឺ៥មុខនាំឱ្យស្លាប់មានដូចជា៖ ជំងឺដាច់សសៃឈាមខួក្បាល ជំងឺហើមសួត ជំងឺបេះដូងសសៃឈាម ជំងឺរលាកផ្លូវដង្ហើមផ្នែកខាងក្រោម ជំងឺមហារីកសួត មហារីកបំពង់ក និងមហារីមាត់ជាដើម។ ថ្នាំជក់ ក៏បានធ្វើឱ្យកម្ពុជាខាតបង់សេដ្ឋកិច្ចប្រមាណ ៦៤៩លានដុល្លារ ស្មើនឹង៣% នៃផលិតផលក្នុងស្រុកសរុប (GDP)»។ សរុបសេចក្តីមកការដំឡើងពន្ធលើ ផលិតផលថ្នាំជក់កាន់តែខ្ពស់ នឹងជួយកាត់បន្ថយអ្នកជក់បារី ពោលគឺអ្នកជក់បារីពិបាក ក្នុងការរកថវិកាយកទៅមកទិញ។ មិនត្រឹមតែប៉ុណ្ណោះ ការដំឡើងពន្ធលើបារីនេះ ក៏បានបង្កើនចំណូលជូនជាតិថែមទៀតផង៕

(អត្ថបទដោយ វិទ្យុមិត្តភាពកម្ពុជា-ចិន)