(ភ្នំពេញ)៖ បន្ទាប់ពីរាជរដ្ឋាភិបាលកម្ពុជាបញ្ចប់ការតម្រូវឱ្យធ្វើចត្តាឡីស័កចំពោះអ្នកដំណើរអន្តរជាតិដែលមិនទាន់ចាក់វ៉ាក់សាំងកូវីដ១៩ ក្រសួង-ស្ថាប័នជំនាញ និងផ្នែកឯកជនក្នុងវិស័យទេសចរណ៍បានកត់សម្គាល់ថាចំនួនអ្នកដំណើរអន្តរជាតិដែលចូលមកកម្ពុជាតាមផ្លូវអាកាស និងផ្លូវគោកមានការកើនឡើងលឿន ភាគច្រើនមកពីប្រទេសជិតខាង។
គួរជម្រាបថា កាលពីដើមខែកក្កដា ឆ្នាំ២០២២ រាជរដ្ឋាភិបាលកម្ពុជាបានសម្រេចកែសម្រួលលក្ខខណ្ឌតម្រូវចត្តាឡីស័កចំពោះទេសចរជាតិ-អន្តរជាតិដែលពុំទាន់ចាក់វ៉ាក់សាំង ឬបានចាក់វ៉ាក់សាំងកូវីដ-១៩ដូសមូលដា្ឋនមិនទាន់បានពេញលេញ ដោយតម្រូវឱ្យធ្វើតេស្តរហ័សកូវីដ១៩នៅតាមច្រកទ្វារអន្តរជាតិ។ ករណីលទ្ធផលអវិជ្ជមាន ទេសចរជាតិ-អន្តរជាតិអាចធ្វើដំណើរកម្សាន្តតាមគោលដៅទេសចរណ៍ទូទាំងប្រទេសកម្ពុជា ដោយមិនតម្រូវឱ្យធ្វើចត្តាឡីស័កឡើយ។ ករណីលទ្ធផលវិជ្ជមានជាជំងឺស្រាល ត្រូវព្យាបាលព្យាបាលអ្នកជំងឺនៅតាមផ្ទះ។ ករណីលទ្ធផលវិជ្ជមានជាជំងឺធ្ងន់ ត្រូវទទួលការព្យាបាលនៅផ្នែកព្យាបាលជំងឺកូវីដ-១៩តាមមន្ទីរពេទ្យដែលបានធ្វើសមាហរណកម្មក្នុងប្រព័ន្ធសុខាភិបាលតែមួយ។
នៅក្នុងសន្និបាតបូកសរុបការងាររបស់ក្រសួងទេសចរណ៍ និងលើកទិសដៅផែនការស្តារឡើងវិញនូវវិស័យទេសចរណ៍ក្នុងដំណាក់កាលទី២ (ឆមាសទី២ ឆ្នាំ២០២២-២០២៣) នាថ្ងៃទី១២-១៣ ខែកក្កដា ឆ្នាំ២០២២ លោករដ្ឋមន្ត្រី ថោង ខុន បានបង្ហាញស្ថិតិដែរថា រយៈពេល៦ខែដើមឆ្នាំ២០២២ កម្ពុជាទទួលបានភ្ញៀវទេសចរអន្តរជាតិប្រមាណជាង៥០ម៉ឺននាក់ កើនឡើង ៣៩៤ % ធៀបនឹងរយៈពេលដូចគ្នាឆ្នាំ២០២១។
ក្នុងសន្និបាតនោះ លោក ជា អូន រដ្ឋលេខាធិការរដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល បានថ្លែងថា ក្នុងខែមិថុនា និងក្នុងរយៈពេលប៉ុន្មាន ថ្ងៃចុងក្រោយក្នុងខែកក្កដានេះ ចំនួនអ្នកដំណើរអន្តរជាតិមកកម្ពុជាតាមផ្លូវអាកាសបានកើនឡើងប្រមាណ១៩ម៉ឺននាក់ ស្មើនឹង ២៣% បើប្រៀបធៀបនឹងឆ្នាំ២០១៩ ដែលមានប្រមាណជាង៨២ម៉ឺននាក់ ស្មើនឹង ៩០៣% បើប្រៀបធៀបខែមិថុនា ឆ្នាំ២០២១។
លោកស្រី ឆាយ ស៉ីវលីន ប្រធានសមាគមទេសចរណ៍កម្ពុជា (CATA) បានឱ្យដឹងថា ភាគច្រើនហូរចូលពីប្រទេសថៃ និងវៀតណាម ដោយភ្ញៀវទេសចរអន្តរជាតិទាំងនោះបានចូលទៅប្រទេសជិតខាងសិន មុនចូលមកកម្ពុជា ដោយហេតុថាកម្ពុជាមិនទាន់ជើងហោះហើរត្រង់ពីប្រទេសពួកគេ។
