ព្រះមហាក្សត្រ នឹងយាងបួងសួងដល់ ដួងព្រះវិញ្ញាណក្ខ័ន្តព្រះមហាក្សត្រអង្គមុនៗ នៅលើប្រាសាទកោះកេរ្តិ៍ ថ្ងៃស្អែក
24-05-2016 17:23
(ព្រះវិហារ)៖ លោក អ៊ុំ ម៉ារ៉ា អភិបាលខេត្តព្រះវិហារ បានប្រាប់ Fresh News ឱ្យដឹងថា នៅថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០១៦ ស្អែកនេះ ព្រះករុណា ព្រះបាទសម្តេចព្រះ បរមនាថ នរោត្តម សីហមុនី នឹងយាងបួងសួង ដល់ដួងព្រះវិញ្ញាណក្ខ័ន្តព្រះមហាក្សត្រអង្គមុនៗ នៅលើប្រាសាទភ្នំកោះកេរ្តិ៍ នៅខេត្តព្រះវិហារ។
អភិបាលខេត្តរូបនោះ បានបញ្ជាក់ថា ការបួងសួងរបស់ព្រះមហាក្សត្រ គឺជាទំនៀមទម្លាប់ ប្រពៃណីរបស់ព្រះមហាក្សត្រតាំងពីបុរាណកាល ហើយក្រៅពីនោះ ព្រះអង្គនឹងយាង សំណេះសំណាលជាមួយប្រជាពលរដ្ឋ ខេត្តព្រះវិហារ ផងដែរ។
សូមបញ្ជាក់ថា ដើម្បីត្រៀមរៀបចំប្រារព្ធពិធីថ្វាយព្រះមហាក្សត្រ នៅថ្ងៃទី១០ ខែឧសភា ឆ្នាំ២០១៦ សម្តេចចៅហ្វាវាំង គង់ សំអុល ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងបរមរាជវាំង អមដំណើរដោយ អាជ្ញាធរជាតិព្រះវិហារ គណៈភិបាលខេត្តព្រះវិហារ រួមទាំងកំលាំងប្រដាប់អាវុធផងដែរនោះ បានពិនិត្យទីតាំងរៀបចំទីតាំងសម្រាប់ត្រៀមយាងព្រះមហាក្សត្រ ទ្រង់យាងមកធ្វើពិធីសែនព្រេន ជូនដល់ព្រះមហាក្សត្រជំនាន់មុន និងជួបសំណេះសំណាលជាមួយ ប្រជាពលរដ្ឋនៅភូមិកោះកែរ្ដិ៍ និងភូមិរចេកចំនួន៤៤៧នាក់៕