(កំពង់ធំ)៖ ដោយអនុវត្តតាមបទបញ្ជារបស់លោកឧត្តមសេនីយ៍ឯក ពៅ ហេង មេបញ្ជាការរងកងទ័ពជើងគោក និងមេបញ្ជាការយោធភូមិភាគទី៤ នៅរសៀលថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២២ ឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការ តំបន់ប្រតិបត្តិការសឹករងកំពង់ធំ បានដឹកនាំសហការី ទៅត្រួតពិនិត្យនិងប្រគល់ភារកិច្ចសំខាន់ៗមួយចំនួន ជូនដល់កងកម្លាំងអន្តរាគមន៍នៃបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ ដើម្បីត្រៀមខ្លួនជួយសង្គ្រោះប្រជាពលរដ្ឋ ក្នុងគ្រោះ មហន្តរាយផ្សេងៗ ពិសេសគ្រោះទឹកជំនន់ដែលកើតមានឡើងក្នុងភូមិសាស្រ្តខេត្តកំពង់ធំ ដែលពិធីនេះប្រព្រឹត្តទៅនៅទីបញ្ជាការកងវិរៈសេនាតូចលេខ ១ ស្ថិតនៅភូមិតាឡែកថ្មី ឃុំសាលាវិស័យ ស្រុកប្រាសាទបល្ល័ង្ក ខេត្តកំពង់ធំ។

លោកវរសេនីយ៍ទោ អ៊ូ ឆេងកន នាយសេនាធិការរង និងជាអនុប្រធានគណបញ្ជាការ ដឹកនាំបញ្ជាកម្លាំងចល័ត អន្តរាគមន៍ បានឡើងរាយការណ៍អំពីការប្រុងប្រៀបកងកម្លាំង មធ្យោបាយដឹកជញ្ជូន និងសម្ភារសម្រាប់ប្រើប្រាស់ក្នុង ពេលចល័តអន្តរាគមន៍តាមបទបញ្ជារបស់ថ្នាក់លើ ដើម្បីជួយសង្គ្រោះប្រជាពលរដ្ឋក្នុងពេលជួបគ្រោះមហន្តរាយផ្សេងៗ ដែលកើតមានឡើងក្នុងភូមិសាស្រ្តខេត្តកំពង់ធំ។

ឧត្តមសេនីយ៍ទោ សោម ស៊ុន បានផ្សព្វផ្សាយអំពីស្ថានភាពធាតុអាកាស ដែលបានកើតមានឡើងក្នុងរយៈ ពេលប៉ុន្មានថ្ងៃនេះនៅទូទាំងព្រះរាជាណាចក្រកម្ពុជា និងបានថ្លែងអំណរគុណដ៏ជ្រាលជ្រៅជាទីបំផុត ចំពោះថ្នាក់ដឹកនាំ នឹងយោធិនគ្រប់រូប នៃកងកម្លាំងអន្តរាគមន៍ទាំងអស់ របស់បញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ ដែលបានប្រុង ប្រៀបកងកម្លាំងមធ្យោបាយ និងសំភារៈគ្រប់គ្រាន់ដើម្បីរង់ចាំអនុវត្តតាមបទបញ្ជាដែលថ្នាក់លើបានប្រគល់ជូន។

ឧត្តមសេនីយ៍ទោ សោម ស៊ុន បានប្រគល់ភារកិច្ចសំខាន់ៗមួយចំនួនមានជាអាទិ៍: កងទ័ពគឺជាកូនចៅរបស់ ប្រជាជន និងដើម្បីប្រជាជន ដូច្នេះត្រូវបម្រើប្រជាជន ដោយស្មោះត្រង់និងដោយអស់ពីចិត្តពីថ្លើម ហើយកងកម្លាំងអន្ត រាគមន៌ទាំងអស់ត្រូវត្រៀមខ្លួន ត្រៀមមធ្យោបាយ និងសម្ភារគ្រប់គ្រាន់ ដើម្បីអនុវត្តតាមបទបញ្ជារបស់ថ្នាក់លើ ក្នុងការបម្រើប្រជាជនឲ្យទាន់ពេលវេលា និងត្រូវបន្តប្រុងប្រយ័ត្នការពារទប់ស្កាត់ការឆ្លងជំងឺកូវីដ-១៩ ក្នុងសភាពការណ៍ថ្មី ដោយត្រូវអនុវត្តឲ្យបានខ្ជាប់ខ្ជួនតាមវិធានការ «៣ការពារ និង៣កុំ» របស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា៕