(ភ្នំពេញ)៖ លោក គង់ វិបុល រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាអគ្គនាយកនៃអគ្គនាយកដ្ឋានពន្ធដារ បានណែនាំឲ្យមន្រ្តីរាជការពន្ធដារ ដែលមានសិទ្ធិ និងកាតព្វកិច្ចរបស់ជានគរបាលយុត្តិធម៌ ត្រូវអនុវត្តការងារ និងប្រើប្រាស់នីតិសម្បទានេះឱ្យបានល្អ និងត្រឹមត្រូវ តាមនីតិវិធីច្បាប់ ដែលបានកំណត់ ហើយត្រូវមានកិច្ចសហការជិតស្និទ្ធិ ជាមួយស្ថាប័នតុលាការ ដែលជាស្ថាប័នគ្រប់គ្រងលើការងារបន្ថែម ក្នុងដែនសមត្ថកិច្ចពាក់ព័ន្ធ។
ការណែនាំនេះធ្វើឡើងក្នុងឱកាសលោក ជាមួយលោក កេង សុម៉ារិទ្ធ រដ្ឋលេខាធិការក្រសួងយុត្តិធម៌ តំណាងរបស់លោក កើត រិទ្ធ រដ្ឋមន្រ្តីក្រសួងយុត្តិធម៌ នៅថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២២ បានអញ្ជើញជាអធិបតីភាព ក្នុងកម្មវិធីបិទវគ្គបណ្តុះបណ្តាលស្តីពី «ច្បាប់និងបទប្បញ្ញត្តិពាក់ព័ន្ធ ជូនដល់ថ្នាក់ដឹកនាំ និងមន្ត្រីរាជការពន្ធដារ ដែលទទួលបាននីតិសម្បទាជានគរបាលយុត្តិធម៌» ដោយមានវត្តមានចូលរួមរបស់គ្រូបង្គោលនៃក្រសួងយុត្តិធម៌ ថ្នាក់ដឹកនាំអគ្គនាយករង ប្រធាន-អនុប្រធាននាយកដ្ឋាន និងមន្ត្រីពន្ធដារពាក់ព័ន្ធដែលជាសិក្ខាកាមសរុបចំនួន ១៣៣៩ រូប ដែលបានចូលរួមដោយផ្ទាល់ និងតាមប្រព័ន្ធអនឡាញ។
ស្របតាមប្រកាសអន្តរក្រសួងលេខ ០៧៥ កយ.សហវប្រក/២១ ចុះថ្ងៃទី១៣ ខែមេសា ឆ្នាំ២០២១ របស់ក្រសួងយុត្តិធម៌ និងក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ អគ្គនាយកដ្ឋានពន្ធដារ បានរៀបចំកម្មវិធីបណ្ដុះបណ្ដាលស្តីពី «ច្បាប់និងបទប្បញ្ញតិ្តពាក់ព័ន្ធ» ចំនួន៣វគ្គ ជូនមន្រ្តីរាជការពន្ធដារសរុបចំនួន ១៣៣៩រូប ក្នុងនោះមានមន្រ្តីនគរបាលយុត្តិធម៌ចំនួន ៥៦៦រូប និងភ្នាក់ងារនគរបាលយុត្តិធម៌ចំនួន ៧៧៣រូប ក្រោមកិច្ចសហការរៀបចំដោយអគ្គនាយកដ្ឋានពន្ធដារនៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងក្រសួងយុត្តិធម៌។
វគ្គបណ្តុះបណ្តាលនីមួយៗ មានរយៈពេល៣ថ្ងៃ ដែលផ្ដោតលើប្រធានបទចំនួន៤ដូចជា (១).គោលការណ៍គ្រឹះនៃក្រមព្រហ្មទណ្ឌ (២).នគរបាលយុត្តិធម៌ (៣).អង្គការអយ្យការ និង (៤).យុត្តាធិការស៊ើបសួរ និងជំនុំជម្រះ។ សម្រាប់កម្មវិធីបណ្តុះបណ្តាលវគ្គទី១ សម្រាប់មន្រ្តីនគរបាលយុត្តិធម៌ ត្រូវបានរៀបចំ និងប្រព្រឹត្តទៅនាថ្ងៃទី ១១-១៣ ខែកក្កដា ឆ្នាំ២០២២ មានមន្ត្រីពន្ធដារជាសិក្ខាកាមចូលរួមសរុបចំនួន ៥៧៥ រូប បានចូលរួមដោយផ្ទាល់ នៅសាលប្រជុំនៃសាលាជាតិពន្ធដារ និងចូលរួមតាមប្រព័ន្ធអនឡាញ។
