(ប៉ៃលិន)៖ ប្រជាពលរដ្ឋរស់នៅភូមិដាច់ស្រយ៉ាល ក្នុងខេត្តប៉ៃលិន ជាច្រើនគ្រួសារ ដែលជួបការខ្វះទឹកប្រើប្រាស់ និង ទឹកស្អាតបរិភោគ ត្រូវ បានលោក ប៉ាន សូរស័ក្តិ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម និង ជាប្រធានក្រុមការងារថ្នាក់ជាតិ ចុះជួយខេត្តប៉ៃលិន បានផ្តល់ទឹកបរិសុទ្ធប្រមាណ ២,០០០យួរ និង ២០០ពិដុងធំដល់ពួកគាត់។
ទឹកទាំងអស់នេះ ត្រូវបានក្រុមការងារចុះជួយខេត្តប៉ៃលិន ដឹកនាំដោយលោក សំ សិរីរតន៍ និង លោក សុខ សុភ័ក្ត្រ អនុរដ្ឋលេខាធិការក្រ សួងពាណិជ្ជកម្ម រួមជាមួយលោក សុខ សាធីម ប្រធានមន្ទីរពាណិជ្ជកម្ម ដឹកចែកជូនប្រជាពលរដ្ឋតាមភូមិនានា ក្នុងស្រុកសាលាក្រៅ នៃ ខេត្តប៉ៃលិនជាបន្តបន្ទាប់កាលពីសប្តាហ៍កន្លងទៅនេះ។
ក្រៅពីការចែកទឹក ក្រុមការងារ ក៏បានជួបសំណេះសំណាល និង ស្តាប់សំណូមពររបស់ប្រជាពលរដ្ឋ ដើម្បីយកមកពិនិត្យ និង ដោះស្រាយ តាមគោលនយោបាយរបស់រាជរដ្ឋាភិបាល។
ក្នុងនាឱកាសនោះ ក្រុមការងារបានចុះចែកគ្រឿងឧបភោគ បរិភោគ ដល់ពលរដ្ឋក្រីក្រចំនួន ២គ្រួសារ រួមមានអង្ករ ៥០គីឡូក្រាម មី៣កេស ទឹកស៊ីអ៉ីវ ១យួរ ត្រីខ ១យួរ ទឹកបរិសុទ្ធ ៥យួរ និងថវិកាចំនួន ១០ម៉ឺនរៀល ដល់លោកតាអាយុ ៦៥ឆ្នាំ គ្មានប្រពន្ធកូន និង ផ្ទះសំបែង និង ១គ្រួសារទៀត ទទួលបានទឹកត្រី ១យួ ទឹកសុទ្ធ ៥យួរ មី២កេស ត្រីខ ១យួរ និងថវិកា ១០ម៉ឺនរៀល៕