(ភ្នំពេញ)៖ របបសន្ដិសុខសង្គមផ្នែកប្រាក់សោធនបានរួមចំណែកយ៉ាងសំខាន់បំផុតក្នុងការបង្កើនស្មារតីទទួលខុសត្រូវខ្ពស់ ខិតខំបំពេញការងារប្រកបដោយស្ថិរភាព និងភាពយូរអង្វែងរបស់កម្មករនិយោជិត ឈានដល់ការបង្កើតផលិតភាពជូនសហគ្រាស គ្រឹះស្ថានរបស់ខ្លួន។ របបសន្ដិសន្ដិសុខសង្គមផ្នែកប្រាក់សោធនថ្មីនេះ គឺឱ្យកម្មករនិយោជិតទាំងអស់ក្នុងវិស័យឯកជនទទួលបានប្រាក់ចូលនិវត្តន៍នៅពេលចាស់ធ្វើការលែងកើត ដូចទៅនឹងមន្រ្តីរាជការដែរ។

លោក អ៉ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងជាប្រធានក្រុមប្រឹក្សាភិបាលនៃបេឡាជាតិសន្តិសុខសង្គម បានលើកឡើងបែបនេះ នារសៀលថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២២ នៅសណ្ឋាគារហ៊ីម៉ាវ៉ារី ក្នុងពិធីផ្សព្វផ្សាយការដាក់ឱ្យអនុវត្តរបបសន្តិសុខសង្គមផ្នែកប្រាក់សោធន សម្រាប់បុគ្គលទាំងឡាយដែលស្ថិតនៅក្រោមបទប្បញ្ញត្តិនៃច្បាប់ស្តីពីការងារ ទៅដល់ថ្នាក់ដឹកនាំសហជីព និងក៏ជាកិច្ចប្រជុំលើកទី៣នៃយុទ្ធនាការ៩០ថ្ងៃ ដើម្បីធ្វើការផ្សព្វផ្សាយពីគោលនយោបាយរបស់រាជរដ្ឋាភិបាល ក៏ដូចជាអត្ថប្រយោជន៍ និងកាតព្វកិច្ច ដែលកម្មករនិយោជិត និងនិយោជក ត្រូវមានកាតព្វកិច្ច និងទទួលបានពីការអនុវត្តរបបសន្តិសុខសង្គមផ្នែកប្រាក់សោធននេះ។

លោក អ៉ិត សំហេង បញ្ជាក់បន្ថែមថា ការបង្កើតឱ្យមានរបបសន្ដិសុខសង្គមផ្នែកប្រាក់សោធននេះឡើង គឺជាការយកចិត្តទុកដាក់ខ្ពស់បំផុតរបស់រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា ទៅលើជីវភាពរស់នៅ ក្នុងន័យកាត់បន្ថយភាពក្រីក្រ និងធានានូវសុខុមាលភាពរបស់ប្រជាពលរដ្ឋ ពិសេសកម្មករនិយោជិត។ ចំពោះការចុះឈ្មោះចូលជាសមាជិក ប.ស.ស.ផ្នែកប្រាក់សោធនមិនមែនជាការស័្មគ្រចិត្តនោះទេ ប៉ុន្ដែវាជាកាតព្វកិច្ចរបស់ភាគីនិយោជក និងភាគីនិយោជិត ដែលត្រូវអនុវត្តស្របទៅតាមច្បាប់ស្ដីពីរបបសន្ដិសុខសង្គម ដែលបានដាក់ចេញដោយរាជរដ្ឋាភិបាលកម្ពុជា៕