ក្នុងរៀបចំវគ្គបណ្តុះបណ្តាលនេះ ក្រសួងយុត្តិធម៌បានចាត់ក្រុមគ្រូបង្គោលរួមមាន ១. លោក នុប សុធនវិសុទ្ធ ប្រធាននាយកដ្ឋាន ស្រាវជ្រាវ ផ្សព្វផ្សាយ និងបណ្ដុះបណ្ដាលច្បាប់ក្នុងវិស័យព្រហ្មទណ្ឌ, ២. លោកស្រី សុន សុខាលីដា ប្រធាននាយកដ្ឋាន កិច្ចការអយ្យការ និងកិច្ចការអនុវត្តទោស, លោក លី សុផាណា ព្រះរាជអាជ្ញាក្រសួងយុត្តិធម៌, និង លោក ជូ ទីឡេង មន្រ្តីគ្រប់គ្រងរដ្ឋបាល។
លោក គង់ វិបុល បានវាយតម្លៃខ្ពស់ ចំពោះកិច្ចសហការរបស់ក្រសួងយុត្តិធម៌ ដែលបានយកចិត្តទុកដាក់ នៅក្នុងការរៀបចំកម្មវិធី ឯកសារបង្រៀន និងផ្ដល់ការបណ្ដុះបណ្ដាល ព្រមទាំងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះលោក កេង សុម៉ារិទ្ធ រដ្ឋលេខាធិការក្រសួងយុត្តិធម៌, លោក ប៉ែន ពេជ្រសាលី អគ្គនាយក នៃអគ្គនាយកដ្ឋានកិច្ចការអយ្យការ និងព្រហ្មទណ្ឌ នៃក្រសួងយុត្តិធម៌ និងក្រុមគ្រូបង្គោលនៃក្រសួងយុត្តិធម៌ ដែលបានចំណាយពេលវេលាដ៏មានតម្លៃ មកចូលរួមផ្តល់ការបណ្ដុះបណ្ដាលនូវជំនាញ ចំណេះដឹង ចំណេះធ្វើ និងបទពិសោធន៍ថ្មីៗថែមទៀត ដើម្បីពង្រឹង និងបង្កើនសមត្ថភាពរបស់ខ្លួន ទាំងផ្នែកការយល់ដឹងទូទៅ ផ្នែកជំនាញវិជ្ជាជីវៈ និងផ្នែកច្បាប់ និងបទប្បញ្ញត្តិពាក់ព័ន្ធនឹងដែនសមត្ថកិច្ច និងការអនុវត្តតួនាទីជានគរបាលយុត្តិធម៌។
លោករដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្ត្រី សង្ឃឹមនិងជឿជាក់យ៉ាងមុតមាំថា មន្ត្រីពន្ធដារជាសិក្ខាកាមទាំងអស់នឹងទទួលបាននូវចំណេះដឹង ចំណេះធ្វើ និងបទពិសោធន៍ថ្មីៗ ជាពិសេសចំណេះដឹង ស្ដីពី ច្បាប់ និងបទប្បញ្ញត្តិពាក់ព័ន្ធនឹងដែនសមត្ថកិច្ច និងការអនុវត្តតួនាទីជានគរបាលយុត្តិធម៌ ។
លោកបន្ថែមថា ការរៀបចំវគ្គបណ្ដុះបណ្ដាលនេះ គឺជាការយកចិត្តទុកដាក់ក្នុងការបន្តកសាង និងពង្រឹងសមត្ថភាពនៃធនធានមនុស្ស របស់អគ្គនាយកដ្ឋានពន្ធដារ ដែលជាការរួមចំណែកក្នុងការពង្រឹងអភិបាលកិច្ចល្អ និងរដ្ឋបាលកិច្ចល្អ ដើម្បីសម្រេចបានដោយជោគជ័យ នូវបេសកកម្ម ប្រមូលចំណូលពន្ធដារ។
