(ភ្នំពេញ)៖ ប្រមុខដឹកនាំកំពូលរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន បានណែនាំដល់ក្រុមហ៊ុនទូរស័ព្ទ ក្រុមហ៊ុនផ្តល់សេវាអ៉ីនធើណិត ឱ្យពង្រឹងលើការផ្តល់សេវាអ៉ីនធើណេត ទាំងនៅទីក្រុង និងនៅតាមជនបទនានា។
សម្តេចតេជោនាយករដ្ឋមន្ត្រី ថ្លែងណែនាំបែបនេះនៅថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២២ ពេលអញ្ជើញជាអធិបតីភាព បិទសន្និបាតបូកសរុបការងារវិស័យទេសចរណ៍ ដែលរៀបចំឡើងដោយក្រសួងទេសចរណ៍ និងប្រតិបត្តិករទេសចរណ៍ នៅសណ្ឋាគារសុខា។
សម្តេចតេជោបានថ្លែងថា បច្ចុប្បន្ន រាជរដ្ឋាភិបាលកម្ពុជា បានជំរុញការងារតាមប្រព័ន្ធឌីជីថល។ បន្ថែមលើនេះឥឡូវនេះប្រជាពលរដ្ឋរបស់យើងប្រើប្រាស់ទូរស័ព្ទផ្ទេរលុយ ផ្ទេរកាក់ គឺងាយស្រួល តាមរយៈការប្រើប្រាស់ប្រព័ន្ធឌីជីថល។ ហេតុនេះហើយ សម្តេចបានជំរុញកុំភ្លេចឲ្យមានការគាំទ្រផ្នែកឌីជីថល ដែលត្រូវការសេវាអ៉ីនធើណិតនេះជាចាំបាច់។
សម្តេចតេជោ ហ៊ុន សែន មានប្រសាសន៍បញ្ជាក់យ៉ាងដូច្នេះថា «មិនត្រឹមតែជនបទទេ ទីក្រុងក៏ត្រូវតែឲ្យមានភាពរឹងមាំដែរផ្នែកសេវា ព្រោះនៅកន្លែងខ្លះ ឧទាហរណ៍ថា អូតែល (សណ្ឋាគារ) ហ្វ្រីវ៉ាយហ្វាយ (Free Wifi) ប៉ុន្តែអាហ្នឹងពិតជាហ្វ្រីមែន! ហ្វ្រីវាអត់! ទទេរតែម្តង! ខ្ញុំបើចូលមកកន្លែងដូចនេះ (បន្ទប់ថ្លែងសុន្ទរកថា) ខ្ញុំអត់ប្រើអ៉ីនធើណិតបានទេ ព្រោះដាក់ទៅវាវិលខ្ញាល់តែម្តង (អត់សេវា)។ គេធ្វើតម្រូវដាក់ថា ប៉ុន្មាននាក់ នៅកន្លែងហ្នឹង។ (ឧទាហរណ៍ថា) តម្រូវ ២០ទូរស័ព្ទ តែបើឡើងដល់ ១០០ទូរស័ព្ទ វាវិលទាំងអស់។ អញ្ចឹងទេ សម្រាប់ខ្ញុំមួយ ខ្ញុំត្រូវប្រើប្រព័ន្ធភ្ជាប់ជាមួយនឹងផ្កាយរណបតែម្តង»។
សម្តេចតេជោបន្តថា «ឥឡូវនេះ ទូរសព្ទខ្ញុំប៉ុន្មានគ្រឿង ខ្ញុំភ្ជាប់អ៉ីនធើណិតជាមួយផ្កាយរណបទាំងអស់ តែពេលទៅដល់ផ្ទះ ខ្ញុំបិទសិន ហើយភ្ជាប់ Wifi នៅផ្ទះវិញ។ អញ្ចឹងទេ បានជាគ្រប់បណ្តាក្រុមហ៊ុនទូរសព្ទអ៉ីនធើណិតទាំងអស់ ត្រូវពង្រឹងខ្លួន។ នៅទីក្រុងក៏ត្រូវពង្រឹង ហើយពង្រីកវាទៅតាមតំបន់ទេសចរណ៍នានា ព្រោះដើម្បីទាក់ទាញឲ្យអ្នកទេសចរណ៍ បានទៅលេងកម្សាន្តនូវតំបន់ដាច់ស្រយាល»។
ស្របពេលជាមួយនឹងការថ្លែងឱ្យពិនិត្យប្រព័ន្ធ Wifi នៅតាមទីតាំងសណ្ឋាគារ ដែលមានតែ Wifi តែអត់ដើរនោះដែរ សម្តេចតេជោ ហ៊ុន សែន ឱ្យក្រុមហ៊ុនទូរសព្ទ ក្រុមហ៊ុនផ្តល់សេវាអ៉ីនធើណិត ពង្រីកសេវាកម្មដល់តំបន់ដាច់ស្រយាល ដើម្បីទាក់ទាញភ្ញៀវទេសចរផ្ទៃក្នុង។
សម្តេចតេជោ បានថ្លែងដែរថា ប្រជាពលរដ្ឋខ្លះពួកគាត់ធ្វើការ អំឡុងពេលដើរលេងកម្សាន្ត ហេតុនេះហើយបើគ្មានសេវាអ៉ីនធើណិត ធ្វើឲ្យប៉ះពាល់ដល់ការងាររបស់ពួកគាត់៕