(ភ្នំពេញ)៖ ក្រោយពីការប្រកួតដ៏ស្វិតស្វាញអស់រយៈពេលបួនខែមកនេះ អ្នកគាំទ្របាល់ទះ នៅទូទាំងប្រទេសកម្ពុជាកំពុងមានអារម្មណ៍រំភើបជាខ្លាំង សម្រាប់ការ ប្រកួតផ្តាច់ព្រ័ត្រ នៃកម្មវិធីប្រកួតជើងឯកបាល់ទះថ្នាក់ជាតិរបស់ ស្រាបៀរ លីអូ ឆ្នាំ2016 (LEO CUP NATIONAL VOLLEYBALL 2016) នៅខែមិថុនា ខាងមុខនេះ។
ក្រុមកីឡានីមួយៗដែលបានចូលរួមកំពុងតែមានអារម្មណ៍ភ័យអរៗ ព្រោះត្រូវបញ្ចេញអស់សមត្ថភាព ដើម្បីយកឈ្នះការប្រកួត និងដើម្បីផ្តល់ឱ្យអ្នកគាំទ្ររបស់ខ្លួនមិនអាចបំភ្លេចបានជាមួយវគ្គដណ្តើមជើងឯកនេះ។
អ្នកនាង កាន់ជីត ផែវផាន់ឈូ ប្រធានគ្រប់គ្រងយុទ្ធសាស្រ្តទីផ្សារប្រចាំតំបន់របស់ក្រុមហ៊ុនស្រាបៀរ លីអូ បានថ្លែងក្នុងសន្និសីទកាសែតនៅថ្ងៃ២៤ ខែឧសភា ឆ្នាំ២០១៦នេះ នៅ Naga World ថា«ការប្រកួតនៅឆ្នាំនេះពិតជាមានភាពរំភើប និងមានភាព ស្វិតស្វាញជាខ្លាំងចាប់តាំងពីប្រកួតជើងឯកបាល់ទះថ្នាក់ជាតិត្រូវបាន បង្កើតឡើង ក្នុងឆ្នាំ២០១២ «នៅឆ្នាំនេះ យើងបានឃើញក្រុមប្រកួតនិងអ្នកគាំទ្រ ចូលរួមដ៏ច្រើន គួរឲ្យកត់សម្គាល់ សម្រាប់ការប្រកួតនៅទូទាំងតំបន់។យើងពិតជារីករាយណាស់ជាមួយការចូលរួមដ៏ច្រើនកុះករនេះ និងអ្វីដែលសំខាន់ ទៀតនោះ គឺការកើនឡើងនៅក្នុងការគាំទ្រវិស័យកីឡាបាល់ទះហើយ យើងសង្ឃឹមថា តាមរយៈការប្រកួតជើង ឯកបាល់ទះ សា្របៀរ លីអូ នេះយើងអាចជំរុញឲ្យ យុវជនកម្ពុជាកាន់តែច្រើន ចូលចិត្តស្រឡាញ់កីឡា និងជំរុញស្មារតីនៃការធ្វើការងារ ជាក្រុម និងទទួលបាន ឧត្តមភាពទាំងកម្រិតថ្នាក់ជាតិ និងប្រចាំ តំបន់»។
កម្មវិធីប្រកួតជើងឯកបាល់ទះថ្នាក់ជាតិរបស់ ស្រាបៀរ លីអូ ឆ្នាំ២០១៦ ដែលចាប់ផ្តើម វគ្គជម្រុះប្រកួតនៅថ្ងៃទី២៣ ខែកុម្ភៈ នៅរាជធានីភ្នំពេញ និងបញ្ចប់ នៅថ្ងៃទី ២២ ខែឧសភា នៅខេត្តសៀមរាប ដែលមានជ្រើសរើសក្រុមខ្លាំងទាំង១០ ដែលមកពីតំបន់ផ្សេងៗគ្នារួមមាន រាជធានីភ្នំពេញ ខេត្តព្រះសីហនុ ខេត្តបាត់ដំបង ខេត្តកំពង់ចាម និងខេត្តសៀមរាប ដើម្បីប្រយុទ្ធដណ្តើមជើងឯករបស់ Division B ចាប់ពីថ្ងៃទី៥ដល់ថ្ងៃទី ១២ ខែមិថុនា ឆ្នាំ 2016 ដោយមានការផ្សាយបន្តផ្ទាល់ នៅលើកញ្ចក់ទូរទស្សន៍ My TV នៅថ្ងៃទី12 ចាប់ពីម៉ោង ២:០០ រសៀល ដល់ម៉ោង ៦:០០ល្ងាច។
នៅក្នុង Division A នឹងមានប្រាំបីក្រុម ដែលប្រាំមួយក្រុមគឺជាក្រុមដែលល្អបំផុត កាលពីឆ្នាំ ២០១៥ មានដូចជាក្រុមកីឡាករ ខេត្តព្រៃវែង ក្រសួងមហាផ្ទៃ ខេត្តកំពង់ចាម បញ្ជាការដ្ឋានអង្គរក្ស A ខេត្តបាត់ដំបង ក្រុមកងពលធំអន្តរាគមន៍លេខ៣ និងក្រុមដែលឈ្នះ ២ក្រុមទៀត ដែលមកពី Division B នឹងធ្វើការប្រកួតចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី១៩ ខែមិថុនា និងផ្សាយបន្តផ្ទាល់ នៅលើកញ្ចក់ទូរទស្សន៍ My TV ចាប់ពីម៉ោង២:០០រសៀល ដល់ម៉ោង ៦:០០ ល្ងាច នៅថ្ងៃទី១៩ ខែមិថុនា។
គួរបញ្ជាក់ថា រង្វាន់សរុបទាំងអស់នៃកម្មវិធីប្រកួតជើងឯកបាល់ទះថ្នាក់ជាតិរបស់ ស្រាបៀរ លីអូ ឆ្នាំ២០១៦នេះគឺ ២២,០០០ដុល្លារសហរដ្ឋអាមេរិក៕