(ភ្នំពេញ)៖ សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា បានផ្ញើសារលិខិតមួយជូន លោកស្រី អ៊ឹង កន្ថាផាវី រដ្ឋមន្ត្រីក្រសួងកិច្ចការនារី ព្រមទាំងក្រុមគ្រួសារ ចំពោះមរណភាពរបស់ លោក អ៊ឹង គៀត ជាឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ ដែលត្រូវជាឪពុករបស់លោកស្រី។

នៅក្នុងសារលិខិតចូលរួមរំលែកទុក្ខ សម្តេចវិបុលសេនាភក្តី សាយ ឈុំ បានបញ្ជាក់ដូចនេះថា «ក្នុងនាមសមាជិក សមាជិកាព្រឹទ្ធសភា មន្ត្រីរាជការនៃអគ្គលេខាធិកាដ្ឋាន ព្រឹទ្ធសភា និងរូបខ្ញុំផ្ទាល់ ខ្ញុំមានសេចក្តីក្រៀមក្រំឥតឧបមាដោយទទួលដំណឹងថា ឯកឧត្តម អ៊ឹង គៀត ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា បានទទួលមរណភាពនៅថ្ងៃពុធ ១៥កើត ខែអាសាឍ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២២ វេលាម៉ោង១១:៥០នាទី ក្នុងជន្មាយុ៩៨ឆ្នាំ ដោយជរាពាធ»

សម្តេចវិបុលសេនាភក្តី សាយ ឈុំ បានបញ្ជាក់ទៀតថា ក្នុងវេលាប្រកបដោយទុក្ខក្រៀមក្រំនេះ យើងខ្ញុំទាំងអស់គ្នាសូមសម្តែងនូវការសោកស្តាយចំពោះការបាត់បង់ លោក អ៊ឹង គៀត ដែលជាធនធានមនុស្សដ៏ឆ្នើម មួយរូបពោរពេញដោយចំណេះដឹង វិជ្ជាជីវៈ និងបទពិសោធន៍ដ៏ខ្ពង់ខ្ពស់។ លោកបានលះបង់ កម្លាំងកាយ កម្លាំងចិត្ត និងបញ្ញាស្មារតីបម្រើប្រទេសជាតិជាច្រើនជំនាន់ ដើម្បីឧត្តមប្រយោជន៍ជាតិ សាសនា ព្រះមហាក្សត្រ។

យើងខ្ញុំសូមឧទ្ទិសបួងសួងដល់វត្ថុស័ក្តិសិទ្ធិក្នុងលោក និងតេជៈបារមីនៃព្រះពុទ្ធ ព្រះធម៌ ព្រះសង្ឃ តាមជួយបីបាច់ថែរក្សាដួងវិញ្ញាណក្ខន្ធលោក អ៊ឹង គៀត បានទៅកាន់សុគតិភពកុំបីឃ្លៀងឃ្លាតឡើយ៕