(ប៉េកាំង)៖ ឯកឧត្តម សុខ ស៊ីឡូ អគ្គលេខាធិការក្រុមប្រឹក្សាស្តារអភិវឌ្ឍន៍វិស័យកសិកម្ម និងជនបទប្រាប់វិទ្យុមិត្តភាពកម្ពុជា-ចិនថា សុវត្ថិភាពអាហារនៅកម្ពុជា នាពេលបច្ចុប្បន្ននេះ មានលក្ខណៈល្អប្រសើរ ប៉ុន្តែក៏នៅតែមានព័ត៌មានទាក់ទងនឹង ករណីពុលចណីអាហារដែរ ជាហេតុទាមទារឲ្យភាគីពាក់ព័ន្ធទាំងអស់ ត្រូវបន្តខិតខំប្រឹងប្រែងរួមគ្នាបន្តទៀត។ ឯកឧត្តម សុខ ស៊ីឡូ បានលើកឡើងបែបនេះ ក្នុងឱកាសរៀបចំទិវាសុវត្ថិភាពស្បៀងអាហារពិភពលោកក្រោមប្រធានបទ «អាហារកាន់តែមានសុវត្ថិភាព សុខភាពកាន់តែល្អប្រសើរ» នាពេលថ្មីៗនេះ។
ឯកឧត្តមបានប្រាប់ទៀតថា កម្មវិធីនេះមានការចូលរួមពីតំណាងគ្រប់ក្រសួងស្ថាប័នពាក់ព័ន្ធ កសិករ អ្នកផលិត យុវជនជានិស្សិត ក្នុងគោលបំណងសំខាន់ដើម្បីពិភាក្សាស្វែងយល់អំពីថាតើ ត្រូវរៀបចំ ធ្វើយ៉ាងណាឲ្យផលិតផលកាន់តែមានល្អប្រសើរ សុវត្ថិភាព បំរើសេចក្តីត្រូវការរបស់អ្នកប្រើប្រាស់ និងស្តាប់នូវគោលនយោបាយដែលតំណាងក្រសួងស្ថាប័ន ធ្វើបទបង្ហាញ ទាក់ទងផលិតកកម្មស្បៀងអាហារ ការកែច្នៃអាហារ ការត្រួតពិនិត្យអាហារ ការប្រកួតប្រជែងនិងកិច្ចការបបង្ក្រាបការក្លែងបន្លំ លើទំនិញនៅលើទីផ្សារ ការត្រួតពិនិត្យអាហារនាំចូលតាមព្រំដែននានា ដើម្បីលើកកម្ពស់សុវត្ថិភាពអាហារ ជាពិសេស កម្ពុជាទើបដាក់ឲ្យប្រើប្រាស់ ច្បាប់ស្តីពីម្ហូបអាហារ ដូច្នេះ ការជួបជុំគ្នានេះគឺជាការចូលរួមអនុវត្តច្បាប់នេះឲ្យកាន់តែល្អប្រសើរ។
ក្នុងពេលនោះដែរ ឯកឧត្តម សុខ ស៊ីឡូ បានគូសបញ្ជាក់ដែរថា សុវត្ថិភាពស្បៀងអាហារគឺជាសសរស្តម្ភគ្រឹះមួយ សម្រាប់ការអភិវឌ្ឍប្រកបដោយចីរភាព ហើយប្រព័ន្ធត្រួតពិនិត្យស្បៀងអាហាររបស់ជាតិ និងសុវត្ថិភាពស្បៀងអាហារ គឺជាកត្តាសំខាន់សម្រាប់សុខភាពសាធារណៈ និងជាកត្តាទាក់ទាញអ្នកទេសចរណ៌ ធុរកិច្ច និងវិនិយោគ។ ស្បៀងអាហារដែលមានសុវត្ថិភាព មានសារៈសំខាន់ខ្លាំងណាស់ចំពោះសុខភាព និងសុខុមាលភាពរបស់មនុស្សយើង។ ស្បៀងអាហារគ្មានសុវត្ថិភាពបង្កការគំរាមកំហែងដល់សុខភាពជាសាកល និងគំរាមកំហែងដល់ស្ថានភាពសន្តិសុខស្បៀង និងអាហារូបត្ថម្ភរបស់មនុស្សគ្រប់រូប។
