(ភ្នំពេញ)៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា នៅព្រឹកថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២២នេះ បានលើកឡើងថា បច្ចុប្បន្ននេះរាជរដ្ឋាភិបាលកម្ពុជា បានធានារ៉ាប់រងទាំងស្រុងចំពោះការបង់របស់អគ្គិសនីកម្ពុជា ដោយសារតែបញ្ហាប្រេងឡើងថ្លៃ ដែលជះឥទ្ធិពលមកពីសង្គ្រាមរវាងរុស្ស៉ី និងអ៊ុយក្រែន។
សម្ដេចតេជោ ហ៊ុន សែន បានគូសបញ្ជាក់ថា ក្នុងបរិបទ នៃវិបត្តិជំងឹកូវីដ១៩នេះ ប្រសិនបើរដ្ឋដំឡើងថ្លៃនៃការប្រើប្រាស់អគ្គិសនីនោះ ច្បាស់ជាប៉ះពាល់ធ្ងន់ធ្ងរណាស់ដល់អាជីវកម្មសណ្ឋាគារ និងបានជះឥទ្ធិពលកាន់តែខ្លាំងដល់វិស័យទេសចរណ៍ ខណៈរាជរដ្ឋាភិបាលកំពុងស្ដារ និងជំរុញវិស័យនេះឲ្យងើបឡើងវិញ។
ក្នុងឱកាសអញ្ជើញបិទសន្និបាតបូកសរុបការងារវិស័យទេសចរណ៍ ដែលរៀបចំឡើងដោយក្រសួងទេសចរណ៍ និងប្រតិបត្តិករទេសចរណ៍ សម្ដេចតេជោ ហ៊ុន សែន បានគូសបញ្ជាក់ថា បច្ចុប្បន្ននេះតម្លៃនៃការធ្វើដំណើររបស់អ្នកទេសចរមកកម្ពុជា ក៏មានការឡើងថ្លៃជាងពេលមុន ជាក់ស្ដែងតម្លៃសំបុត្រយន្ដហោះជាដើម ដូច្នេះបើសិនជារដ្ឋដំឡើងថ្លៃអគ្គិសនីទៀតនោះ ច្បាស់ជាមានការប៉ះពាល់។
សម្ដេចតេជោ ហ៊ុន សែន បានមានប្រសាសន៍យ៉ាងដូច្នេះថា «ប្រសិនបើអគ្គិសនីកម្ពុជា មិនទទួលរ៉ាប់រងដោយការគាំទ្រពីសំណាក់រាជរដ្ឋាភិបាលទេ តម្លៃភ្លើង តម្លៃប្រេងបច្ចុប្បន្ន តម្លៃធ្យូងថ្ម ធ្វើឲ្យអគ្គិសនីកម្ពុជាត្រូវខាតបង់ ហើយប្រសិនបើយើងមិនទទួលរ៉ាប់រងនូវការខាតបង់នេះ គ្រាន់តែដំឡើងថ្លៃអគ្គិសនីធ្វើឲ្យសណ្ឋាគារទាំងឡាយងាប់ទាំងអស់ ចំណុចនេះជាចំណុចដែលយើងត្រូវមើលឃើញអំពីបញ្ហាទាំងឡាយ ដែលបាននិងកំពុងកើត ហើយប្រឈមនៅពេលខាងមុខនេះ ដែលយើងត្រូវទ្រាំទ្រនូវលំបាកបែបនេះជាបន្ដទៀត»។
ជាមួយបញ្ហាទាំងអស់នេះ សម្ដេចតេជោនាយករដ្ឋមន្ដ្រី បានបង្វែឲ្យជំរុញទេសចរណ៍ផ្ទៃក្នុង ខណៈទេសចរណ៍ផ្ទៃក្នុងបានរួមចំណែកយ៉ាងធំនៅក្នុងដំណាក់កាល នៃការស្ដារឡើងវិញក្នុងពេលដែលយើងអនុវត្តនូវវិធានការរស់នៅតាមគន្លងថ្មី។ សម្ដេចបន្ដថា កម្ពុជាទទួលបានទេសចរណ៍ផ្ទៃក្នុង ក្នុងរយៈពេលមួយសប្ដាហ៍ប្រមាណ៣០ម៉ឺននាក់ ដែលនោះផ្ដល់ឱកាសឲ្យប្រជាជនកម្ពុជាបានស្គាល់ទឹកដីរបស់ខ្លួន ជៀសជាងស្គាល់ប្រទេសក្រៅ។
ជុំវិញរឿងអគ្គិសនីនេះដែរ សម្ដេចតេជោ ហ៊ុន សែន ធ្លាប់បានគូសបញ្ជាក់ថា បើតាមការគណនា នៅឆ្នាំនេះ អគ្គិសនីកម្ពុជាខាតបង់ថវិកាប្រមាណ ១០០លានដុល្លារ បណ្តាលមកពីវិបត្តិសង្គ្រាមរុស្ស៉ី-អ៊ុយក្រែ និងការដាក់ទណ្ឌកម្ម ធ្វើឲ្យពិភពលោកជួបប្រទេសនូវវិបត្តិថាមពល។ ទោះបីរដ្ឋខាតបង់ថវិកាច្រើនក្តី ក៏រាជរដ្ឋាភិបាលមិនមានផែនការ ក្នុងការដំឡើងថ្លៃអគ្គិសនីនោះដែរ ខណៈដែលប្រទេសមួយចំនួន បានដំឡើងថ្លៃអគ្គិសនីម្តងជា ២ដងរួចមកហើយ។
សម្ដេចតេជោ ក៏បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ និងបណ្តាស្ថាប័នរដ្ឋទាំងអស់ សូមខិតខំសន្សំសំចៃ លើការប្រើប្រាស់ថាមពលអគ្គិសនី ខណៈអគ្គិសនីកម្ពុជា បានឈានដល់ប្រវត្តិសាស្ត្រលើកដំបូងនៃខាត។
ការខាតបង់របស់អគ្គិសនីកម្ពុជា គឺកើតមានឡើងដោយសារឥទ្ធិពលនៃសង្គ្រាមរវាងរុស្ស៉ី និងអ៊ុយក្រែន និងការទណ្ឌកម្មផ្សេងៗ ដែលនាំមកនូវការឈឺចាប់ សម្រាប់ទាំងអស់គ្នា។ តួយ៉ាងសង្គ្រាមរុស្ស៉ី-អ៊ុយក្រែន បានផ្តល់ការឈឺចាប់សម្រាប់ប្រជាជនខ្លួនឯងផង និងសម្រាប់ពិភពលោក នោះគឺវិបត្តិថាមពល ដោយសារការកើនឡើងនៃតម្លៃប្រេង ហើយនៅពេលខាងមុខអាចនឹងកើតឡើង នូវវិបត្តិស្បៀងអាហារថែមទៀតក៏អាចថាបាន៕