(កំពង់ស្ពឺ)៖ ក្នុងរយៈពេល២-៣ថ្ងៃ រហូតដល់ថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២២នេះ មានបងប្អូនប្រជាពលរដ្ឋជាច្រើន បាននាំគ្នាសម្រុកនាំរថយន្តមកបង់ពន្ធតាមស្មារតីភ្ញាក់រលឹកខ្ពស់ស្របតាមសេចក្តីជូនដំណឹងស្តីពី ការអនុញ្ញាតឱ្យបង់ពន្ធ និងអាករ លើរថយន្តគ្មានពន្ធមានស្រាប់ក្នុងប្រទេសដែលនៅសេសសល់អនុលោមតាមប្រសាសន៍ និងការសម្រេចដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា។

ជាក់ស្តែងសាខាគយរដ្ឋាករខេត្តកំពង់ស្ពឺ ក៏បានធ្វើការផ្សព្វផ្សាយដល់ម្ចាស់ក្រុមហ៊ុនអាជីវកម្ម គ្រឿងចក្រការដ្ឋាន រណ្តៅដី យានដ្ឋានជួសជុលរថយន្ត។ល។ ឲ្យចូលមកបង់ពន្ធផងដែរ។ គេបានសង្កេតឃើញថា មន្ត្រីគយកំពុងមមាញឹក ធ្វើលិខិតបង់ពន្ធ និងត្រួតពិនិត្យយានយន្តគ្រប់ប្រភេទ ដែលបានមកបង់ពន្ធជូនរដ្ឋរយៈពេលប៉ុន្មានថ្ងៃកន្លងមកនេះ។

សូមរំលឹកថា ក្រោយប្រសាសន៍សម្តេចតេជោ ហ៊ុន សែន អនុគ្រោះឱ្យម្ចាស់រថយន្តចង្កូតស្ដាំគ្មានពន្ធមានស្រាប់ក្នុងប្រទេស ដែលនៅសេសសល់ចូលមកបំពេញកាតព្វកិច្ច ពន្ធនិងអាករ, អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា ក៏បានជូនដំណឹងដល់ម្ចាស់រថយន្ត គ្មានពន្ធមានស្រាប់ក្នុងប្រទេសជ្រាប ដូចខាងក្រោម៖

*ទី១៖ ម្ចាស់រថយន្តចង្កូតស្តាំ ដែលបានកក់ប្រាក់ពន្ធនិងអាកររួចតែពុំទាន់កែចង្កូត អាចមកទទួលយកបង្កាន់ដៃ ពន្ធយានយន្ត ដោយមានជម្រើសក្នុងការកែឬមិនកែចង្កូត ដើម្បីយកទៅចុះបញ្ជីធ្វើផ្លាកលេខ។

*ទី២៖ ម្ចាស់រថយន្តចង្កូតស្តាំគ្មានពន្ធដែលនៅសេសសល់ ( ពុំទាន់បានកក់ប្រាក់ពន្ធនិងអាករ ត្រូវមកបង់ពន្ធនិង អាករ ឬប្រកាសស្នើសុំចុះបញ្ជីជារថយន្តចង្កូតស្តាំគ្មានពន្ធមានស្រាប់ក្នុងប្រទេស ដើម្បីបង់ពន្ធនិងអាករ ជាក្រោយ ដោយមិនតម្រូវឱ្យកែចង្កូត នៅអង្គភាពគយនិងរដ្ឋាករដែលនៅជិតបំផុត តាមកាលបរិច្ឆេទ ដូចខាងក្រោម៖

ការស្នើសុំចុះបញ្ជីរថយន្តចង្កូតស្តាំគ្មានពន្ធមានស្រាប់ក្នុងប្រទេស នឹងត្រូវចាប់ផ្តើមពីពេលនេះ រហូតដល់ថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២២។ ផុតរយៈពេលនេះ រថយន្តដែលខកខានមិន បានចុះបញ្ជីនឹងត្រូវចាត់ទុកជារថយន្តគ្មានស្រាប់ ក្នុងប្រទេស (ទើបរត់ពន្ធចូលមកថ្មី) និងជាមុខសញ្ញ នៃការបង្ក្រាបនិងរឹបអូស តាមបទប្បញ្ញត្តិជាធរមាន ការបង់ពន្ធនិងអាករ នឹងមានរយៈពេល៩០ថ្ងៃ ដោយគិតចាប់ពីពេលនេះ រហូតដល់ថ្ងៃទី០៨ ខែតុលា ឆ្នាំ២០២២។

*ទី៣៖ ម្ចាស់រថយន្តចង្កូតឆ្វេងគ្មានពន្ធមានស្រាប់ក្នុងប្រទេស ក៏អាចមកបង់ពន្ធ និងអាករចាប់ពីពេលនេះតទៅ រហូតដល់ថ្ងៃទី០៨ ខែតុលា ឆ្នាំ២០២២ ដោយមិនរងការពិន័យផងដែរ។

បន្ថែមពីនេះទៀត ការអនុវត្តគោលការណ៍អនុគ្រោះខាងលើនេះ មិនអនុវត្តចំពោះរថយន្ត ដែលមានឆ្នាំម៉ូដែលចាប់ពី ឆ្នាំ២០២១ឡើងឡើយ ដែលជាកម្មវត្ថុនៃការបង់ពន្ធអាករ និងទទួលរងពិន័យ តាមបទប្បញ្ញត្តិជាធរមាន។ អាស្រ័យ ហេតុនេះ សូមម្ចាស់រថយន្តគ្មានពន្ធទាំងអស់ រួសរាន់មកចុះបញ្ជី និងបំពេញកាតព្វកិច្ចពន្ធ និងអាករឱ្យបានទាន់តាមកាល បរិច្ឆេទកំណត់ដូចខាងលើជាកំហិត៕