(ព្រះសីហនុ)៖ លោកបណ្ឌិតសភាចារ្យ ហង់ ជួនណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា និងជាប្រធានក្រុមប្រឹក្សាសហគមន៍សង្គម-វប្បធម៌ អាស៊ាន (ASCC Council Chair) បានថ្លែងបញ្ជាក់ថា សិក្ខាសាលាថ្នាក់តំបន់ស្តីពី តម្រូវការទីផ្សារការងារ ក្នុងសម័យឧស្សាហកម្ម៤.០ មានសារៈសំខាន់សម្រាប់គ្រូបង្រៀន គណៈគ្រប់គ្រងវិទ្យាល័យ ចំណេះទូទៅ អ្នករៀបចំគោលនយោបាយ និងវិស័យឯកជនក្នុងការសហការ និងចែករំលែកបទពិសោធន៍ក្នុងតំបន់អាស៊ាន លើការអប់រំបច្ចេកទេស។

លោកបណ្ឌិតសភាចារ្យ បានបញ្ជាក់ដែរថា ការអប់រំបច្ចេកទេស ពិតជាមានសារៈសំខាន់ណាស់ដល់គ្រូបង្រៀន និងសិស្សានុសិស្ស ដើម្បីឆ្លើយតបទៅ នឹងតម្រូវការទីផ្សារការងារនាពេលបច្ចុប្បនេះ។

លោកបណ្ឌិតសភាចារ្យ ហង់ ជួនណារ៉ុន បានលើកឡើងដូចនេះ នាព្រឹកថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២២ ក្នុងឱកាសដែលក្រសួងអប់រំ យុវជន និងកីឡា និងជាតំណាងជាតិ សម្រាប់សហគមន៍សង្គម-វប្បធម៌អាស៊ាន បានធ្វើជាម្ចាស់ផ្ទះរៀបចំសិក្ខាសាលាថ្នាក់តំបន់ស្តីពី តម្រូវការទីផ្សារការងារក្នុងសម័យឧស្សាហកម្ម៤.០ រវាងវិស័យឯកជន និងគ្រូអប់រំបច្ចេកទេស ក្នុងតំបន់អាស៊ាន នៅខេត្តព្រះសីហនុ។

សិក្ខាសាលានេះ ក៏មានការចូលរួមពី លោកសាស្រា្តចារ្យ Hidetoshi Nishimura ប្រធានវិទ្យាស្ថានស្រាវជ្រាវសេដ្ឋកិច្ចសម្រាប់តំបន់អាស៊ាន និងអាស៊ីខាងកើត (ERIA) និងសំណាក់ថ្នាក់ដឹកនាំក្រសួង បុគ្គលិកអប់រំ គ្រូបង្រៀន និងគ្រូអប់រំបច្ចេកទេស គណៈគ្រប់គ្រងវិទ្យាល័យចំណេះទូទៅ និងបច្ចេកទេស អ្នកជំនាញការអន្តរជាតិ និងអ្នករៀបចំគោលនយោបាយមកពីបណ្តាប្រទេសក្នុងតំបន់អាស៊ាន។

លោកបណ្ឌិតសភាចារ្យ បានថ្លែងបញ្ជាក់ទៀតថា សាលារៀន និងសាកលវិទ្យាល័យ គួរតែអនុវត្តកម្មវិធីសិក្សាបត់បែន ដើម្បីភ្ជាប់ទៅនឹងអាជីពការងារ បង្កើតប្រព័ន្ធ អេកូ សហគ្រិន សម្រាប់ផ្សារភ្ជាប់ការអប់រំទៅនឹង បញ្ហាជាក់ស្ដែង ក្នុងសកល និងលើកកម្ពស់ទំនាក់ទំនងអាជីវកម្ម និងសាកលវិទ្យាល័យ ដើម្បីអភិវឌ្ឍការសិក្សាស្រាវជ្រាវ និងគម្រោងនានា ក៏ដូចជាការត្រៀមខ្លួន ក្នុងការចាប់យកឱកាសការងារ ក្នុងបរិបទសង្គមឌីជីថល។

សូមបញ្ជាក់ផងដែរថា សិក្ខាសាលាថ្នាក់តំបន់ស្តីពី តម្រូវការទីផ្សារការងារក្នុងសម័យឧស្សាហកម្ម៤.០ រវាងវិស័យឯកជន និងគ្រូអប់រំបច្ចេកទេស ក្នុងតំបន់អាស៊ាននេះ មានគោលបំណងពង្រឹង និងពង្រីកទំនាក់ទំនងរវាងវិស័យឯកជន គ្រូ និងគណៈគ្រប់គ្រងសាលា និងអ្នករៀបចំគោលនយោបាយ បង្កើតវេទិការចែករំលែក បទពិសោធន៍ និងចំណេះដឹងល្អៗ ពង្រឹងជំនាញប្រតិបត្តិរបស់គ្រូអប់រំបច្ចេកទេសតាមរយៈការធ្វើទស្សនកិច្ចសិក្សានៅតាមសហគ្រាស រោងចក្រឧស្សាហកម្ម និងផ្សព្វផ្សាយសារៈសំខាន់ នៃការអប់រំបច្ចេកទេសនៅតាមវិទ្យាល័យចំណេះទូទៅ និងបច្ចេកទេស ក្នុងតំបន់អាស៊ានផងដែរ៕