(ភ្នំពេញ)៖ សម្ដេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ នៅថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២២នេះ បានផ្ញើសាររំលែកទុក្ខ ចំពោះមរណភាពឯកឧត្តម អ៉ឹង គៀត ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ។
លិខិតរបស់សម្តេចពិជ័យសេនា ទៀ បាញ់ មានខ្លឹមសារដូច្នេះថា «ខ្ញុំ និងភរិយា មានក្តីរំជួលចិត្តឥតឧបមា ដោយបានទទួលដំណឹងដ៏ក្រៀមក្រំថា ឯកឧត្តម ម៉ឹង គៀត ត្រូវជាស្វាមី និងជាឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ បានទទួលមរណភាពវេលាម៉ោង១១:៥០នាទី ថ្ងៃពុធ១៥កើត ខែអាសាឍ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២២ ក្នុងជន្មាយុ៩៨ឆ្នាំដោយជរាពាធ។
ក្នុងឱកាសប្រកបដោយសមានទុក្ខនេះ ខ្ញុំ និងភរិយាសូមសម្តែងនូវការសោកស្តាយ ស្រណោះ អាឡោះអាល័យជាមួយលោកជំទាវ និងក្រុមគ្រួសារនៃសពចំពោះការបាត់បង់ស្វាមី ឪពុក ឪពុកក្មេក ជីតា ជីតាទួតជាទីគោរពស្រឡាញ់ ប្រកបដោយព្រហ្មវិហារធម៌ និងសង្គហធម៌ចំពោះភរិយា កូនៗ ចៅៗ ព្រមទាំងញាតិមិត្តជិតឆ្ងាយទាំងអស់។
មរណភាពរបស់ឯកឧត្តម អ៉ឹង គៀត ជាការបាត់បង់នូវធនធានមនុស្សដ៏ឆ្នើមមួយរូប ពោរពេញដោយចំណេះដឹង វិជ្ជាជីវៈ និងជាឥស្សរជនមានស្នាដៃ គុណបំណាច់ដែលបានតស៊ូ លះបង់កម្លាំងកាយចិត្ត ធនធាន និងបញ្ញាស្មារតីបម្រើដល់ឧត្តមប្រយោជន៍ជាតិ មាតុភូមិនាពេលកន្លងមក។
ខ្ញុំនិងភរិយា សូមឧទ្ទិសបួងសួងដល់ដួងវិញ្ញាណក្ខន្ធឯកឧត្តម ម៉ឹង គៀត សូមឆាប់បានចាប់កំណើតកើតក្នុងសុគតិភពគ្រប់ៗជាតិកុំបីឃ្លៀងឃ្លាតឡើយ។ សូមលោកជំទាវ និងក្រុមគ្រួសារនៃសព ទទួលនូវមនោសញ្ចេតនារំលែកទុក្ខដ៏ក្រៀមក្រំពីខ្ញុំ និងភរិយា»៕