(កំពង់ធំ)៖ «ការបណ្តុះបណ្តាលអំពីគោលការណ៍ណែនាំស្តីពីបែបបទ និងនីតិវិធីប្រតិបត្តិស្តង់ដារ សម្រាប់ស៊ើបអង្កេត និងរៀបចំសំណុំរឿងសម្អាងបទល្មើស និងបទល្មើសសម្អាតប្រាក់ ដែលពន្លាតចេញពីបទល្មើសដើម នៃបទល្មើសធនធានធម្មជាតិ ជូនមន្ត្រីឧទ្យានុរក្សជាមន្ត្រីនគរបាលយុត្តិធម៌ និងមន្ត្រីអនុវត្តច្បាប់ គឺជាការពង្រឹងសមត្ថភាពបន្ថែម និងកសាងយន្តការ និងប្រព័ន្ធការងារអចិន្ត្រៃយ៍ ក្នុងការប្រឆាំងការសម្អាតប្រាក់ និងហិរញ្ញប្បទានភេរវកម្ម សម្រាប់ក្រសួងបរិស្ថាន»។
នេះគឺជាការថ្លែងរបស់លោក នេត្រ ភក្ត្រា រដ្ឋលេខាធិការនិងជាអនុប្រធានអចិន្ត្រៃយ៍ក្រុមការងារប្រឆាំងការសម្អាតប្រាក់នៃក្រសួងបរិស្ថាន នារសៀលថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២២ ក្នុងឱកាសចូលរួមជាអធិបតីបើកវគ្គបណ្តុះបណ្តាលនីតិវិធីប្រតិបត្តិស្តង់ដារសម្រាប់ស៊ើបអង្កេតប្រឆាំងនឹងការសម្អាតប្រាក់ជូនមន្ត្រីនគរបាលយុត្តិធម៌ នៃមន្ទីរបរិស្ថានខេត្តកំពង់ធំ។
មន្ទីរបរិស្ថានខេត្តកំពង់ធំជាខេត្តទី៩ ដែលក្រុមការងារប្រឆាំងការសម្អាតប្រាក់បានចុះមកបណ្តុះបណ្តាលដោយផ្ទាល់បន្ទាប់ពីខេត្តកំពង់ស្ពឺ ខេត្តកែប ខេត្តកំពត ខេត្តក្រចេះ ខេត្តស្ទឹងត្រែង ខេត្តរតនគិរី ខេត្តមណ្ឌលគិរី ខេត្តព្រះវិហារនៅក្នុងគោលបំណងដើម្បីពង្រឹងបន្ថែមយន្តការ និងប្រព័ន្ធការងារ បង្កើនសមត្ថភាពមន្ត្រីអនុវត្តច្បាប់ប្រឆាំងនឹងបទល្មើសធនធានធម្មជាតិ និងបទល្មើសពាក់ព័ន្ធនឹងការសម្អាតប្រាក់។
នៅចំពោះមុខមន្ត្រីឧទ្យានុរក្សដែលជាមន្ត្រីនគរបាលយុត្តិធម៌ផងនោះ លោករដ្ឋលេខាធិការ នេត្រ ភក្ត្រា បានគូសបញ្ជាក់ថារាជរដ្ឋាភិបាលកម្ពុជាបានខិតខំប្រឹងប្រែង និងមានការតាំងចិត្តខ្ពស់ ក្នុងការប្រឆាំងការសម្អាតប្រាក់ និងហិរញ្ញប្បទានភេរវកម្ម និងប្រឆាំងនឹងហិរញ្ញប្បទាននាំឲ្យរីកសាយភាយអាវុធមហាប្រល័យ តាមរយៈយន្តការ និងប្រព័ន្ធការងារអចិន្ត្រៃយ៍ ដែលក្រសួងស្ថាប័នអនុវត្តច្បាប់បានរៀបចំឡើងសំដៅធានានិរន្តរភាពនៃការប្រឆាំងការសម្អាតប្រាក់ ការពារប្រព័ន្ធហិរញ្ញ វត្ថុកម្ពុជា ធ្វើឱ្យកាន់តែមានតម្លាភាព ជំនឿទុកចិត្ត ក៏ដូចជារួមចំណែកដោះស្រាយបញ្ហាសន្តិសុខរួមរបស់ពិភពលោក។
លោកបានលើកឡើងថា ក្រសួងបរិស្ថានបានចូលរួមយ៉ាងសកម្មជាមួយក្រសួងស្ថាប័នពាក់ព័ន្ធរបស់រាជរដ្ឋាភិបាល ដើម្បីពង្រឹងយន្តការនិងប្រព័ន្ធការងារអចិន្ត្រៃយ៍របស់ក្រសួងបរិស្ថាន ក្នុងការប្រឆាំងការសម្អាតប្រាក់ និងហិរញ្ញប្បទានភេរវ កម្ម និងបង្កើនប្រសិទ្ធភាពនៃការទប់ស្កាត់បទល្មើសនៃការសម្អាតប្រាក់។ លោក នេត្រ ភក្ត្រា បានលើកឡើងថា កាតបណ្តុះបណ្តាលអំពីនីតិវិធីប្រតិបត្តិស្តង់ដារគឺជាយន្តការមួយយ៉ាងសំខាន់ក្នុងការពង្រឹងប្រព័ន្ធការងារប្រឆាំងការសម្អាតប្រាក់ ហើយកិច្ចការនេះនឹងត្រូវអនុវត្តជាប្រចាំ។
