(ភ្នំពេញ)៖ អាចជារឿងកម្រមួយដែលជាតិសាសន៍ដទៃស្ម័គ្រចិត្តលះបង់ពេលវេលា និងកម្លាំងកាយរបស់ខ្លួន ដើម្បីបុព្វហេតុនៃឧត្តមប្រយោជន៍នៃប្រទេសណាមួយ។ ដោយមើលឃើញចំណងមិត្តភាពដ៏ល្អរបស់រវាងកម្ពុជា និងជប៉ុន និងចង់បានជាចំណែកនៃការពូនជ្រុំឱ្យទំនាក់ទំនងនេះ កាន់តែល្អប្រសើរថែមទៀតនោះ បានជំរុញឱ្យបុរសជនជាតិជប៉ុនមួយរូប ស្ម័គ្រចិត្តចំណាយពេលវេលា លះបង់កម្លាំងកាយចិត្ត និងបញ្ញាញាណរបស់ខ្លួនចូលខ្លួនបំពេញការងារជាប្រយោជន៍សម្រាប់កម្ពុជា និងរុញច្រាននូវទំនាក់ទំនងកម្ពុជា-ជប៉ុន ដោយមិនមានការតបស្នង។

លោក ថៃ ស៊ុស៊ុមុ បុរសជនជាតិជប៉ុនមួយរូប ត្រូវបានរាជរដ្ឋាភិបាលកម្ពុជា តែងតាំងជាកុងស៊ុលកិត្តិយសរបស់កម្ពុជា ប្រចាំក្រុងសេនដាយ ប្រទេសជប៉ុន កាលពីឆ្នាំ២០១៨។ តាមរយៈតួនាទីនេះ លោកបានបំពេញសកម្មភាពជាច្រើន ដើម្បីជំរុញអ្នកវិនិយោគជប៉ុនមកកាន់ប្រទេសកម្ពុជា។

ក្នុងបទសម្ភាសន៍ជាមួយ Fresh News លោក ថៃ ស៊ុស៊ុមុ បានឱ្យដឹងថា មូលហេតុដែលធ្វើឱ្យលោករូបលោកធ្វើជាកុងស៊ុលកិត្តិយសរបស់កម្ពុជាប្រចាំនៅក្រុងសេនដាយ គឺដោយសារតែលោកមើលឃើញពីសក្តានុពល និងចំណងមិត្តភាពដ៏ល្អរវាងប្រទេសកម្ពុជា និងប្រទេសជប៉ុន។ លោកចង់ផ្សារភ្ជាប់ចំណងមិត្តភាពដ៏ល្អនេះ មួយផ្នែកណាតាមរយៈរូបលោក។

លោក ថៃ ស៊ុស៊ុមុ បានថ្លែងអំណរគុណរាជរដ្ឋាភិបាលកម្ពុជា ជាពិសេសសម្តេចតេជោ ហ៊ុន សែន និងលោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួងការបរទេស ដែលបានទុកចិត្ត និងមានទំនុកចិត្តលើរូបលោក ហើយតែងតាំងលោកជាកុងស៊ុលកិត្តិយសតំណាងឱ្យប្រទេសកម្ពុជា នៅទីក្រុងសេនដាយ ប្រទេសជប៉ុន។ បុរសជនជាតិជប៉ុនរូបនេះ ក៏បានថ្លែងអំណរគុណដល់មន្ត្រីគ្រប់ជាន់ថ្នាក់ និងប្រជាជនកម្ពុជា ដែលមានទំនុកចិត្តលើរូបលោក៕