(ភ្នំពេញ)៖ នៅថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២២ លោក លី ធុជ អនុប្រធានទី១ អាជ្ញាធរមីន និងលោក Askhat Azhikhanov នាយកប្រតិបត្តិធានាគារ ABA បានចុះអនុស្សរណនៃការយោគយល់គ្នារវាង ធានាគារ ABA និងគម្រោងសម្តេចតេជោសម្រាប់សកម្មភាពមីន ដែលបានចូលរួមវិភាគទាននូវថវិកាចំនួន ២០ម៉ឺនដុល្លារអាមេរិក ដើម្បីដោះស្រាយបញ្ហាគ្រាប់មីននៅកម្ពុជា។
ក្នុងនាមសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា និងជាប្រធានអាជ្ញាធរមីន, លោកទេសរដ្ឋមន្រ្តី លី ធុជ បានកោតសរសើរ និងថ្លែងអំណរគុណចំពោះទឹកចិត្តប្រកបដោយសប្បុរសរបស់ថ្នាក់ដឹកនាំ និងបុគ្គលិក នៃធនាគារ ABA ដែលបានចូលរួមផ្តល់ដីមានសុវត្ថិភាព ជួយសង្រ្គោះអាយុជីវិតមនុស្ស និងផ្តល់ស្នាមញញឹមដល់ប្រជាពលរដ្ឋកំពុងរស់នៅតំបន់រងផលប៉ះពាល់ដោយសារគ្រាប់មីន និងយុទ្ធភ័ណ្ឌមិនទាន់ផ្ទុះ។
លោក Askhat Azhikhanov បានកោតសរសើរចំពោះសកម្មភាពរបស់អាជ្ញារធរមីនក្នុងការដោះស្រាយបញ្ហាមីននៅកម្ពុជា ហើយតាមរយ:កិច្ចខិតខំប្រែងនេះ អាជ្ញាធរមីន មិននៅម្នាក់ឯងទៀតទេ គឺមានការចូលរួមពីវិស័យឯកជន និងប្រជាពលរដ្ឋកម្ពុជាទូទាំងប្រទេស។
លោក Askhat Azhikhanov បន្តទៀតថា ធនាគារ ABA នឹងបន្តចូលរួមវិភាគទាននេះ ជាមួយអាជ្ញាធរមីនក្នុងការដោះស្រាយបញ្ហាគ្រាប់មីនរហូតដល់ឆ្នាំ២០២៥៕