(ស្វាយរៀង)៖ តំណាងលោកនាយឧត្តមសេនីយ៍ ម៉ឹង សំផន រដ្ឋលេខាធិការក្រសួងការពារជាតិ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកចន្ទ្រា មានលោក យិត ស៊ុតណារ៉ា និងលោក រ័ត្ន មុន្នី អនុប្រធានក្រុមការងារចុះមូលដ្ឋានស្រុកចន្ទ្រា នាថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២២នេះ បាននាំយកទៀនព្រះវស្សា ទេយ្យទាន និងបច្ច័យវេរប្រគេនដល់ព្រះសង្ឃគង់ចាំព្រះវស្សាចំនួន៥វត្ត រួមមាន វត្តបទុមរង្សី វត្តស្វាយថ្លឹង វត្តអង្គរំដេញ ក្នុងឃុំសំរោង ស្រុកចន្ទ្រា វត្តព្រៃអង្គ ស្រុកស្វាយទាប និងវត្តបុព្វារាម ក្រុងបាវិត ដែលធ្វើឡើងនៅវត្តបទុមរង្សី។
លោក រ័ត្ន មុន្នី បានថ្លែងនូវការសាកសួរសុខទុក្ខពីសំណាក់លោកនាយឧត្តមសេនីយ៍ ម៉ឹង សំផន ដែលលោកមានការនឹករឭកដល់បងប្អូនប្រជាពលរដ្ឋនៅស្រុកចន្ទ្រា តែដោយសារលោកមានធុរៈចាំបាច់ ទើបចាត់ឲ្យលោកនិងលោក យិត ស៊ុតណារ៉ា មកប្រគេនទៀនវស្សា ទេយ្យវត្ថុ និងបច្ច័យជំនួស។
លោក រ័ត្ន មុន្នី បានបន្តថា ព្រះពុទ្ធសាសនា គឺជាសាសនារបស់រដ្ឋ ដែលយើងទាំងអស់គ្នាមានជំនឿ និងគោរពប្រតិបត្តិតាម ព្រោះថាព្រះពុទ្ធសាសនាបានផ្តល់ការអប់រំផ្លូវចិត្តឲ្យប្រព្រឹត្តនូវអំពើល្អ និងចេះជួយយយកអាសាគ្នា សាមគ្គីភាពគ្នា រស់នៅក្នុងសង្គមមួយដោយសុខដុមរមនា។
លោកបានបន្តថា នៅជារៀងរាល់ឆ្នាំ មិនថាពុទ្ធបរិស័ទ ឬសប្បុរសជននោះឡើយ សូម្បីតែអាជ្ញាធរខេត្ត និងក្រុមការងារថ្នាក់ជាតិ ក្រុមការងារគណបក្សប្រជាជនកម្ពុជា តែងតែបាននាំយកនូវទៀនព្រះវស្សាមកវេរប្រគេនដល់ព្រះសង្ឃដែលគង់ចាំព្រះវស្សានៅតាមទីវត្តអារាមនានាទូទាំងប្រទេស ដែលជាការបង្ហាញនូវការយកចិត្តទុកដាក់គាំទ្រផ្នែកវិស័យពុទ្ធសាសនា។
លោកបន្ថែមថា តាមទំនៀមទម្លាប់ប្រពៃណីព្រះពុទ្ធសាសនា ពិធីបុណ្យចូលព្រះវស្សានេះមានរយៈពេល៣ខែ ដោយចាប់ផ្ដើមពីថ្ងៃ១រោច ខែអាសាឍ ហើយបញ្ចប់ទៅវិញនៅថ្ងៃ១៥កើត ខែអស្សុជ តាមព្រះវិន័យព្រះពុទ្ធសាសនា ដែលបានកំណត់ថា ព្រះសង្ឃមិនអាចនិមន្តចេញទៅបិណ្ឌបាតនៅខាងក្រៅឆ្ងាយៗវត្តបានឡើយ ដោយគង់នៅចាំព្រះវស្សាក្នុងទីវត្តអារាម រហូតពេញអស់មួយត្រីមាសតែម្ដង។ ដូច្នេះហើយទើបជារៀងរាល់ឆ្នាំ ប្រជាពលរដ្ឋ ពុទ្ធបរិស័ទ ក៏ដូចជាថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់តែងតែនាំគ្នាយកទៀនវស្សា និងទេយ្យវត្ថុវេរប្រគេនព្រះសង្ឃមុនថ្ងៃចូលព្រះវស្សា។
សូមបញ្ជាក់ថា ទេយ្យទានដែលបានប្រគេនក្នុងមួយវត្តៗ រួមមាន ទៀន១គូ អង្ករ២០០គីឡូក្រាម ទឹកផ្លែឈើ៥កេស មី៥កេស ទឹកត្រី៥យួរ ទឹកស៊ីអ៊ីវ៥យួរ ត្រីខ១កេសធំ ទឹកសុទ្ធវីតាល់៥កេស ទឹកដោះគោ១កេសធំ ប្រេងម៉ាស៊ូត៣០លីត្រ តែ៤គីឡូក្រាម ស្ករស៤គីឡូក្រាម ថវិកាប្រគេនព្រះសង្ឃ២៨អង្គ ក្នុងមួយអង្គ៥០,០០០រៀល ជាថវិកាលោក ម៉ឹង សំផន និងក្រុមការងារ។ ជាមួយគ្នានេះ លោក យិត ស៊ុនណារ៉ា បានឧបត្ថម្ភដល់ប្រជាពលរដ្ឋ១៣៩នាក់ ក្នុងមួយនាក់ៗ១០,០០០រៀល កងកម្លាំងទាំង៣០នាក់ក្នុងមួយនាក់ៗ១០,០០០រៀលផងដែរ៕