(ភ្នំពេញ)៖ បុគ្គលល្បីៗរបស់កម្ពុជាចំនួន៤រូប នឹងជជែកដេញដោល ក្នុងកិច្ចពិភាក្សាតុមូលស្តីពី «អាស៊ាននៅក្នុងចន្លោះចិន និងអាមេរិក ក្នុងបរិបទថ្មី» ដែលរៀបចំដោយ រាជបណ្ឌិត្យសភាកម្ពុជា នៅព្រឹកថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២២ ស្អែកនេះ។
វាគ្មិននៃវេទិកានេះ មានដូចជា៖ លោកបណ្ឌិតសភាចារ្យ សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា, លោកបណ្ឌិត គិន ភា ប្រធានវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិ នៃកម្ពុជា នៃរាជបណ្ឌិត្យសភាកម្ពុជា, លោកបណ្ឌិត មាស នី អ្នកវិភាគនិងតាមដានការអភិវឌ្ឍសង្គម, លោក ពុយ គា អ្នកសារព័ត៌មានកម្ពុជា ដែលស្ថិតនៅក្រោមការសម្របសម្រួលដោយលោកបណ្ឌិត យង់ ពៅ អគ្គលេខាធិការនៃរាជបណ្ឌិត្យសភាកម្ពុជា ផងដែរ។
លោកបណ្ឌិត គិន ភា បានប្រាប់បណ្តាញព័ត៌មាន Fresh News ថា «បច្ចុប្បន្ននេះ សភាពការណ៍ពិភពលោកកំពុងមានការវិវត្ថផ្លាស់ប្ដូរយ៉ាងជ្រាលជ្រៅ ឆាប់រហ័សប្រកបដោយ ភាពស្មុគស្មាញ ពិបាកប៉ាន់ស្មាន និងពោរពេញទៅដោយគ្រោះថ្នាក់។ ពិភពលោកបានដើរមកសករាជ នៃភូមិសាស្រ្តនយោបាយថ្មីមួយទៀត ដែលកកំពុងស្ថិតក្នុងដំណាក់កាលប្រែប្រួលដ៏លំបាកឆ្ពោះទៅរកប្រព័ន្ធ ពហុប៉ូលដែលតួអង្គថ្មី/ចាស់ កំពុងប្រកួតប្រជែងដណ្ដើមតួនាទីគ្នាក្នុងការសម្រេចលើកិច្ចការពិភពលោក និងតំបន់»។
វាគ្មិនជំនាញដែលនឹងចូលខ្លួនជជែកដេញដោលរូបនេះ បានបញ្ជាក់ថា អាស៊ីអាគ្នេយ៍ គឺជាតំបន់មួយក្នុងចំណោមតំបន់ ដែលមានការរីកលូតលាស់លឿនបំផុត និងមានភាពស្វាហាប់បំផុតនៅក្នុងពិភពលោក។ ប៉ុន្តែ ក្តីបារម្ភកំពុងកើនឡើងទាក់ទងនឹងការប្រកួតប្រជែងភូមិសាស្ត្រនយោបាយដែលកំពុងកើតឡើងរវាងសហរដ្ឋអាមេរិក និងចិន។ អាស៊ាន បានក្លាយជាមជ្ឈមណ្ឌលនៃការប្រកួតប្រជែងដ៏ក្តៅគគុកនេះ។
បន្ថែមពីនេះ លោកបណ្ឌិត គិន ភា បានបន្តថា ចំពោះមុខការពង្រីកឥទ្ធិពល និងការប្រកួតប្រជែងអំណាចរវាងមហាយក្សចិន និងសហរដ្ឋអាមេរិក ជាញឹកញយ កម្ពុជាត្រូវបានគេចោទប្រកាន់ថា កំពុងស្ថិតនៅចំណុចកណ្តាលនៃសង្រ្គាមត្រជាក់រវាងមហាយក្សទាំងពីរទៀតផង។
ប្រធានវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិរូបនេះ បានគូសបញ្ជាក់ថា ក្នុងន័យនេះ ដើម្បីតាមឱ្យទាន់ការវិវត្តនៃស្ថានការណ៍នយោបាយពិភពលោក និងតំបន់ និងដើរឱ្យទាន់យុទ្ធសាស្ត្រមហាអំណាច ទើបយើងរៀបចំកិច្ចពិភាក្សាតុមូលនេះឡើង។ ប្រជាជនកម្ពុជា ជាពិសេសយុវជនរបស់យើង មិនគួរជាអនក្ខរជននៃភូមិសាស្ត្រនយោបាយ និងយុទ្ធសាស្ត្រមហាអំណាចនោះទេ ហើយប្រទេសយើងក៏មិនគួរស្លាប់ក្រឡាជាមួយតែមហាអំណាចណាមួយនោះដែរ។
លោកបណ្ឌិត ក៏បានចោទជាសំណួរថា៖ «យើងទាំងអស់គ្នាត្រូវយល់ច្បាស់ពីសភាពការណ៍ពិភពលោក ពីភូមិសាស្ត្រនយោបាយ និងយុទ្ធសាស្ត្ររបស់ពួកមហាអំណាច ថាពួកគេកំពុងគិតអ្វី? គេទៅណា? គេកំពុងធ្វើអ្វី? គេចង់បានអ្វី? គេប្រើយុទ្ធសាស្ត្រនិងយុទ្ធវិធីអ្វី? ហើយប្រទេសតូចៗគួររៀបចំខ្លួនបែបណា?»។
លោកបណ្ឌិត បានលើកឡើងថា យើងទាំងអស់គ្នាជាជនជាតិខ្មែរ ត្រូវមានស្មារតីភ្ញាក់រលឹក កុំឱ្យរាំខុសចង្វាក់ លោតខុសក្រឡា តាមខ្សែញាក់របស់មហាអំណាច។ ប្រទេសយើងធ្លាប់ជាជនរងគ្រោះ និងធ្លាប់ទទួលរងសោកនាដកម្មរាប់មិនអស់ ដោយសារការរត់ប្រណាំងមនោគមវិជ្ជារបស់មហាអំណាច និងដោយសារតែការរាំខុសចង្វាក់ ការលោតខុសក្រឡារបស់អ្នកនយោបាយពីអតីតកាល។ យើងមិនគួរដើរជាន់ដានប្រវត្តិសាស្ត្រទៀតទេ៕