និស្សិតសិក្សានៅសកលវិទ្យាល័យភូមិន្ទចំការដូង កញ្ញា ហាក់ លក្ខណា បានប្រាប់វិទ្យុមិត្តភាពកម្ពុជា-ចិនដែរថា ផ្អែកតាមការសិក្សា អាហារមានសុវត្ថិភាពគឺផ្តល់ប្រយោជន៍ដល់សុខភាពមនុស្ស ផ្ទុយមកវិញ បើមនុស្សទទួលទានអាហារមានសារធាតុគីមី នឹងប៉ះពាល់ធ្ងន់ធ្ងរដល់សុខភាព ដូចជា មានបញ្ហារាគ និងអាចនាំឲ្យកើតជំងឺមហារីក។ កញ្ញាថា ត្រូវពិនិត្យលើលក្ខណៈបីយ៉ាង រួមមាន៖ លក្ខណៈរូប, លក្ខណៈគីមី និងលក្ខណៈជីវសាស្ត្រ។
កញ្ញា ហាក់ លក្ខណា បន្តថា «ចំពោះលក្ខណៈរូប៖ យើងត្រូវមើលលើអាហារហ្នឹង ថាតើវាមានកំទេចកំទី អំបែងកែវ ឬខូចរូបរាង្គអ្វីឬអត់ ហើយចំពោះលក្ខណៈគីមីវិញ គឺយើងត្រូវដឹងថាតើអាហារហ្នឹងមានប្រភពមកពីណា ហើយមានសារធាតុគីមីអ្វីខ្លះ។ ចំពោះលក្ខណៈជីវសាស្ត្រវិញ យើងត្រូវមើលថាតើវាស្អុយរលួយឬអត់...កាលណាបើយើងមើលកត្តាទាំងបីនេះអស់ហើយ ពេលយើងបរិភោគអាហារហ្នឹងទៅ គឺធ្វើឲ្យយើងមានសុវត្ថិភាព»។
យ៉ាងណាក៏ដោយ កញ្ញា បានសំណូមពរដល់អ្នកផលិតអាហារទាំងអស់ កាត់បន្ថយការប្រើប្រាស់សារធាតុគីមីមានគ្រោះថ្នាក់ ប៉ុន្តែបើប្រើ សូមប្រើក្នុងបរិមាណមួយដែល គេអនុញ្ញាតឲ្យប្រើ។
ជាមួយគ្នានេះដែរ លោក ឈាវ ហុង តំណាងសហគមកសិកម្មសំរោងមានជ័យ នៃខេត្តសៀមរាប ដែលបានចូលរួមក្នុងឱកាសនោះដែរ បានប្រាប់វិទ្យុមិត្តភាពកម្ពុជា-ចិនដែរថា គោលបំណងសំខាន់ដែលលោកចូលរួម គឺដើម្បីដាក់តាំងបង្ហាញបន្លែសុវត្ថិភាពមានក្នុងសហគមរបស់លោក មានដូចជា បន្លែហូបផ្លែ និងបន្លែហូបស្លឹក។ លោកក៏សង្ឃឹមថា អ្នកបរិភោគជួយបន្តគាំទ្របន្លែសុវត្ថិភាព ដើម្បីទទួលបានសុខភាពល្អ ព្រោះបន្លែក្នុងសហគមមិនប្រើប្រាស់ថ្នាំគីមី ធ្វើឲ្យប៉ះពាល់ដល់សុខភាព។
កញ្ញាលើកឡើងថា «មានប៉េងប៉ោះឈឺរី សណ្តែកកួរ ម្រះ សសក់ទ្រឿង ខាត់ណាដើម ស្ពៃក្រញាញ់ សាឡាត់ និងស្ពៃអាចយ ដែលសុទ្ធតែបន្លែដែលសហគមផលិតបាន»។
