(ភ្នំពេញ)៖ របាយការណ៍របស់ក្រុមហ៊ុន COSMOS Group បានឲ្យដឹងថា មាននាវាប្រមាណ១៩៤គ្រឿង បាននិងកំពុងប្រើប្រាស់ទង់ជាតិ របស់កម្ពុជាធ្វើចរាចរណ៍នៅក្នុងលំហសមុទ្រ ហើយនាវាទាំងនេះ នឹងអស់សិទ្ធិប្រើប្រាស់ទង់ជាតិកម្ពុជានៅចុងខែសីហា ឆ្នាំ២០១៦។ ក្រុមហ៊ុន បានបញ្ជាក់បន្ថែមថា នៅដើមខែកញ្ញា ឆ្នាំ២០១៦ លែងមាននាវាដាក់ទង់ជាតិកម្ពុជា បើកបរសកម្មលើសមុទ្រទៀតហើយ។
របាយការណ៍នេះ ត្រូវបានបង្ហាញនៅក្នុងជំនួបពិភាក្សាការងារមួយរវាងលោក តូច ចាន់កុសល រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន ជាមួយក្រុមហ៊ុន COSMOS Group នៃសាធារណរដ្ឋកូរ៉េ។ ជំនួបរវាងលោក តូច ចាន់កុសល និងតំណាង COSMOS Group បានពិភាក្សាអំពីការផ្ទេរភារកិច្ចចុះបញ្ជីនាវាសញ្ជាតិកម្ពុជា (Flag of Convenience) ឱ្យទៅក្រសួងសាធារណការ និងដឹកជញ្ជូនវិញ។
បើតាមក្រសួងសាធារណការ បានឲ្យដឹងថា កិច្ចប្រជុំនេះធ្វើឡើង ដើម្បីឆ្លើយតបទៅនឹងសេចក្តីសម្រេច របស់រាជរដ្ឋាភិបាលកម្ពុជា កាលពីថ្ងៃទី១៧ ខែសីហា ឆ្នាំ២០១៥ ដែលបានលុបចោលកិច្ចព្រមព្រៀងជាមួយក្រុមហ៊ុន ទាក់ទងនឹងការចុះបញ្ជីនាវាសញ្ជាតិកម្ពុជា។
ក្នុងកិច្ចប្រជុំនេះ ក្រសួងសាធារណការ និងដឹកជញ្ជូន បានស្នើឱ្យក្រុមហ៊ុន COSMOS Group បំពេញការងារឲ្យជិតស្និទ្ធជាមួយក្រសួងដើម្បីដោះស្រាយបញ្ហាទាំងឡាយ ដែលកើតឡើងពីនាវាដាក់ទង់ជាតិកម្ពុជា រហូតដល់វិញ្ញាបនបត្រ ចុះបញ្ជីនាវាទាំងនោះផុតសុពលភាព។
ក្រសួងបានស្នើឱ្យក្រុមហ៊ុន ដោះស្រាយបញ្ហាសមាជិកភាព របស់កម្ពុជាក្នុងអង្គការសមុទ្រអន្តរជាតិ (IMO) និងផ្ទេរកិច្ចព្រមព្រៀង ដែលកំពុងអនុវត្តបច្ចុប្បន្ន ជាមួយក្រុមហ៊ុន LRIT មកឱ្យក្រសួងសាធារណការ និងដឹកជញ្ជូន ដើម្បីឱ្យកម្ពុជាអាចបន្តប្រើប្រាស់សេវានេះបាន។ ជាការឆ្លើយតបក្រុមហ៊ុនបានបញ្ជាក់ថា ខ្លួនទទួលយកសំណើនេះ ហើយនឹងពិភាក្សាជាមួយក្រុមហ៊ុន LRIT លើបញ្ហានោះផងដែរ។
សូមបញ្ជាក់ថា កាលពីពេលកន្លងទៅរាជរដ្ឋាភិបាលកម្ពុជា បានសម្រេចលុបចោលកិច្ចព្រមព្រៀង នៃការផ្តល់សិទ្ធិចុះបញ្ជីនាវាសញ្ជាតិកម្ពុជា ជាមួយក្រុមហ៊ុន COSMOS Group បន្ទាប់ពីបានរកឃើញថា មាននាវាប្រើទង់ជាតិកម្ពុជាមួយចំនួន ធ្វើសកម្មភាពផ្ទុយពីច្បាប់ នាំឲ្យប៉ះពាល់ដល់សេចក្តីថ្លៃថ្នូរ និងកិត្តិយសរបស់កម្ពុជា៕