លោកបន្តថា ក្នុងរយៈពេល ៣ឆ្នាំចុងក្រោយនេះ បើទោះជានៅក្នុងអំឡុងពេល ដែលមានកំណើនសេដ្ឋកិច្ច ឬស្ថិតនៅក្នុងវិបត្តិសាកលនៃជំងឺកូវីដ-១៩ អគ្គនាយកដ្ឋានពន្ធដារ នៅតែសម្រេចបានចំណូល ជូនចូលថវិកាជាតិលើសផែនការជាបន្តបន្ទាប់ ហើយសមិទ្ធផលល្អប្រសើរ ក្នុងគ្រាដ៏លំបាកនេះ មិនអាចកាត់ផ្តាច់ចេញពីការប្រកាន់ភ្ជាប់ខ្ជាប់ នូវអភិក្រមការងារ និងអនុវត្តការងារប្រចាំថ្ងៃយ៉ាងទៀងទាត់ និងការពង្រឹងការគ្រប់គ្រងធនធានមនុស្ស ដែលមានប្រព័ន្ធគ្រប់គ្រងច្បាស់លាស់ និងធានា បាននូវនិរន្តរភាពនៃលទ្ធផលការងារ ប្រកបដោយប្រសិទ្ធភាព និងស័ក្តិសិទ្ធភាព។
លោករដ្ឋមន្ត្រីបានឲ្យដឹងទៀតថា គិតត្រឹមរយៈពេល ៦ខែ ឆ្នាំ២០២២ អគ្គនាយកដ្ឋានពន្ធដារ បានរៀបចំសិក្ខាសាលា និងកម្មវិធីបណ្តុះបណ្តាល សម្រាប់មន្រ្តីរាជការពន្ធដារ សរុបចំនួន ២១៧វគ្គ មានសិក្ខាកាមសរុបចំនួន ២៣ ៧២៥រូប និងសាធារណជនទូទៅសរុបចំនួន ១៣៩វគ្គ មានសិក្ខាកាមសរុបចំនួន ៩ ៩៨៩រូប។ ការអនុវត្តនេះ ស្របតាមប្រសាសន៍របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា នៅសាលាភូមិន្ទរដ្ឋបាល កាលពីថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២២ «ការកែទម្រង់ដែលល្អប្រសើរ គឺផ្តើមចេញពីការបណ្តុះបណ្តាល និង គ្រប់ក្រសួង ស្ថាប័ន អាចដំណើរការបានល្អប្រសើរ គឺទាមទារចាំបាច់នូវធនធានមនុស្ស»។
លោកបន្តថា ការប្រតិបត្តិតាមគោលការណ៍ «អភិបាលកិច្ចល្អ រដ្ឋបាលកិច្ចល្អ និងគុណាធិបតេយ្យ» ដើម្បីពង្រឹង និងលើកស្ទួយមុខមាត់ អគ្គនាយកដ្ឋានពន្ធដារជាស្ថាប័នមួយ ដែលមានវិជ្ជាជីវៈពិតប្រាកដ ដោយបន្តអភិវឌ្ឍជំនាញវិជ្ជាជីវៈ ចំណេះដឹង និងអត្តចរិតរបស់មន្រ្តីរាជការពន្ធដារ ដើម្បីធានាបាននូវសមត្ថភាពគ្រប់គ្រាន់ ក្នុងការបំពេញការងារតាមមុខងារ និងតួនាទីភារកិច្ចដែលបានប្រគល់ជូន។
លោករដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី បានលើកឡើងថា វគ្គបណ្ដុះបណ្ដាលនេះ មានសារសំខាន់សម្រាប់មន្រ្តីរាជការពន្ធដារ ដែលបានទទួលនីតិសម្បទាជាមន្រ្តីនគរបាលយុត្តិធម៌ និងភ្នាក់ងារនគរបាលយុត្តិធម៌។
លោក កេង សុម៉ារិទ្ធ រដ្ឋលេខាធិការក្រសួងយុត្តិធម៌ ថ្លែងឲ្យដឹងថា វិស័យពន្ធដារ គឺជាចរន្តមួយដ៏សំខាន់ ក្នុងសរសៃឈាមសេដ្ឋកិច្ចរបស់ប្រទេសកម្ពុជា តាមរយៈការប្រមូលចំណូលពន្ធគ្រប់ប្រភេទ ដែលពាក់ព័ន្ធទៅនឹងការផ្ដល់សេវាជូនអ្នកជាប់ពន្ធ និងការពង្រឹងការអនុវត្តច្បាប់ ដូចមានចែងក្នុងក្រមព្រហ្មទណ្ឌ និងបទប្បញ្ញត្តិ ដែលបានចែងក្នុងច្បាប់ស្តីពីសារពើពន្ធ។ ក្រមទាំងពីរ បានបញ្ញត្តិនូវគោលការណ៍គ្រឹះសំខាន់ៗ ក្នុងនីតិព្រហ្មទណ្ឌ ដែលជាមូលដ្ឋាន សម្រាប់មន្រ្តីអនុវត្តច្បាប់ ក្នុងការបំពេញមុខងាររបស់ខ្លួន។