លោកស្រីប្រធានសមាគមបានបន្តថា នៅពេលភ្ញៀវទេសចរបានទទួលព័ត៌មានថា រាជរដ្ឋាភិបាលកម្ពុជាបានបញ្ចប់ការតម្រូវឱ្យធ្វើចត្តាឡីស័កចំពោះអ្នកដំណើរអន្តរជាតិដែលមិនទាន់ចាក់វ៉ាក់សាំងកូវីដ១៩នោះរួចមក ពួកគេមានការសប្បាយចិត្តណាស់។ ប្រធានសមាគម CATA រំពឹងថានឹងមានភ្ញៀវចូលមកច្រើនជាងមុន និងបន្ថែមឱកាសការងារសម្រាប់អ្នកបម្រើការងារក្នុងវិស័យទេសចរណ៍ ក៏ដូចជាមគ្គុទ្ទេសក៍ទេសចរណ៍ជាដើម។
លោក ជា អូន បានបន្ថែមទៀតថា យ៉ាងណាក៏ដោយ រហូតមកដល់ពេលនេះ រដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិលបានទទួលពាក្យស្នើសុំបើកការហោះហើរ ពីសំណាក់ក្រុមហ៊ុនអាកាសចរណ៍បានប្រមាណ៧១,២២៩ជើង ហើយរំពឹងថានឹងអាចកើនប្រមាណ ៦៨% ប្រៀបធៀបនឹងឆ្នាំ២០១៩ ដែលមានប្រមាណជិត១០៥,០០០ជើង។
លោករដ្ឋលេខាធិការបានបញ្ជាក់ថា នៅក្នុងចំណោមក្រុមហ៊ុនអាកាសចរណ៍ដែលបានដាក់ពាក្យស្នើសុំបើកជើងហោះហើរមកកម្ពុជា គឺមានក្រុមហ៊ុនចិនបានដាក់ពាក្យស្នើសុំបើកហោះហើរថ្មីមករាជធានីភ្នំពេញមានចំនួន១១ក្រុមហ៊ុន កើនឡើង៣៨ក្រុមហ៊ុន មកកាន់ខេត្តសៀមរាបមានចំនួន៣ក្រុមហ៊ុនបន្ថែម កើនឡើង២១ក្រុមហ៊ុន និងមកកាន់ខេត្តព្រះសីហនុមានចំនួន៣ក្រុមហ៊ុន កើនឡើង១០ក្រុមហ៊ុន។
នៅក្នុងសន្និបាតដដែល លោក ទិត ចន្ថា រដ្ឋលេខាធិការប្រចាំការក្រសួងទេសចរណ៍ ក៏បានស្នើទៅកាន់បណ្តាច្រកទ្វារព្រំដែនអន្តរជាតិតាមផ្លូវអាកាស ផ្លូវគោក និងផ្លូវទឹក ត្រូវបង្កើនការធ្វើបដិសណ្ឋារកិច្ចទទួលភ្ញៀវឱ្យបានល្អប្រសើរ ខណៈរាជរដ្ឋាភិបាលកម្ពុជាបានប្រកាសបើកប្រទេស និងបានបន្ធូរបន្ថយលក្ខខណ្ឌអ្នកដំណើរអន្តរជាតិអាចធ្វើ Visa On Arrival នៅពេលភ្ញៀវអន្តរជាតិមកដល់ច្រកទ្វារព្រំដែនអន្តរជាតិ ពិសេសគឺបានបញ្ចប់ការតម្រូវឱ្យធ្វើចត្តាឡីស័កចំពោះអ្នកដំណើរអន្តរជាតិដែលមិនទាន់ចាក់វ៉ាក់សាំងកូវីដ១៩។
សូមជម្រាបថា ក្រសួងទេសចរណ៍រំពឹងថានឹងអាចទទួលបានភ្ញៀវទេសចរអន្តរជាតិក្នុងរង្វង់១លាននាក់នៅក្នុងឆ្នាំ២០២២នេះ និងប្រមាណ២លាននាក់នៅក្នុងឆ្នាំ២០២៣ខាងមុខ ជាឆ្នាំដែលកម្ពុជានឹងធ្វើជាម្ចាស់ផ្ទះព្រឹត្តិការណ៍កីឡាស៊ីហ្គេម-អាស៊ានប៉ារ៉ាហ្គេម លើកទី៣២៕