កញ្ញា នន់ ស្រ៊ីតា តំណាងឲ្យសហគមកសិកម្មតាសីសាមគ្គី ក្នុងខេត្តបាត់ដំបង ដែលបាននាំយកបន្លែសុវត្ថិភាពមកតាំងបង្ហាញផងដែរនោះ បានប្រាប់វិទ្យុមិត្តភាពកម្ពុជា-ចិនដែរថា សហគមរបស់កញ្ញាមានបន្លែសុវត្ថិភាព មិនប្រើប្រាស់សារធាតុគីមីនោះទេ ហើយមានការចែកចាយនៅរាជធានីភ្នំពេញទៀតផង។
កញ្ញា នន់ ស្រ៊ីតា បាននិយាយថា «មានផ្កាស្ពៃ មានស្ពៃក្តោប ឆៃថាវ ម្ទេស ននោង និងត្រសក់ ...ក្តីរំពឹងរបស់យើង គឺបន្លែរបស់យើងនឹងរីកសុសសាយ ដល់អ្នកបរិភោគ ឬអ្នកប្រើប្រាស់បន្លែ ឲ្យបានយល់ថា បន្លែរបស់យើងដាំក្នុងផ្ទះសំណាញ់ គ្មានជាតិគីមី ថែរក្សាសុខភាពរបស់ពូកគាត់ ហើយសង្ឃឹមថា ប្រជាជនយើងឈប់ញុំាបន្លែមានជាតិគីមី ដើម្បីសុខភាពល្អទាំងអស់គ្នា»។
រាជរដ្ឋាភិបាលកម្ពុជា បានដាក់ចេញនូវចក្ខុវិស័យស្តីពីប្រព័ន្ធស្បៀងអាហារ ប្រកបដោយចីរភាពនៅកម្ពុជា ត្រឹមឆ្នាំ២០៣០ ប្រជាពលរដ្ឋកម្ពុជានឹងទទួលបាន របបអាហារសុខភាព និងអាហារប្រកបដោយសុវត្ថិភាព ដោយមានការយកចិត្តទុកដាក់ ជាចម្បងលើស្ត្រីនិងកុមារ ដើម្បីបំបែកវដ្តអន្តរជំនាន់ នៃបញ្ហាអាហារូបត្ថម្ភនិងឆ្លើយតបទៅនឹង ដំណើរការប្រែប្រួលអាហារូបត្ថម្ភ។
រាជរដ្ឋាភិបាលកម្ពុជា បានទទួលស្គាល់ថាសន្តិសុខស្បៀងនិងអាហារូបត្ថម្ភ គឺជាសិទ្ធិមូលដ្ឋានរបស់បុគ្គលម្នាក់ៗ នៅក្នុងសង្គមកម្ពុជា ដូចមានចែងនៅក្នុងសេចក្តីថ្លែងការណ៍ជាសកល ស្តីពីសិទ្ធិមនុស្សនិងសន្ធិសញ្ញាអន្តរជាតិស្តីពីសេដ្ឋកិច្ច សង្គម និង វប្បធម៌ ដែលកម្ពុជា បានផ្តល់សច្ចាប័ន។ រាជរដ្ឋាភិបាលកម្ពុជាបានផ្តល់អាទិភាពខ្ពស់ និងចាត់ទុក សុវត្ថិភាពស្បៀងអាហារ សន្តិសុខស្បៀង និងអាហារូបត្ថម្ភ ជាបញ្ហាអន្តរវិស័យមួយដ៏មានសារៈសំខាន់ ក្នុងការចូលរួមចំណែកដល់ការអភិវឌ្ឍធនធានមនុស្ស សេដ្ឋកិច្ច និងភាពចម្រុងចម្រើននៃសង្គមជាតិ នេះបើតាមការគូសបញ្ជាក់របស់ ឯកឧត្តម សុខ ស៊ីឡូ អគ្គលេខាធិការក្រុមប្រឹក្សា ស្តារអភិវឌ្ឍន៍វិស័យកសិកម្មនិងជនបទ ក្នុងថ្ងៃរៀបចំទិវាសុវត្ថិភាពស្បៀងអាហារពិភពលោក នាពេលនោះ៕
(អត្ថបទវិទ្យុមិត្តភាពកម្ពុជាចិន)