លោកបន្តថា នគរបាលយុត្តិធម៌៖ ក្នុងក្រមនីតិវិធីព្រហ្មទណ្ឌ បានចែងពីនីតិវិធីព្រហ្មទណ្ឌនៅគ្រប់ដំណាក់កាល និងបុគ្គល និងអង្គភាពនានាដែលពាក់ព័ន្ធនឹងនីតិវិធីតុលាការ ដែលក្នុងនោះ នគរបាលយុត្តិធម៌ ជាផ្នែកមួយយ៉ាងសំខាន់។ សមាសភាពនគរបាលយុត្តិធម៌ រួមមាន មន្រ្តីនគរបាលយុត្តិធម៌ ភ្នាក់ងារនគរបាលយុត្តិធម៌ និងមន្រ្តីរាជការសាធារណៈដទៃទៀត ដែលច្បាប់ដោយឡែកប្រគល់អំណាចឱ្យធ្វើការត្រួតពិនិត្យបទល្មើសខ្លះៗ ក្នុងរង្វង់សមត្ថកិច្ចរបស់ខ្លួន។ នគរបាលយុត្តិធម៌ គឺត្រូវធ្វើការងារក្រោមការដឹកនាំ និងសម្របសម្រួលពីស្ថាប័នអយ្យការ ក្នុងការបង្រ្កាប ការត្រួតពិនិត្យបទល្មើស ការស៊ើបអង្កេតការណីជាក់ស្តែង និងការស៊ើបអង្កេតបឋម ព្រមទាំងការកសាងសំណុំរឿងមកកាន់តុលាការក្នុងនាមជាម្ចាស់នៃដើមបណ្តឹង។
លោកបន្តទៀតថា អង្គការអយ្យការ ធ្វើការចោទប្រកាន់ពីបទល្មើសព្រហ្មទណ្ឌ និងសន្និដ្ឋានឱ្យតុលាការអនុវត្តច្បាប់ ហើយក្នុងការបំពេញភារកិច្ចរបស់ខ្លួន ចៅក្រមអយ្យការមានសិទ្ធិកេណ្ឌកងកម្លាំងសាធារណៈដោយផ្ទាល់ជាជំនួយ និង ធ្វើការឃ្លាំមើល និងត្រួតពិនិត្យនគរបាលយុត្តិធម៌។
យុត្តាធិការស៊ើបសួរ និងយុត្តាធិការជំនុំជម្រះ៖ យុត្តាធិការស៊ើបសួរមានករណីយកិច្ចស៊ើបសួរទាំងដាក់បន្ទុក និងដោះបន្ទុក ក្នុងដំណើរការនីតិវិធីតុលាការ។ ចៅក្រមស៊ើបសួរ អាចចេញដីកាសម្រេចចាត់ឱ្យស៊ើបសួរជំនួស។ កាលណាអនុវត្តដីកា សម្រេចចាត់ឱ្យស៊ើបសួរជំនួស មន្រ្តីនគរបាលយុត្តិធម៌ ត្រូវស្ថិតនៅក្រោមអំណាច របស់ចៅក្រមស៊ើបសួរ។ រីឯដំណាក់កាលជំនុំជម្រះ គឺជាដំណាក់កាល អនុវត្តដោយចៅក្រមជំនុំជម្រះ ដើម្បីផ្តន្ទាទោសជនល្មើស។
លោក កេង សុម៉ារិទ្ធ បន្តថា វគ្គបណ្ដុះបណ្ដាលនេះផ្ដល់នូវចំណេះដឹង និងបទពិសោធន៍ ជូនដល់ថ្នាក់ដឹកនាំ និងមន្រ្តីពន្ធដារ ដែលជាសិក្ខាកាម ដើម្បីប្រើប្រាស់ក្នុងការអនុវត្តការងារ លើវិស័យពន្ធដារ ជាពិសេសក្នុងការត្រួតពិនិត្យបទល្មើស ការប្រមូលភស្តុតាង និងកសាងសំណុំរឿងទៅតុលាការ ឱ្យកាន់តែមានប្រសិទ្ធភាពបន្ថែមទៀត៕