(ភ្នំពេញ)៖ កិត្តិបរិរក្សបណ្ឌិត គាត ឈន់ ប្រធានកិត្តិយសឧត្តមក្រុមប្រឹក្សាសេដ្ឋកិច្ចជាតិ នៅថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២២នេះ បានផ្ញើសាររំលែកទុក្ខ ចំពោះមរណភាពឯកឧត្តម អ៉ឹង គៀត ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ។

ក្នុងលិខិតរបស់កិត្តិបរិរក្សបណ្ឌិត គាត ឈន់ ផ្ញើជូនលោកជំទាវ រស់ ព្រីប៊ុន ភរិយាឯកឧត្តម អ៉ឹង គៀត បានខ្លឹមសារថា «ខ្ញុំ និង ភរិយា រួមជាមួយកូនស្រី ឈន់ កូឡាបបុប្ផា ព្រមទាំងមន្ត្រីរាជការក្រោមឱវាទ មានក្តីរំជួលចិត្តឥតឧបមា ដោយបានទទួលដំណឹងដ៏ក្រៀមក្រំថា ឯកឧត្តម អ៉ឹង គៀត ដែលត្រូវជាស្វាមី និងជាឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ បានទទួលមរណភាព វេលាម៉ោង ១១៖៥០នាទី ថ្ងៃពុធ ១៥កើត ខែអាសាឍ ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ ត្រូវនឹងថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២២ ក្នុងជន្មាយុ ៩៨ឆ្នាំ ដោយជរាពាធ។

មរណភាពរបស់ឯកឧត្តម អ៉ឹង គៀត គឺជាការបាត់បង់ស្វាមី ឪពុក ឪពុកក្មេក ជីតា ជីតាទួតជាទីគោរពស្រឡាញ់ ប្រកបដោយព្រហ្មវិហារធម៌ និងសង្គហធម៌ចំពោះភរិយា កូនៗ ចៅៗ ព្រមទាំងញាតិមិត្តជិតឆ្ងាយទាំងអស់។

ខ្ញុំ និងភរិយា សូមឧទ្ទិសបួងសួងដល់ដួងវិញ្ញាណក្ខន្ធឯកឧត្តម កំណើតកើតក្នុងសុគតិភពគ្រប់ៗជាតិ កុំបីឃ្លៀងឃ្លាតឡើយ»