(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅព្រឹកថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២២នេះ ថ្លែងបញ្ជាក់ថា ការដាក់ចេញនូវគោលនយោបាយសូន្យកូវីដ របស់រដ្ឋាភិបាលចិន បានធ្វើឲ្យប៉ះពាល់ការហូរចូលនៃភ្ញៀវទេសចរចិនមកកម្ពុជា ព្រោះតែការកំណត់ចំនួនថ្ងៃធ្វើចត្តាឡីស័ក មានរយៈពេលយូរ ពិបាកក្នុងការធ្វើដំណើរចេញចូល។
ភ្ញៀវទេសចរចិន ដែលនៅមុនកើតឡើងនូវវិបត្តិកូវីដ១៩ ឈរលំដាប់លេខ១ មកទស្សនាកម្ពុជា ច្រើនជាងគេបំផុត។
ជាមួយគ្នានេះ សម្តេចតេជោ ហ៊ុន សែន បង្ហាញនូវក្តីជឿជាក់ថា នៅពេលដែលរដ្ឋាភិបាលចិន បើកប្រទេសឡើងវិញ ដោយលុបចោលនូវគោលនយោបាយសូន្យកូវីដនោះ ភ្ញៀវទេសចរចិននឹងមកលេងកម្ពុជា ដូចពេលមុន។
ថ្លែងក្នុងឱកាសបិទសន្និបាត បូកសរុបការងារវិស័យទេសចរណ៍ ដែលរៀបចំឡើងដោយក្រសួងទេសចរណ៍ និងប្រតិបត្តិករទេសចរណ៍ នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី១៤ ខែកក្កដានេះ សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា «ក្នុងករណីដែលចិនជំរុញការងើបឡើងវិញ ដកចេញនូវនយោបាយកូវីដ១៩ [សូន្យកូវីដ] ខ្ញុំជឿជាក់ថា ទេសចរចិនមកកម្ពុជា អាចមានចំនួនច្រើន ។ ឥឡូវយើងបង្កើនជើងហោះហើរ រវាងកម្ពុជាជាមួយនឹងចិន ក៏បានច្រើនគួរសមប្រៀបធៀបនឹងរយៈពេលមុន»។
សម្តេចតេជោបញ្ជាក់ថា ក្រោយពេលកម្ពុជា បើកប្រទេសពេញលេញឡើងវិញ ហើយបន្ធូរបន្ថយនូវវិធានការណ៍ចេញចូលនោះ បានធ្វើឲ្យភ្ញៀវទេសចរអន្តរជាតិ ចាប់ផ្តើមកម្រើកឡើងវិញបន្តិច ពិសេសការធ្វើដំណើររបស់ភ្ញៀវទេសចរ តាមផ្លូវគោកជាមួយប្រទេសភូមិផងរបងតែមួយ ថៃ និងវៀតណាម។
ពាក់ព័ន្ធនឹងជើងហោះហើររវាងកម្ពុជា-ចិន លោក ស៉ីន ចាន់សិរីវុត្ថា អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យអាកាសចរណ៍ស៊ីវិល បានបញ្ជាក់ប្រាប់បណ្តាញព័ត៌មាន Fresh News នៅថ្ងៃទី១៤ ខែកក្កដានេះថា ភាគីទាំង២ បានព្រមព្រៀងគ្នាបង្កើនចំនួនជើងហោះហើរតាមជំហ៊ានៗ ដែលពីមុនមាន១ជើងទៅមកក្នុង១សប្តាហ៍ ក្រោយមក មាន២ជើងទៅមកក្នុង១សប្តាហ៍ ហើយបច្ចុប្បន្នមាន ៣ជើងទៅ ៣ជើងមក ក្នុង១សប្តាហ៍។ លោកបន្តថា ការហោះហើររវាងកម្ពុជា និងចិន មានឧបសគ្គ ដោយសារនយោបាយសូន្យកូវីដ១ របស់រដ្ឋាភិបាលចិន។
សូមជម្រាបថា ចិនជាប់ជាប្រទេសឈរលំដាប់ទី១ ដែលមានភ្ញៀវមកទស្សនាកម្សាន្ត នៅកម្ពុជាច្រើនជាងគេ។ ឆ្នាំ២០១៧ ភ្ញៀវទេសចរចិន ចូលកម្ពុជាមានចំនួន ១,២១០,៧៨២នាក់ កើនឡើង ៤៥.៩%នៃភ្ញៀវទេសចរអន្តរជាតិទាំងអស់។ ឆ្នាំ២០១៨ មានចំនួន ១.៩លាននាក់ ស្មើនឹង៣០% នៃចំនួនភ្ញៀវទេសចរអន្តរជាតិសរុប និងឆ្នាំ២០១៩ ភ្ញៀវទេសចរចិនមានចំនួន ២,៣៦១,៨៤៩នាក់។ នេះបើតាមតួលេខរបស់ក្រសួងទេសចរណ៍។ ប៉ុន្តែជាអកុលដោយសារតែវិបត្តិជំងឺកូវីដ១៩ ជាសាកល បានធ្វើឲ្យទេសចរ នៅលើពិភពលោក អាក់ខានធ្វើដំណើររយៈពេលជាង២ឆ្នាំ។
កាលពីពេលថ្មីៗនេះ រដ្ឋាភិបាលចិន បានកែតម្រូវលក្ខខ័ណ្ឌជាច្រើន ក្នុងការបង្ការ និងគ្រប់គ្រងពីចម្ងាយ ការឆ្លងជំងឺកូវីដ-១៩ ដោយក្នុងនោះបានចិនលុបចោលការធ្វើ «ចត្តាឡីស័ក»នៅកម្ពុជា មុនហោះទៅចិន។ ពោលគឺចាប់ពីថ្ងៃទី ១ កក្កដា ឆ្នាំ២០២២នេះតទៅ សម្រាប់អ្នកដំណើរពីកម្ពុជា មុនពេលចាកចេញពីកម្ពុជា ទៅកាន់ប្រទេសចិន មិនចាំបាច់ធ្វើចត្តាឡីស័កទៀតឡើយ ដោយគ្រាន់តែអ្នកដំណើរទាំងអស់ បំពេញការធ្វើតេស្តចំនួន២ដង មុនពេលចេញដំណើរនៅស្ថាប័នស្របច្បាប់ចំនួន២ គឺវិទ្យាស្ថានជាតិសុខភាពសាធារណៈ(NIPH) និង មន្ទីរពេទ្យព្រះកេតុមាលា។
ការធ្វើតេស្តលើកទី១ ធ្វើឡើងក្នុងរយៈពេល៤៨ម៉ោងមុនឡើងយន្តហោះ នៅវិទ្យាស្ថានជាតិសុខភាពសាធារណៈ និង លើកទី២ ត្រូវធ្វើឡើងក្នុងរយៈពេល២៤ម៉ោងមុនពេលឡើងយន្តហោះ នៅមន្ទីរពេទ្យព្រះកេតុមាលា៕