លោករដ្ឋលេខាធិការក្រសួងបរិស្ថាន បានគូសបញ្ជាក់ថា ច្បាប់ស្តីពីការប្រឆាំងការសម្អាតប្រាក់ និងហិរញ្ញប្បទានភេរវកម្មជាឧបករណ៍គតិយុត្តដ៏មានតម្លៃដែលត្រូវបានប្រើប្រាស់ ក្នុងការចូលរួមចំណែកការពារនិងអភិរក្សធនធានធម្មជាតិ ព្រៃ ឈើ សត្វព្រៃ និងជីវៈចម្រុះដែលកម្ពុជាមាន បន្ថែមពីលើច្បាប់ស្តីពីតំបន់ការពារធម្មជាតិ។
លោកបានថ្លែងថា មន្ត្រីនគរបាលយុត្តិធម៌ នឹងកាន់តែមានឧបករណ៍គតិយុត្ត ច្រើនដើម្បីប្រើប្រាស់ក្នុងកិច្ចការគ្រប់គ្រងនិងអភិរក្សធនធានធម្មជាតិ។ ជាមួយគ្នានេះ លោកបានជំរុញដល់មន្ត្រីនគរបាល យុត្តិធម៌នៃក្រសួងបរិស្ថានបំពេញការងារប្រកបដោយការទទួលខុសត្រូវ និងវិជ្ជាជីវៈក្នុងកិច្ចការរបស់ខ្លួន និងខិតខំប្រឹងប្រែងបន្ថែមទៀត ក្នុងការការពារនិងអភិរក្សជីវៈចម្រុះ ហើយជាពិសេសទប់ស្កាត់ និងបង្ក្រាបឱ្យបានទាន់ពេលវេលាបទល្មើសធនធានធម្មជាតិដែលកើតឡើង។ បទល្មើសធនធានធម្មជាតិកាប់បំផ្លាញព្រៃឈើ និងការជួញដូរសត្វព្រៃដែលជាកម្មវត្ថុ នៃការពន្លាតសំណុំរឿងប្រឆាំងការសម្អាតប្រាក់ ករណីមានតម្រុយនៃការសម្អាតប្រាក់ និងហិរញ្ញប្បទានភេរវកម្ម។
លោករដ្ឋលេខាធិការ បានគូសបញ្ជាក់ថា បច្ចុប្បន្ននេះ បទល្មើសធនធានធម្មជាតិទ្រង់ទ្រាយធំលែងកើតមានទៀត ហើយ គឺនៅមានបទល្មើសខ្នាតតូចដែលយើងចាំបាច់ត្រូវបន្តទប់ស្កាត់និងបង្ក្រាប។ ចំណែកបទល្មើសជួញដូរសត្វព្រៃក្នុងស្រុកជាបទល្មើសប្រពៃណីសម្រាប់ទ្រទ្រង់ជីវភាពប្រចាំថ្ងៃ ដែលមន្ត្រីជំនាញបន្តទប់ស្កាត់។
លោក នេត្រ ភក្ត្រា បានលើកឡើងថា ទន្ទឹមនឹងការពង្រឹងវិធានការច្បាប់ វិធានការសេដ្ឋកិច្ចក៏បានដើរតួនាទីសំខាន់ដែរ ហើយក្រសួងបរិស្ថានបាននឹងកំពុងដាក់ចុះនូវផែនការផ្សេងៗ ដូចជាការវិញ្ចឹមសត្វផ្គត់ផ្គង់គ្រួសារ និងសហគមន៍ ការបង្កើតមុខរបរ ដើម្បីបង្កើតសេដ្ឋកិច្ចនៅមូលដ្ឋានសំដៅកាត់បន្ថយសម្ពាធលើធនធានធម្មជាតិ និងបង្កើនប្រសិទ្ធភាពការងារអភិរក្ស។
គួរបញ្ជាក់ថា ការបណ្តុះបណ្តាលនេះ ក្រុមការងារប្រឆាំងការសម្អាតប្រាក់នៃក្រសួងបរិស្ថាន បានធ្វើបទបង្ហាញពាក់ព័ន្ធនឹងច្បាប់ស្តីពីតំបន់ការពារធម្មជាតិ ច្បាប់ស្តីពីការប្រឆាំងនឹងការសម្អាតប្រាក់ និងហិរញ្ញប្បទានភេរវកម្ម និងនីតិវិធីប្រតិបត្តិសង្ត់ដារសម្រាប់អនុវត្តនៅក្នុងការប្រឆាំងការសម្អាតប្រាក់។
លោក នេត្រ ភក្ត្រា បានលើកឡើងថា មន្ត្រីនគរបាលយុត្តិធម៌នឹងត្រូវពន្លាតលើបទល្មើសនៃការសម្អាតប្រាក់ និងហិរញ្ញប្បទានភេរវកម្ម ក្នុងករណីរកឃើញថា បទល្មើសដើមនៃបទល្មើសព្រៃឈើ និងបទល្មើសត្វព្រៃខុសច្បាប់មានតម្រុយពាក់ព័ន្ធនឹងការសម្អាតប្រាក់។
លោកបានជំរុញឲ្យមន្ត្រីនគរបាលយុត្តិធម៌ និងមន្ត្រីអនុវត្តច្បាប់ ត្រូវតែបង្កើនការយកចិត្តទុកដាក់ និងបន្តអនុវត្តច្បាប់ឱ្យបានម៉ត់ចត់ និងប្រកបដោយការទទួលខុសត្រូវ និងវិជ្ជាជីវៈដើម្បីបង្កើនប្រសិទ្ធភាព ខ្ពស់ក្នុងកិច្ចការពារ និងអភិរក្សធន ធានធម្មជាតិ និងជាពិសេសទប់ស្កាត់ និងបង្ក្រាបបទល្មើសទាក់ទង នឹងការសម្អាតប្រា ក់និងហិរញ្ញប្បទានភេរវកម្មពាក់ព័ន្ធនឹងបទល្មើសធនធានធម្មជាតិ៕