(ភ្នំពេញ)៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានផ្ញើសារលិខិតមួយជូន លោកស្រី អ៉ឹង កន្ថាផាវី រដ្ឋមន្ត្រីក្រសួងកិច្ចការនារី ព្រមទាំងក្រុមគ្រួសារ ចំពោះមរណភាពរបស់ លោក អ៉ឹង គៀត ជាឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ ដែលត្រូវជាឪពុករបស់លោកស្រី។
នៅក្នុងសារលិខិតចូលរួមរំលែកទុក្ខ សម្ដេចក្រឡាហោម ស ខេង បានបង្ហាញសេចក្តីក្តុកក្តួល និងសោកស្តាយឥតឧបមា ដោយទទួលដំណឹងដ៏ក្រៀមក្រំពីមោទនភាពរបស់លោក អ៉ឹង គៀត។
សម្ដេចចាត់ទុកថា លោក អ៉ឹង គៀត គឺជាកុលបុត្រខ្មែរដ៏ឆ្នើម ប្រកបដោយស្មារតីស្នេហាជាតិដ៏មោះមុតមួយរូប ដែលធ្លាប់បានបូជាកម្លាំងកាយ និងប្រាជ្ញាស្មារតី មិនខ្លាចនឿយហត់ ចូលរួមបម្រើក្នុងបុព្វហេតុជាតិ និង ប្រជាជន។
សម្ដេចក្រឡាហោម ស ខេង បានលើកឡើងថា «មរណភាពរបស់ ឯកឧត្តម អ៊ឹង គៀត មិនត្រឹមតែជាការបាត់បង់នូវស្វាមី ឪពុក និងជីតា ជាទីគោរពស្រលាញ់ដ៏ជ្រាលជ្រៅរបស់លោកជំទាវ និងក្រុមគ្រួសារប៉ុណ្ណោះទេ ប៉ុន្តែក៏ជាការបាត់បង់នូវ ឥស្សរជនជាន់ខ្ពស់ ដែលធ្លាប់បានចូលរួមចំណែកស្តារ កសាង និងអភិវឌ្ឍសង្គមជាតិ អស់រយៈពេល ជាច្រើនទសវត្សរ៍កន្លងមក»។
សម្តេច និងភរិយា សូមចូលរួមរំលែកមរណទុក្ខ ជាមួយ លោកស្រី អ៉ឹងកន្ថាផាវី ព្រមទាំងក្រុមគ្រួសារ និងសូមបួងសួងដល់ដួងវិញ្ញាណក្ខន្ធ លោក អ៉ឹង គៀត សូមបានទៅកាន់ឋានបរមសុខក្នុងសុគតិភពកុំបីឃ្លៀងឃ្លាតឡើយ៕