(ភ្នំពេញ)៖ លោក ទេព នីថា អគ្គលេខាធិការគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ហៅកាត់ថា គ.ជ.ប បានបញ្ជាក់ឲ្យដឹងថា ជំនួយបច្ចេកទេស ដែលសហគមន៍អឺរ៉ុបផ្តល់ជូនកម្ពុជា សម្រាប់រៀបចំការបោះឆ្នោតឃុំ សង្កាត់ នឹងបញ្ជូនមកដល់ នៅថ្ងៃទី១៥ ខែកក្កដាខាងមុខនេះ។
លោក ទេព នីថា អគ្គលេខាធិការគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត បានប្រាប់អង្គភាព Fresh News ឲ្យដឹងថា «សហគមអឺរ៉ុប នឹងផ្តល់ជំនួយបច្ចេកទេស ដល់កម្ពុជា មានដូចជា សំភារៈចុះឈ្មោះ Computer សម្រាប់រៀបចំការបោះឆ្នោតឃុំ សង្កាត់។ ការផ្តល់ជំនួយនេះ នឹងធ្វើឡើង នៅថ្ងៃទី១៥ ខែកក្កដាខាងមុខនេះ។ ក្រោយទទួលបាន សំភារៈពីសហគមអឺរ៉ុប គ.ជ.ប នឹងរៀបចំចាត់ចែង ការបោះឆ្នោតឲ្យបានល្អ ទៅតាមគម្រោង»។
ប្រមុខរាជរដ្ឋាភិបាលសម្តេចតេជោ ហ៊ុន សែន នៅថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០១៦នេះ បានសម្រេចកំណត់យកថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០១៧ ជាកាលបរិច្ចេទនៃការបោះឆ្នោត ជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៤៕