(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានប្រកាសផ្សព្វផ្សាយជាបន្តបន្ទាប់នូវកម្មវិធី The Voice Cambodia និង Cambodian Idol នៅលើទំព័រ Facebook ផ្ទាល់របស់សម្តេច ដែលមានអ្នក Like ជាង៤លាន។
កម្មវិធី The Voice Cambodia និង Cambodian Idol ជាកម្មវិធីដ៏ល្បីល្បាញនៅលើពិភពលោក ដែលត្រូវបាននាំមកជូនប្រជាជនកម្ពុជា ដោយស្ថានីយ៍ទូរទស្សន៍ ហង្សមាស ដើម្បីស្វែងរក និងចម្រាញ់អ្នកមានទេពកោសលក្នុងការច្រៀងចម្រៀង នៅក្នុងប្រទេស។
នៅលើបណ្តាញសង្គម Facebook នៅថ្ងៃនេះ សម្តេចតេជោ ហ៊ុន សែន បានកោតសរសើរដល់យុវជន យុវតី នានាដែលបានចូលរួម បញ្ចេញសមត្ថភាព តាមរយៈកម្មវិធីទាំង២ខាងលើ ជាមួយគ្នានេះ សម្តេចក៏បានថ្លែងអំណរគុណដលស្ថានីយ៍ទូរទស្សន៍ហង្សមាសនេះ រួមទាំងអ្នកគ្រប់គ្រង និងអ្នកបង្វឹកបេក្ខជនផងដែរ។
សម្តេចតេជោ ហ៊ុន សែន បានសរសេរថា «ដើម្បីផ្តល់ការគាំទ្រ និងលើកទឹកចិត្តដល់យុវជនក៏ដូចជាផ្តល់នូវការកំសាន្ត គឺនឹងមានការផ្សាយសារឡើងវិញនូវកម្មវិធីដ៏មានប្រជាប្រិយទាំងពីរខាងលើនៅលើទំព័រហ្វេសប៊ុករបស់ខ្ញុំផ្ទាល់នៅពេលផ្សាយជាបន្តបន្ទាប់នាពេលខាងមុខនេះ»។
ទោះជាយ៉ាងណា សម្តេចបញ្ជាក់ថា ទំព័រ Facebook របស់សម្តេចក៏នឹងចាក់ផ្សាយផងដែរនូវបទចម្រៀងដែលរៀបចំដោយក្រសួងទេសចរណ៌។សិល្បៈដែលថតដោយទូរទស្សន៍អាស៊ីអាគ្នេយ៍នៃទិវាវប្បធម៌៣មីនា ដែលរៀបចំដោយក្រសួងវប្បធម៌និង វិចិត្តសិល្បៈ។ ការប្រឡងចម្រៀងប្រពៃណី ល្ខោនបាសាក់ យីកេ មហោរី កំណាព្យដោយទូរទស្សន៌បាយ័ន។ បទចម្រៀងទាក់ទងដល់ការអភិវឌ្ឍ និងសកម្មភាពមនុស្សធម៌របស់កាកបាទក្រហមកម្ពុជា។
សម្តេចបានសរសេរបន្ថែមថា «ខ្ញំនឹងផ្សាយនូវចម្រៀងដែលផលិតដោយទូរទស្សន៍ ឬផលិតកម្មផ្សេងទៀតក្នុងករណីយទទួលបានការអនុញ្ញាត។ ទំពរ័ Facebook របស់ខ្ញុំនេះមិនជំនួសឱ្យវិទ្យុ និងទូរទស្សន៌ណាមួយទេ តែការចាក់ផ្សាយបទចម្រៀងឬសិល្បៈអាចជួយដល់បងប្អូនពិសេសក្មួយៗយុវជនទាំងក្នុង និងក្រៅប្រទេសដែលមិនមានពេលមើលទូរទស្សន៍ហើយជាអ្នកនិយម Facebook ផងដែរ»៕