(កំពង់ឆ្នាំង)៖ នៅព្រឹកថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២២នេះ នាយឧត្តមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការនៃកងយោធពលខេមរភូមិន្ទ តំណាងសម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ បានអញ្ជើញជាអធិបតីភាពក្នុងពិធីប្រារព្ធខួបលើកទី២៩ ថ្ងៃបង្កើតកងរាជអាវុធហត្ថលើផ្ទៃប្រទេស ព្រមទាំងសម្ពោធដាក់ឱ្យប្រើប្រាស់សមិទ្ធផលនានានៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តកំពង់ឆ្នាំង។

ក្នុងរបាយការណ៍ដែលអាន ដោយនាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង និងជាមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស បានលើកឡើងពីប្រវត្តិកងរាជអាវុធហត្ថដែលបានកកើតដំបូងក្នុងឆ្នាំ១៩៥៧ ព្រមទាំងលទ្ធផលលេចធ្លោក្នុងឆ្នាំកន្លងទៅ ដែលកងរាជអាវុធលើផ្ទៃប្រទេសសម្រេចបាន រួមមាន: ការងារកសាងកម្លាំង, ការងារធានា គ្រឿងបំពាក់, ការងាររដ្ឋបាលទំនាក់ទំនងសាធារណៈ និងការងារប្រតិបត្តិតួនាទីភារកិច្ច ជាដើម។

ថ្លែងក្នុងឱកាសនោះ នាយឧត្តមសេនីយ៍ វង្ស ពិសេន បានពាំនាំការផ្តាំផ្ញើសួរសុខទុក្ខពីសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ព្រមទាំងសម្តេចពិជ័យសេនា ទៀ បាញ់ ជូនថ្នាក់ដឹកនាំ នាយ និងពលអាវុធហត្ថទាំងអស់ ដែលបានលះបង់កម្លាំងកាយចិត្តបំពេញភារកិច្ច សម្រេចបានស្នាដៃធំៗជាច្រើន ពិសេសការរួមចំណែកដល់ការថែរក្សាសន្តិភាពការពារសន្តិសុខ សណ្តាប់ធ្នាប់ សាធារណៈ ស្ថិរភាពនយោបាយ ដែលជាមូលដ្ឋានគ្រឹះក្នុងការអភិវឌ្ឍសង្គម និងភាពសុខសាន្តរបស់ប្រជាពលរដ្ឋ។

នាយឧត្តមសេនីយ៍ វង្ស ពិសេន បានរម្លឹកពីវីរភាពរបស់សម្តេចតេជោ ហ៊ុន សែន ដែលបានយកជីវិតធ្វើជាដើមទុនចេញទៅប្រទេសវៀតណាម ដើម្បីធ្វើការតស៊ូសង្គ្រោះជាតិ ក្នុងឆ្នាំ១៩៧៧ ដោយត្រូវឆ្លងកាត់ឧបសគ្គ ប្រកបដោយគ្រោះថ្នាក់ រហូតកសាងបានកម្លាំងតស៊ូរំដោះជាតិ និងទទួលបានជ័យជម្នះនៅថ្ងៃទី៧ ខែមករា ឆ្នាំ១៩៧៩។

នាយឧត្តមសេនីយ៍ បញ្ជាក់ថា ដើម្បីបិទបញ្ចប់សង្រ្គាមដ៏រ៉ាំរ៉ៃនៅកម្ពុជា សម្តេចតេជោ ហ៊ុន សែន បានដាក់ចេញនូវគោលនយោបាយឈ្នះឈ្នះ នាំមកនូវសន្តិភាពពេញលេញ និងការឯកភាពទឹកដីនៅចុងឆ្នាំ១៩៩៨ ដែលក្នុងប្រវត្តិសាស្ត្រកម្ពុជាមិនដែលមានអស់រយៈពេលជាង៥០០ឆ្នាំមកហើយ។

«ក្រោមពន្លឺសន្តិភាព កម្ពុជាសម្រេចបាននូវការផ្លាស់ប្តូរធំៗជាវិជ្ជមានប្រកបដោ យមោទនភាព...។ ការសម្រេចបានកំណើនសេដ្ឋកិច្ចខ្ពស់ប្រកបដោយចីរភាពក្នុងរយៈពេលជាង២ទសវត្សមកនេះ... ជីវភាពប្រជាជនត្រូវបានលើក កម្ពស់ សន្តិសុខ សណ្តាប់ធ្នាប់ សង្គមមានភាពល្អប្រសើរ...។ ហេតុនេះទោះបង់ក្នុងតម្លៃណាក៏ដោយ កងយោធពលខេមរភូមិន្ទ ដែលជាឆ្អឹងខ្នងប្រទេសជាតិ ត្រូវកម្ចាត់ចោលភ្លាមនូវបដិវត្តន៍ពណ៌ និងក្រុមជ្រុលនិយម ដែលមានចរិត បង្កចលាចល ក្នុងសង្គម ដើម្បីការពារសន្តិភាព ការពាររាជរដ្ឋាភិបាលស្របច្បាប់ ការពាររដ្ឋធម្មនុញ្ញ និងភាពសុខសាន្តរបស់ប្រជាពលរដ្ឋ....»។ នេះជាការបញ្ជាក់របស់នាយឧត្ដមសេនីយ៍ វង្ស ពិសេន។

នាយឧត្តមសេនីយ៍ អគ្គមេបញ្ជាការ បានផ្តាំផ្ញើដល់កម្លាំងកងរាជអាវុធហត្ថ ត្រូវស្មោះត្រង់ដាច់ខាត និងអនុវត្តម៉ឺងម៉ាត់រាល់បទបញ្ជារបស់ប្រមុខរាជរដ្ឋាភិបាល ក្រសួងការពារជាតិ និងអគ្គបញ្ជាការ ក្នុងនោះយកចិត្តទុកដាក់ សហការជាមួយអាជ្ញាធរ សមត្ថកិច្ចនានា ក្តាប់ជាប់រាល់ ព័ត៌មានពាក់ព័ន្ធ សកម្មភាពល្មើសច្បាប់ ដើម្បីទប់ស្កា ត់និង បង្ក្រាបបានទាន់ពេលវេលា។

នាយឧត្តមសេនីយ៍ ក៏បានសង្កត់ធ្ងន់អំពីការយកចិត្តទុកដាក់ការបណ្តុះបណ្តាលធនធានមនុស្ស ការអប់រំ ហ្វឹកហ្វឺនជាប្រចាំពីវិន័យកងទ័ព សីលធម៌ វិជ្ជាជីវៈ បច្ចេកទេស មុខជំនាញ ភាភាសាបរទេស ការថែទាំមធ្យោបាយ គ្រឿងបំពាក់ ការកសាងជំរំបន្ទាយ ការបង្កបង្កើនផល ចិញ្ចឹមសត្វ និងការត្រៀមលក្ខណ:ចូលរួមប្រតិបត្តិការជួយសង្គ្រោះប្រជាពលរដ្ឋពេលជួបគ្រោះមហន្តរាយផ្សេងៗផងដែរ៕