(កំពង់ធំ)៖ លោកស្រី ឆាយ ស៊ីណា ជីវកេង ភរិយាអនុប្រធានតុលាការកំពូល និងសហការី បាននាំយកទៀនព្រះវស្សា ទេយ្យទាន និងបច្ច័យមួយចំនួនវេរប្រគេនព្រះសង្ឃដែលគង់ចាំព្រះវស្សាចំនួន១១វត្ត ក្នុងខេត្តកំពង់ធំ ក្នុងនោះស្រុកប្រាសាទសំបូរចំនួន៨វត្ត ស្រុកកំពង់ស្វាយចំនួន១ និងក្រុងស្ទឹងសែនចំនួន២វត្ត នៅទីតាំងវត្តឥន្ត្រីយ៍សំវរៈ (ហៅវត្តកំពង់ធំ) នៅថ្ងៃទី១៣ ខែកក្តដា ឆ្នាំ២០២២។
លោកស្រី ឆាយ ស៊ីណា រួមទាំងសហការី ក៏បានប្រារព្ធធ្វើពិធីវេរប្រគេនទៀនព្រះវស្សាទៅតាមគន្លងប្រពៃណីព្រះពុទ្ធសាសនា ដើម្បីឧទ្ទិសកុសលផលបុណ្យដល់បុព្វការីជន សាច់សារលោកហិត កម្មាភិបាល យុទ្ធជន យុទ្ធនារី ដែលបានពលីមរណៈក្នុងបុព្វហេតុជាតិមាតុភូមិដែលបាន ចែកឋានទៅកាន់លោកខាងមុខផងដែរ។
លោកស្រីបន្តថា វត្តអារាម មិនត្រឹមតែបម្រើវិស័យសាសនាជាទីសក្ការបូជារបស់ពុទ្ធបរិស័ទប៉ុណ្ណោះទេ គឺជាទីកន្លែងដែលប្រមូលផ្តុំនូវវប្បធម៌ និងជាថ្នាលបណ្តុះបណ្តាលធនធានមនុស្សដែលជាជង្រុកនៃគ្រឹះអក្សរសាស្ត្រជាតិ អរិយធម៌ វប្បធម៌ ខ្មែរតាំងពីយូរណាស់មកហើយ នៅពេលខាងមុខនេះព្រះសង្ឃនៅគ្រប់ទីវត្តអារាមទូទាំងប្រទេសគោរពប្រពៃណីសាសនាព្រះពុទ្ធ ត្រូវចូលកាន់ព្រះវស្សាក្នុងរយៈពេលអស់មួយត្រីមាសដែលព្រះសង្ឃគង់ចាំព្រះវស្សានៅក្នុងទីវត្ត ទើបពេលនេះត្រូវបានថ្នាក់ដឹកនាំ មន្ត្រីរាជការ ពុទ្ធបរិស័ទបាននាំយកមកវេរប្រគេនដល់ព្រះសង្ឃដើម្បីព្រះសង្ឃយកទៅដុត បំភ្លឺបូជាថ្វាយព្រះនិងសិក្សារៀនសូត្រនូវគម្ពីធម៌វិន័យព្រះសម្មាសាម្ពុទ្ធព្រះបរមគ្រូនៃយើង។
លោកស្រីបានបញ្ជាក់ជូនព្រះសង្ឃ លោកតា លោកយាយ និងពុទ្ធបរិស័ទចំណុះជើងវត្តទាំងអស់អំពីការរីកចម្រើនលើកគ្រប់វិស័យរបស់ប្រទេសជាតិ ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជាដែលសម្តេចតេជោតែងតែយកចិត្តទុកដោះស្រាយជូនប្រជាពលរដ្ឋក្រីក្រ ដែលរងផលប៉ះពាល់ដោយសារកូវីដ១៩។
ជាមួយគ្នានេះ ព្រះតេជគុណ សៀង សុខ ព្រះចៅអធិការវត្តកំពង់ធំ និងជាព្រះមេគណខេត្ត បានថ្លែងអំណរគុណដល់លោក ជីវ កេង និងលោកស្រី ឆាយ ស៊ីណា ព្រមទាំងសហការី ដែលតែងតែជួយផ្ដួចផ្ដើមក្នុងការកសាងនៅព្រះវិហារ សាលាឆាន់ និងពុទ្ធិវិទ្យាល័យ ដើម្បីឲ្យព្រះសង្ឃបានសិក្សារៀនសូត្រទៅតាមគន្លងព្រះធម៌ ដើម្បីក្លាយជាធនធានដែលមានចំណេះដឹងសម្បូរបែបនៅក្នុងវិស័យព្រះពុទ្ធសាសនា។
សូមបញ្ជាក់ថា ទៀនព្រះវស្សា និងទេយ្យវត្ថុរបស់លោក និងក្រុមការងារប្រគេនដល់ព្រះសង្ឃគង់ចាំព្រះវស្សាទាំង១១វត្ត រួមមាន៖ ទៀនព្រះវស្សា ស្លាដក់ អង្ករ មី ទឹកស៉ីអ៉ីវ ទឹកត្រី ទឹកបរិសុទ្ធ ទឹកក្រូច ប្រេងឆា ស្ករស សម្ភារជាច្រើនទៀត និងបច្ច័យមួយចំនួន៕