(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា នៅល្ងាចថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២២នេះ អំពាវនាវឲ្យប្រជាពលរដ្ឋបន្តអនុវត្តវិធានការ «៣ការពារ និង៣កុំ» និងទៅចាក់វ៉ាក់សាំងទាំងដូសមូលដ្ឋាន និងដូសជំរុញ ឲ្យបានគ្រប់ៗគ្នា ក្រោយកម្ពុជារកឃើញជំងឺកូវីដអូមីក្រុងប្រភេទថ្មី ដែលបានកើតមានឡើងនារយៈពេលប៉ុន្មានថ្ងៃមកនេះ។
សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា «រយៈពេលប៉ុន្មានថ្ងៃមកនេះ ជំងឺកូវីដ១៩ អូមីក្រុងប្រភេទថ្មី ចាប់ផ្តើមមាននៅក្នុងប្រទេសរបស់យើង ទោះបីមានចំនួនមិនច្រើនក៏ដោយ ប៉ុន្តែការពិនិត្យដោយតេស្តរហ័សក៏មាន ចំនួនកើនឡើង ដែលចំនួននេះបានចេញពីរាជធានីភ្នំពេញ ទៅកាន់ខេត្តមួយចំនួនរួចស្រេចទៅហើយតាមរយៈរកឃើញដោយម៉ាស៊ីន PCR នៅរាជធានីភ្នំពេញ និងនៅតាមខេត្ត... សូមបងប្អូនប្រជាពលរដ្ឋវិលត្រឡប់ទៅ រកការអនុវត្តឲ្យបានខ្ជាប់ខ្ជួនវិធានការ «៣កុំ និង៣ការពារ» នោះខិតខំការពាក់ម៉ាស់ ប្រើអាកុលលាងដៃ និងខិតខំរក្សាគម្លាត ហើយក៏ខិតខំចៀសវាងទៅរកទីកន្លែងប្រមូលផ្តុំ ការបិទជិត និងការប៉ះពាល់គ្នា នៅក្នុងរយៈពេល នៃការឆ្លងរីករាលដាលដែលកាន់តែធំទៅៗ»។
ជាមួយនឹងការរីករាលដាលជំងឺអូមីក្រុងប្រភេទថ្មីនេះ សម្តេចតេជោ ហ៊ុន សែន បានអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ ត្រូវទទួលយកវ៉ាក់សាំងទាំងដូសមូលដ្ឋាន និងដូសជំរុញ ពីព្រោះមានតែជម្រើសមួយនេះទេ ដែលអាចចៀសផុត ពីមហន្តរាយពីបាត់បង់ជីវិតមនុស្ស ដែលរហូតមកដល់ពេលនេះមានរយៈពេលជិត៩០ថ្ងៃហើយ ដែលមិនមានអ្នកស្លាប់ តែបើមិនប្រុងប្រយ័ត្ន និងធ្វេសប្រហែស នោះអាចនឹងមានកើតមានឡើង។
សម្តេចតេជោនាយករដ្ឋមន្រ្តី ក៏បានបញ្ជាក់ជូនថា រាជរដ្ឋាភិបាល មិនមានការចាំបាច់បិទទីក្រុង បិទទីប្រជុំជុន បិទសាលារៀន បិទការលក់ដូរ ប៉ុន្តែរាជរដ្ឋាភិបាលមានការចាំបាច់ ដើម្បីអំពាវនាវឲ្យបងប្អូនជនរួមជាតិ បង្កើនការពារផ្ទាល់ខ្លួនតាមរយៈការវិលត្រឡប់ទៅរកកិច្ចការពារយ៉ាងខ្ជាប់ខ្ជួននោះគឺវិធានការ «៣ការពារ និង៣កុំ»។
សម្តេចតេជោនាយករដ្ឋមន្រ្តី បានបញ្ជាក់ទៀតថា ប្រភេទអូមីក្រុងបំប្លែងថ្មី ដែលកំពុងកើតមានឡើង គឺឆ្លងលឿន ឆ្លងរហ័ស ឆ្លងគ្មានរើសមុខ ដូច្នេះទាមទារឲ្យមានការប្រុងប្រយ័ត្ន គ្រប់ទីកន្លែងទាំងអស់ ជាពិសេសនៅតាមសាលារៀន សិស្សានុសិស្ស រោងចក្រ សហគ្រាស ទីផ្សារ និងទីប្រជុំជននានា។
សម្តេចតេជោ ហ៊ុន សែន បានថ្លែងទៀតថា សម្រាប់អ្នកជំងឺមួយចំនួនមានសភាពមិនធ្ងន់ធ្ងរ នោះក៏ដោយសារតែបានចាក់វ៉ាក់សាំង ហើយបើមិនបានចាក់វ៉ាក់សាំងនោះទេច្បាស់ជាកើតឡើងចំពោះជីវិតជាក់ជាមិនខាន ដូច្នេះសូមប្រជាពលរដ្ឋទទួលយកវ៉ាក់សាំងឲ្យបានគ្រប់ៗគ្នា។
សម្តេចតេជោ ហ៊ុន សែន បានចាត់ទុកថា ភាពជោគជ័យករបស់យើងកន្លងទៅ លើការទប់ស្កាត់ជំងឺកូវីដ១៩ គឺតាមរយៈប្រជាពលរដ្ឋដែលបានអនុវត្តវិធានការសុខាភិបាល «៣ការពារ និង៣កុំ» និងការទទួលយកវ៉ាក់សាំង ប៉ុន្តែពេលនេះចំនួនទទួលយកវ៉ាក់សាំងដូសទី៣ នៅមានចំនួនតិច បើប្រៀបធៀបទៅប្រជាពលរដ្ឋនៅប្រមាណ ៤លាននាក់ទៀត ដែលត្រូវទទួលវ៉ាក់សាំងដូសទី៣ ដូច្នេះសម្តេចសូមអង្វរប្រជាពលរដ្ឋយកចិត្តទុកដាក់ សុខភាពផ្ទាល់ខ្លួន សម្រាប់ក្រុមគ្រួសារ និងសង្គមជាតិរបស់យើង។
ជាចុងក្រោយ សម្តេចតេជោ ហ៊ុន សែន បានអំពាវនាវដល់ក្រសួងសុខាភិបាល អាជ្ញាធរគ្រប់លំដាប់ថ្នាក់ និងអាជ្ញាធរមូលដ្ឋានភូមិឃុំ ត្រូវធ្វើការជំរុញប្រជាពលរដ្ឋមកទទួលយកវ៉ាក់សាំង ដើម្បីការពារសហគមន៍របស់យើង៕
សូមស្តាប់ប្រសាសន៍សម្តេចតេជោ ហ៊ុន សែន៖ https://t.me/freshnewsasia/98895