(ភ្នំពេញ)៖ ព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ទ្រង់បានផ្ញើព្រះរាជសារចូលរួមរំលែកទុក្ខចំពោះមរណភាពរបស់ឯកឧត្តម អ៉ឹង គៀត ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៅថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២២នេះ វេលាម៉ោង១១:៥០នាទីព្រឹក ដោយជរាពាធ ក្នុងជន្មាយុ៩៨ឆ្នាំ។
ក្នុងព្រះរាជសារផ្ញើជូន លោកស្រី រស់ ព្រីប៊ូន ម៉ឹងគៀត ភរិយាឯកឧត្តម អ៉ឹង គៀត ព្រះមហាក្សត្រី ទ្រង់បានសម្តែងនូវការសោកស្ដាយ និងសូមចូលរួមរំលែកមរណទុក្ខដ៏ក្រៀមក្រំជាមួយភរិយាឯកឧត្តម អ៉ឹង គៀត និងក្រុមគ្រួសារ ព្រមទាំងញាតិមិត្តទាំងអស់នៃសព។
ព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ បានមានព្រះបន្ទូលថា មរណភាពនៃឯកឧត្តម អ៉ឹង គៀត គឺជាការបាត់បង់កុលបុត្រដ៏ឆ្នើម និងជាឥស្សរជនជាន់ខ្ពស់ នៃប្រទេសជាតិ និងប្រជារាស្ត្រកម្ពុជាដ៏ស្មោះត្រង់ដែលបានចូលរួម បំរើជាច្រើនជំនាន់យ៉ាងសកម្មបំផុត ក្នុងបុព្វហេតុ ជាតិ សាសនា ព្រះមហាក្សត្រ។
ព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ សូមសម្ដែងនូវការគោរពចំពោះវិញ្ញាណក្ខន្ធ ឯកឧត្តម អ៉ឹង គៀត ដែលជាអ្នកស្នេហាជាតិ ដ៏ល្អមួយរូប និងសូមវិញ្ញាណក្ខន្ធលោក អញ្ជើញទៅកាន់សុគតិភពកុំបីខាន៕