(ភ្នំពេញ)៖ ឯកឧត្តមកិត្តិនីតិកោសលបណ្ឌិត ប៊ិន ឈិន ឧបនាយករដ្ឋមន្ត្រីប្រចាំការ និងជារដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី ព្រមទាំងថ្នាក់ដឹកនាំ និងមន្ត្រីរាជការទីស្តីការគណៈរដ្ឋមន្ត្រីទាំងអស់ បានសម្តែងនូវសមានទុក្ខយ៉ាងក្រៀមក្រំ ចំពោះមរណភាពរបស់ឯកឧត្តម អ៉ឹង គៀត ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ។
ក្នុងសារលិខិតចូលរួមរំលែកមរណទុក្ខ ឯកឧត្តមកិត្តិនីតិកោសលបណ្ឌិត ប៊ិន ឈិន បានបង្ហាញនូវក្តីរំជួលចិត្តឥតឧបមា ពេលបានទទួលដំណឹងដ៏ក្រៀមក្រំនៃការធ្វើមរណកាលរបស់ឯកឧត្តម អ៉ឹង គៀត។
ឯកឧត្តមកិត្តិនីតិកោសលបណ្ឌិត ប៊ិន ឈិន បានគូសរំលេចថា «សូមសម្តែងនូវការសោកស្តាយស្រណោះអាឡោះអាល័យ ជាមួយលោកជំទាវ និងក្រុមគ្រួសារនៃសព ចំពោះការបាត់បង់ស្វាមី ឪពុក ឪពុកក្មេក ជីតា ជីតាទួតជាទីគោរពស្រឡាញ់ ប្រកបដោយព្រហ្មវិហារធម៌ និងសង្គហធម៌ ចំពោះភរិយា កូនៗ ចៅៗ ព្រមទាំងញាតិមិត្តជិតឆ្ងាយទាំងអស់»។
ឯកឧត្តមកិត្តិនីតិកោសលបណ្ឌិត ប៊ិន ឈិន បានលើកឡើងថា មរណភាពរបស់ឯកឧត្តម អ៉ឹង គៀត ជាការបាត់បង់នូវធនធានមនុស្សដ៏ឆ្នើមមួយរូប ពោរពេញដោយចំណេះដឹង វិជ្ជាជីវៈ និងជាឥស្សរជនមានស្នាដៃ គុណបំណាច់ដែលបានតស៊ូ លះបង់កម្លាំងកាយចិត្ត ធនធាន និងបញ្ញាស្មារតីបម្រើដល់ឧត្តមប្រយោជន៍ជាតិមាតុភូមិ។
ក្នុងសារលិខិតចូលរួមរំលែកមរណទុក្ខនេះ ឯកឧត្តមកិត្តិនីតិកោសលបណ្ឌិត ប៊ិន ឈិន សូមឧទ្ទិសបួងសួងដល់ដួងវិញ្ញាណក្ខន្ធឯកឧត្តម កំណើតកើតក្នុងសុគតិភពគ្រប់ៗជាតិ កុំបីឃ្លៀងឃ្លាតឡើយ។
សូមបញ្ជាក់ថា ឯកឧត្តម អ៉ឹង គៀត ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងជាអតីតមន្ត្រីជាន់ខ្ពស់មួយរូបក្នុងជួររាជរដ្ឋាភិបាល បានទទួលមរណភាព វេលាម៉ោង ១១៖៥០នាទី ថ្ងៃពុធ ១៥កើត ខែអាសាឍ ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ ត្រូវនឹងថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២២ ក្នុងជន្មាយុ ៩៨ឆ្នាំ ដោយជរាពាធ៕