(ភ្នំពេញ)៖ លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច នៅថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២២នេះ បានផ្ញើសាររំលែកទុក្ខ ចំពោះមរណភាពឯកឧត្តម អ៉ឹង គៀត ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ។
លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន បានថ្លែងថា «នាងខ្ញុំ ព្រមទាំងមន្ត្រីរាជការក្រោមឱវាទ មានក្តីរំជួលចិត្តឥតឧបមា ដោយបានទទួលដំណឹងដ៏ក្រៀមក្រំថា ឯកឧត្តម អ៉ឹង គៀត ដែលត្រូវជាស្វាមី និងជាឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ បានទទួលមរណភាព វេលាម៉ោង ១១៖៥០នាទី ថ្ងៃពុធ ១៥កើត ខែអាសាឍ ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ ត្រូវនឹងថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២២ ក្នុងជន្មាយុ ៩៨ឆ្នាំ ដោយជរាពាធ»។
មរណភាពរបស់ឯកឧត្តម អ៉ឹង គៀត គឺជាការបាត់បង់ស្វាមី ឪពុក ឪពុកក្មេក ជីតា ជីតាទួតជាទីគោរពស្រឡាញ់ ប្រកបដោយព្រហ្មវិហារធម៌ និងសង្គហធម៌ចំពោះភរិយា កូនៗ ចៅៗ ព្រមទាំងញាតិមិត្តជិតឆ្ងាយទាំងអស់។
នាងខ្ញុំ សូមឧទ្ទិសបួងសួងដល់ដួងវិញ្ញាណក្ខន្ធឯកឧត្តម កំណើតកើតក្នុងសុគតិភពគ្រប់ៗជាតិ កុំបីឃ្លៀងឃ្លាតឡើយ៕