(ភ្នំពេញ)៖ ដោយមានការអនុញ្ញាត ពីអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្តី្រក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានក្រុមប្រឹក្សាអាជ្ញាធរសេវាហិរញ្ញវត្ថុមិនមែនធនាគារ (អ.ស.ហ.) លោក ស៊ូ សុជាតិ ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយក នៃនិយ័តករមូលបត្រកម្ពុជា (ន.ម.ក) និងលោកបណ្ឌិត ព្រំម វីរៈ ប្រធានក្រុមប្រឹក្សាភិបាលនៃវិទ្យាស្ថាន ខេមអេដ (វ.ខ.អ) បានចុះហត្ថលេខាលើអនុស្សរណៈ នៃការយោគយល់គ្នា (MoU) ស្តីពី «កិច្ចសហប្រតិបត្តិការ លើការលើកកម្ពស់ការយល់ដឹង និងការអភិវឌ្ឍធនធានមនុស្សនៅក្នុងវិស័យមូលបត្រនៅកម្ពុជា»

ការចុះ MoU នៅថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២២ននេះ ត្រូវបានរៀបចំឡើង ក្នុងគោលបំណងបង្កើតកិច្ចសហប្រតិបត្តិការ ក្នុងការលើកកម្ពស់ការយល់ដឹង និងការអភិវឌ្ឍធនធានមនុស្សក្នុងវិស័យមូលបត្រ ជាពិសេសដល់សិស្សនិស្សិតនៃ វ.ខ.អ ដែលជាធនធានដ៏សំខាន់ នៅក្នុងការជំរុញការអភិវឌ្ឍវិស័យមូលបត្រ។ កម្មវិធីនេះ ក៏មានការធ្វើបទបង្ហាញស្តីពី «ច្បាប់ស្ដីពីការប្រកួតប្រជែង» ដោយលោកបណ្ឌិត ព្រំម វីរៈ ប្រធានក្រុមប្រឹក្សាភិបាលនៃ វ.ខ.អ. ផងដែរ។

ការចុះ MoU នេះ មានការចូលរួមពីថ្នាក់ដឹកនាំជាន់ខ្ពស់នៃ និយ័តករមូលបត្រកម្ពុជា, លោក ប៊ូ ច័ន្ទភឺរូ អគ្គនាយកនៃនិយ័តករធានារ៉ាប់រង, លោក ជូ វណ្ណៈ អគ្គនាយកនៃនិយ័តករអាជីវកម្មអចលនវត្ថុ និងបញ្ចាំ, តំណាងពីអគ្គលេខាធិការដ្ឋាននៃអាជ្ញាធរសេវាហិរញ្ញវត្ថុមិនមែនធនាគារ, និយ័តករក្រោមឱវាទនៃអាជ្ញាធរសេវាហិរញ្ញវត្ថុមិនមែនធនាគារ និងថ្នាក់ដឹកនាំជាន់ខ្ពស់នៃវិទ្យាស្ថាន ខេមអេដ ផងដែរ៕