(ភ្នំពេញ)៖ ព្រះករុណា ព្រះបាទ សម្ដេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា បានផ្ញើព្រះរាជសារចូលរួមរំលែកទុក្ខចំពោះមរណភាពឯកឧត្តម អ៉ឹង គៀត ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត នៅថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២២នេះ វេលាម៉ោង១១:៥០នាទីព្រឹក ដោយជរាពាធ ក្នុងជន្មាយុ៩៨ឆ្នាំ។
ក្នុងព្រះរាជសារ ព្រះមហាក្សត្រ បានសម្តែងនូវការសោកស្ដាយ និងសូមចូលរួមរំលែកមរណទុក្ខដ៏ក្រៀមក្រំជាមួយភរិយាលោកឯកឧត្តម អ៉ឹង គៀត និងក្រុមគ្រួសារ ព្រមទាំងញាតិមិត្តទាំងអស់នៃសព។
ព្រះអង្គបានមានព្រះបន្ទូលថា មរណភាពនៃឯកឧត្តម អ៉ឹង គៀត គឺជាការបាត់បង់កុលបុត្រដ៏ឆ្នើម និងជាឥស្សរជនជាន់ខ្ពស់ នៃប្រទេសជាតិ និងប្រជារាស្ត្រកម្ពុជាដ៏ស្មោះត្រង់ដែលបានចូលរួមបំរើជាច្រើនជំនាន់យ៉ាងសកម្មបំផុត ក្នុងបុព្វហេតុ ជាតិ សាសនា ព្រះមហាក្សត្រ ។
ព្រះអង្គសូមសម្ដែងនូវការគោរពចំពោះវិញ្ញាណក្ខន្ធឯកឧត្តម អ៉ឹង គៀត ដែលជាអ្នកស្នេហាជាតិ ដ៏ល្អមួយរូប និងសូមវិញ្ញាណក្ខន្ធលោក អញ្ជើញទៅកាន់សុគតិភពកុំបីខាន៕