(សៀមរាប)៖ ដើមខែកក្កដា ឆ្នាំ២០២២នេះ មានភ្លៀងធ្លាក់ជោកជាំធ្វើឲ្យផ្ទះប្រជាពលរដ្ឋនៅក្នុងឃុំឃុនរាម ស្រុកបន្ទាយស្រី ខេត្តសៀមរាប ជន់លិច និងផ្លូវមួយចំនួនទឹកហូរកាត់។ ការណ៍នេះ អភិបាលស្រុកបន្ទាយស្រី អំពាវនាវឲ្យពលរដ្ឋប្រុងប្រយ័ត្នចំពោះហានិភ័យដែលអាចកើតឡើងជាយថាហេតុ។
លោក ឃឹម ហ្វីណង់ អភិបាលស្រុកបន្ទាយស្រី បានលើកឡើងថា ក្រោយពីមានភ្លៀងធ្លាក់យ៉ាងជោគជាំរយៈពេលជាច្រើនថ្ងៃជាប់ៗគ្នា ធ្វើឱ្យផ្ទះប្រជាពលរដ្ឋមួយចំនួនជន់លិច និងផ្លូវគ្រួសក្រហមក្នុងឃុំខ្លះត្រូវបានទឹកហូរឆ្លងកាត់។ លោកក៏សូមឲ្យប្រជាពលរដ្ឋនៅក្នុងស្រុកបន្ទាយស្រី ជាពិសេសអ្នករស់នៅតាមបណ្តោយដងស្ទឹង និងតាមជ្រលងមុខទឹកនៅតាមជើងភ្នំគូលែន បង្កើនការប្រុងប្រយត្ន័ខ្ពស់ ចំពោះហានិភ័យនៃជំនន់ទឹកភ្លៀងគំហក់ (Flash Flood) ជាពិសេសប្រសិនបើភ្លៀងនៅតែបន្តធ្លាក់ខ្លាំងជាប់ៗគ្នាជាច្រើនថ្ងៃទៅមុខទៀត។
លោកបន្តថា ស្រុកបន្ទាយស្រី គឺជាស្រុកដែលមានផ្ទៃរងទឹកភ្លៀងនៃទីជម្រាលជើងភ្នំគូលែន យ៉ាងវែង លាតសន្ធឹងពីព្រំប្រទល់ខាងកើត រហូតដល់ព្រំប្រទល់ខាងលិច ដែលដើរតួនាទីដូចជា”ទ”ទឹកភ្លៀងដ៏ធំចាក់បញ្ចូលទឹកភ្លៀងទាំងអស់មកក្នុងស្រុក ងាយនឹងបង្កជាហានិភ័យគ្រោះជំនន់ទឹកភ្លៀង ប្រសិនបើមានភ្លៀងធ្លាក់ជាប់ៗគ្នាច្រើនថ្ងៃ ដូចដែលធ្លាប់កើតមានឡើងក្នុងឆ្នាំ២០១១ និងឆ្នាំ២០២០។
ជាមួយគ្នានេះ លោកក៏សំដែងការអរគុណដល់កងកម្លាំងសមត្ថកិច្ច ដែលបានចុះទៅពិនិត្យដល់ទីកន្លែងភ្លាមៗ និងបានរាយការណ៍។ រដ្ឋបាលស្រុកបន្ទាយស្រីនឹងបន្តឃ្លាំមើល និងប្រុងប្រៀបកំលាំងនិងសម្ភារៈជួយបម្រុងអន្តរាគមន៍ ក្នុងកណីដែលកើតមានគ្រោះទឹកជំនន់ជាយថាហេតុណាមួយផងដែរ៕