(ភ្នំពេញ)៖ ព្រះអង្គម្ចាស់ នរោត្តម ចក្រាវុធ ព្រះប្រធានគណបក្សហ៊្វុនស៊ិនប៉ិច ព្រមទាំងថ្នាក់ដឹកនាំ និងសមាជិក-សមាជិកានៃគណបក្សហ៊្វុនស៊ិនប៉ិច មានហប្ញទ័យក្រៀមក្រំ និងសោកស្តាយយ៉ាងក្រៃលែងចំពោះ ឯកឧត្តម អ៉ឹង គៀត ដែលបានទទួលមរណភាព នៅថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២២ ក្នុងជន្មាយុ៩៨ឆ្នាំ ដោយជរាពាធ។
តាមរយៈព្រះសាររំលែកទុក្ខ ព្រះអង្គម្ចាស់ នរោត្តម ចក្រាវុធ ទ្រង់មានបន្ទួលថា៖ «ខ្ញុំ សូមចូលរួមរំលែកទុក្ខព្រួយដ៏ធ្ងន់ធ្ងរនេះ ដែលមិនអាចសម្ដែងបានដោយវាចាជាមួយលោកជំទាវ បុត បុត្រី ចៅប្រុស ចៅស្រី និងក្រុមគ្រួសារទាំងអស់នៃសព ដែលបានបាត់បង់ស្វាមី បងប្អូន លោកឪពុក ជីតា គឺឯកឧត្តម អ៉ឹង គៀត ជាឥស្សរជនខ្មែរស្នេហាជាតិមួយរូប ដែលបានធ្វើពលិកម្មដ៏ខ្ពង់ខ្ពស់ក្នុងការបម្រើប្រទេសជាតិ មាតុភូមិកម្ពុជា និងប្រជារាស្ត្រអស់រយៈពេលជាច្រើនទសវត្សកន្លងមក ជាពិសេសដង្ហែតាមព្រះរាជតម្រិះដ៏ខ្ពង់ខ្ពស់ ក្នុងការបង្រួបបង្រួមជាតិឡើងវិញ ក្រោមព្រះរាជពលិកម្មដ៏ធំធេង និងព្រះរាជគតិបណ្ឌិតដ៏ភ្លឺស្វាងនៃព្រះករុណាព្រះមហាវីរក្សត ព្រះវររាជបិតាឯករាជ្យ បូរណភាពទឹកដី និងឯកភាពជាតិខ្មែរ ព្រះបរមរតនកោដ្ឋ ជាទីសក្ការៈដ៏ខ្ពង់ខ្ពស់បំផុតនៃយើង»។
ក្នុងឱកាសដ៏សោកសៅនេះ «ខ្ញុំ សូមសង្រួមកាយចិត្តធ្វើគារវកិច្ចចូលរួមមរណទុក្ខនេះ ក្នុងសមានចិត្តដ៏ក្តុកក្ដួល និងសោកសង្រេងជាទីបំផុត ហើយសូមបួងសួងដល់គុណបុណ្យព្រះរតនត្រៃយ៍ និងសូមឧទ្ទិសដល់ដួងវិញ្ញាណក្ខន្ធ ឯកឧត្តម អ៉ឹង គៀត សូមបានទៅសោយសុខក្នុងសុគតិភព កុំបីឃ្លៀងឃ្លាតឡើយ។ សូមលោកជំទាវ និងក្រុមគ្រួសារទាំងអស់ មេត្តាទទួលនូវមនោសញ្ចេតនារំលែកទុក្ខដ៏ក្រៀមក្រំអំពីខ្ញុំ»៕