(ភ្នំពេញ)៖ របបប្រាក់សោធនសម្រាប់កម្មករនិយោជិតនៃវិស័យឯកជន គឺបានកំណត់យ៉ាងច្បាស់ក្នុងអនុសាសន៍ទី៧ ក្នុងចំណោមអនុសាសន៍ទាំង១០ចំណុចរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នាអំឡុងពេលចុះជួបសំណេះសំណាលជាមួយកម្មករនិយោជិតរយៈពេល២ឆ្នាំ កាលពីឆ្នាំ២០១៧ រហូតដល់ឆ្នាំ២០១៩កន្លងទៅ ដែលមានចំនួន៧៧លើក និងមានកម្មករនិយោជិតចំនួន១លាននាក់បានចូលរួម។

ក្នុងន័យនេះ ការអនុវត្តនូវរបបថ្មីនេះជាការទន្ទឹងរង់ចាំរបស់កម្មករនិយោជិត និងនិយោជកនៃបណ្តារោងចក្រ សហគ្រាស គ្រឹះស្ថាន ដែលស្ថិតនៅក្រោមបទប្បញ្ញត្តិនៃច្បាប់ស្តីពីការងារ ហើយក៏ជាការឆ្លើយតបទៅនឹងអ្វីដែលរាជរដ្ឋាភិបាលបានដាក់ចេញនៅក្នុងយុទ្ធសាស្រ្តចតុកោណដំណាក់កាលទី៤ របស់រាជរដ្ឋាភិបាលដែលបានកំណត់ឱ្យអនុវត្តរបបសន្តិសុខសង្គម ក៏ដូចជាយុទ្ធសាស្រ្តអភិវឌ្ឍន៍វិស័យការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ឆ្នាំ២០១៩-២០២៣ ក្នុងការអភិវឌ្ឍរបបសន្តិសុខសង្គមនេះ។

ការថ្លែងបែបនេះរបស់លោក អ៉ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងជាប្រធានក្រុមប្រឹក្សាភិបាលនៃបេឡាជាតិសន្តិសុខសង្គម ក្នុងពិធីផ្សព្វផ្សាយការដាក់ឱ្យអនុវត្តរបបសន្តិសុខសង្គមផ្នែកប្រាក់សោធនសម្រាប់បុគ្គលទាំងឡាយដែលស្ថិតនៅក្រោមបទប្បញ្ញត្តិនៃច្បាប់ស្តីពីការងារ នារសៀលថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២២ នៅសណ្ឋាគារហ៊ីម៉ាវ៉ារី ទៅដល់ថ្នាក់ដឹកនាំសហជីព និងក៏ជាកិច្ចប្រជុំលើកទី២ នៃយុទ្ធនាការ៩០ថ្ងៃ ដើម្បីធ្វើការផ្សព្វផ្សាយពីគោលនយោបាយរបស់រាជរដ្ឋាភិបាល ក៏ដូចជាអត្ថប្រយោជន៍ និងកាតព្វកិច្ចដែលកម្មករនិយោជិត និងនិយោជកត្រូវមានកាតព្វកិច្ច និងទទួលបានពីការអនុវត្តរបបសន្តិសុខសង្គមផ្នែកប្រាក់សោធននេះ។

លោក អ៉ិត សំហេង គូសបញ្ជាក់ថា នេះជាដំណាក់កាលដ៏សំខាន់ណាស់ ដែលវិស័យការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ ក៏ដូចជាវិស័យរបបសន្តិសុខសង្គមនៅកម្ពុជា បានដើរមកដល់ដំណាក់កាលដ៏សំខាន់នេះ បន្ទាប់ពីការខិតខំប្រឹងប្រែងអស់រយៈពេលច្រើនឆ្នាំកន្លងមក ដើម្បីរៀបចំប្រព័ន្ធសន្តិសុខសង្គមសម្រាប់ប្រជាជាតិ។ តាមរយៈការអនុវត្តនូវរបបសន្តិសុខសង្គមនេះគេបានសង្កេតឃើញនូវទស្សនទាន រួមមាន៖ ការចែករំលែក និងគោលការណ៍សាមគ្គីធម៌ក្នុងសង្គម ដែលទស្សនទាន២នេះ បាននាំមកនូវកិច្ចធានាបាននូវសន្តិសុខប្រាក់ចំណូល ពោលគឺមានន័យថា គ្មានសមាជិកសង្គមណាម្នាក់ធ្លាក់ទៅក្នុងហានិភ័យដោយមិនអាចងើបរួចបាននោះទេ និងមានន័យម្យ៉ាងទៀតថា ជាការរួមចំណែកសម្រាលបន្ទុកសង្គមផងដែរ។ ម្យ៉ាងវិញទៀត ការអនុវត្តរបបសន្តិសុខសង្គម ក៏រួមចំណែកយ៉ាងសំខាន់ដល់គោលនយោបាយកាត់បន្ថយភាពក្រីក្ររបស់ប្រមុខរាជរដ្ឋាភិបាលតាមរយៈការកាត់បន្ថយនូវគម្លាតប្រាក់ចំណូលរវាងអ្នកមាន និងអ្នកក្រ ដើម្បីធានាឲ្យមានស្ថិរភាព និងភាពសុខដុមរមនានៅក្នុងសង្គម។

គួរជម្រាបជូនដែរថា រាជរដ្ឋាភិបាលកម្ពុជាបានដាក់ចេញនូវច្បាប់ស្តីពីរបបសន្តិសុខសង្គម ដែលនៅក្នុងច្បាប់នេះបានកំណត់ការគ្រប់គ្រងរបបសន្តិសុខសង្គមកម្ពុជា រួមមាន៖ ផ្នែកហានិភ័យការងារ ផ្នែកថែទាំសុខភាព ផ្នែកប្រាក់សោធន និងផ្នែកនិកម្មភាពការងារ ហើយមកដល់ពេលនេះកម្ពុជាបានអនុវត្តរបបសន្តិសុខសង្គមចំនួន៣ រួមមាន៖ ទី១.ផ្នែកហានិភ័យការងារអនុវត្តនៅឆ្នាំ២០០៨, ទី២.ផ្នែកថែទាំសុខភាពអនុវត្តនៅឆ្នាំ២០១៦, និងទី៣.ផ្នែកប្រាក់សោធន ដាក់ឱ្យអនុវត្តចាប់ពីថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២២នេះ ហើយការដាក់ឱ្យអនុវត្តរបបសន្តិសុខសង្គមផ្នែកប្រាក់សោធន សម្រាប់បុគ្គលទាំងឡាយដែលស្ថិតនៅក្រោមបទប្បញ្ញត្តិនៃច្បាប់ស្តីពីការងារ ជាចំណែកមួយក្នុងការអភិវឌ្ឍប្រព័ន្ធគាំពារសង្គមមួយដ៏រឹងមាំ ប្រកបដោយចីរភាព និងបរិយាបន្ន ដើម្បីជាប្រយោជន៍សម្រាប់ប្រជាជនគ្រប់ក្រុមគោលដៅ និងជាពិសេសបង្ការហានិភ័យខ្ពស់នៃការធ្លាក់ចូលក្នុងភាពក្រីក្រនៅពេលចូលដល់វ័យចាស់ជរា៕