(កំពង់ធំ)៖ លោកស្រី លំ គន្ធារី អភិបាលរងខេត្ត ជាអនុប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្ត មន្រ្តីសាខា ព្រមទាំងអនុសាខាស្រុក ចុះសួរសុខទុក្ខ និងចែកអំណោយមនុស្សធម៌ និងគ្រឿងឧបភោគបរិភោគរបស់សាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ធំ ផ្តល់ជូនដល់ប្រជាពលរដ្ឋទីទ័លក្រ ជនពិការនិងអ្នកផ្ទុកមេរោគអេដស៍ចំនួន៥០គ្រួសារ ស្ថិតក្នុងស្រុកបារាយណ៍ ខេត្តកំពង់ធំ នាព្រឹកថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២២។

លោកស្រី ហាក់ ពុទ្ធិតុសិតា អភិបាលរងស្រុកបារាយណ៍ បានឡើងធ្វើរបាយការណ៍អំពីស្រុកបារាយណ៍ ដោយសង្កេតឃើញថាប្រជាពលរដ្ឋប្រកបមុខរបរកសិកម្ម និងធ្វើស្រែចម្ការ ដូច្នេះធ្វើឲ្យពួកគាត់មានជីវភាពលំបាកមួយចំនួនតូច និងមានជីវភាពខ្វះខាត ដោយសារកត្តាធម្មជាតិមិនអំណោយផលដល់ពួកគាត់ រកបានព្រឹកខ្វះល្ងាចរកល្ងាចខ្វះព្រឹក។

លោកស្រី លំ គន្ធារី អភិបាលរងខេត្ត ជាអនុប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ធំបានពាំនាំនូវសេចក្តីនឹករឭក និងការផ្តាំផ្ញើសាកសួរសុខទុក្ខពីសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ជូនចំពោះប្រជាពលរដ្ឋទាំងអស់។ សាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ធំ នាំយកអំណោយចែកជូនពុកម៉ែបងប្អូនដែលកំពុងតែជួបការលំបាកនៅពេលនេះ។

លោកស្រីបានបន្តទៀតថា អំណោយទាំងនេះគឺបានមកពីតាមរយៈភ្នាក់ងារស្ម័គ្រចិត្ត លោកមេភូមិ លោកមេឃុំ ចុះស្រាវជ្រាវតាមផ្ទះអំពីបញ្ហាជីវភាពប្រជាពលរដ្ឋ បានរាយការណ៍មកសាខាកាកបាទក្រហមខេត្ត។ រហូតដល់សាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ធំ ឃើញពីការលំបាករបស់ប្រជាពលរដ្ឋ ទើបសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានីហ៊ុនសែន បានសម្រេចចាត់តាំងក្រុមការងារ និងនាំយកអំណោយទាំងនេះមកចែកជូនប្រជាពលរដ្ឋដែលកំពុងជួបការលំបាកឲ្យបានទាន់ពេលវេលា។

លោកស្រីបានអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់មានការប្រុងប្រយ័ត្នខ្ពស់បំផុត ចំពោះបាតុភូតធម្មជាតិដែលកើតឡើងជាយថាហេតុ សូមចូលរួមថែរក្សា ការពារធនធានធម្មជាតិឱ្យមានការសម្បូរឡើងវិញ ឱ្យមាននិរន្តរភាពតកូនតចៅទៅមុខទៀត។ ការផ្តល់ស្បៀងអាហារ និងសម្ភារៈប្រើប្រាស់ថ្ងៃនេះ គឺមិនបានបែងចែកវណ្ណៈពណ៌សម្បុរ ឬប្រកាន់បក្សនយោបាយអ្វីឡើយ គឺផ្តល់ជូនគ្រួសារជួបការលំបាកពិតប្រាកដជាក់ស្តែង។

គួរបញ្ជាក់ផងដែរថា ចំនួនគ្រួសារទីទ័លក្រ ជនពិការនិងអ្នកផ្ទុកមេរោគអេដស៍ចំនួន៥០គ្រួសារ ក្នុងមួយគ្រួសារទទួលបានអង្ករ២៥គីឡូក្រាម មី១កេស ទឹកត្រី១យួរ ទឹកស៊ីអ៊ីវ១យួរ ត្រីខ១យួរ ឃីត១កញ្ចប់ និងជែលសម្រាប់លាងដៃសម្អាតមេរោគផងដែរ៕